រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក ឆុលណាន់ ស្រ៊ីកែវ (Cholnan Srikaew) បានលើកឡើងថា រដ្ឋាភិបាលថៃ ចាត់ទុកឧស្សាហកម្មវេជ្ជសាស្ត្រជាផ្នែកមួយដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ និងជំរុញប្រទេសនេះ ឆ្ពោះទៅរកការក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់ពិភពលោក។
លោកគូសបញ្ជាក់ថា ក្រសួងសុខាភិបាលថៃ មិនត្រឹមតែយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាជនថៃ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញសេដ្ឋកិច្ចប្រទេសថៃ ផងដែរ តាមរយៈការផ្សព្វផ្សាយលើកកម្ពស់ប្រទេសថៃ ជាមណ្ឌលថែទាំវេជ្ជសាស្ត្រក្នុងតំបន់។ លោកបានបន្ថែមថា ប្រទេសថៃមានមហិច្ឆតាក្លាយជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រអន្តរជាតិ លំដាប់ពិភពលោកនៅត្រឹមឆ្នាំ២០២៦។
បច្ចុប្បន្ន ប្រទេសថៃ កំពុងត្រៀមលក្ខណៈ និងប្រើភាពខ្លាំងប្រកបដោយសក្តានុពលនៃប្រព័ន្ធសេវាសុខភាពរបស់ខ្លួន រួមជាមួយភាពខ្លាំងទាំង៧ចំណុចរបស់ខ្លួន រួមមានតំបន់ទេសចរណ៍ល្បីៗសម្បូរបែប គ្រឿងបរិក្ខារពេទ្យលំដាប់ពិភពលោក វេជ្ជបណ្ឌិត និងបុគ្គលិកមានជំនាញច្បាស់លាស់ តម្លៃសមរម្យ បដិសណ្ឋារកិច្ច ជម្រើសឱសថបុរាណរបស់ថៃ និងឱសថរបស់ប្រទេសផ្សេងៗទៀតផងដែរ។
ទាំងអស់នេះនឹងក្លាយជាមេដែកទាក់ទាញមនុស្សមកពីជុំវិញពិភពលោកមកកាន់ប្រទេសថៃ ដើម្បីទទួលសេវាថែទាំសុខភាព និងការព្យាបាលជំងឺ។ ប្រធានបទដ៏សំខាន់នៃពិព័រណ៍ឆ្នាំ២០២៥ នៅប្រទេសជប៉ុន នេះគឺ "ការរៀបចំសង្គមនាពេលអនាគតសម្រាប់ជីវិតរបស់យើង" ដោយលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវ្តន៍ថ្មីក្នុងវិស័យសុខាភិបាលក្នុងគោលបំណងធ្វើឱ្យជីវិតរីករាយ ប្រកបដោយសុខភាពល្អ៕
ដោយ: តែម សុខុម