មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃ និងជាប្រធានសមាគមអ្នកនាំចេញអង្ករថៃ បាននិយាយថា ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ និងប្រាក់បាត ដែលកំពុងធ្លាក់ចុះបច្ចុប្បន្ននេះ ត្រូវបានគេរំពឹងថា នឹងជាកត្តាលីករជំរុញការនាំចេញអង្ករនៅឆ្នាំខាងមុខនេះ។ កម្សោយប្រាក់បាត បានធ្វើឱ្យតម្លៃនាំចេញអង្កររបស់ថៃកាន់តែមានភាពប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសជិតខាង ជាក់ស្ដែង ការនាំចេញអង្ករប្រភេទអង្ករបាក់៥%របស់ប្រទេសថៃមានតម្លៃ ៣៩០ ដុល្លារក្នុងមួយតោន ខណៈអង្ករវៀតណាមមានតម្លៃ ៤០៥ ដុល្លារក្នុងមួយតោន។
ទោះយ៉ាងណា ការនាំចេញអង្ករថៃនៅតែប្រឈមនឹងបញ្ហា ដូចជាកង្វះកុងតឺន័រ និងកង្វះកប៉ាល់សម្រាប់ដឹកជញ្ជូនផងដែរ ដែលត្រូវបានគេរំពឹងថា នឹងនៅតែជាកត្តាហានិភ័យសំខាន់ៗ ហើយបញ្ហានេះទំនងជានៅតែបន្តរហូតដល់ឆមាសទីមួយនៃឆ្នាំ ២០២២។
នៅឆ្នាំ ២០២១ នេះ ប្រទេសថៃត្រូវបានប៉ាន់ស្មានថានឹងសម្រេចការនាំចេញអង្ករឱ្យបានពី ៦លាន ទៅ ៦លាន៣សែនតោន ធៀបនឹងឆ្នាំមុនមានត្រឹមតែជាង ៥លាន៧សែនតោន ប៉ុណ្ណោះ។ សូមជម្រាបថា ប្រទេសថៃត្រូវបានគេព្យាករថា នឹងនៅតែជាប្រទេសនាំចេញអង្ករធំជាងគេទី ៣ របស់ពិភពលោក បន្ទាប់ពីប្រទេសឥណ្ឌា និងវៀតណាម។ ជាក់ស្ដែង ផលិតកម្មស្រូវរបស់ប្រទេសថៃជាមធ្យមទទួលបាន ៤៥០ គីឡូក្រាមក្នុងមួយរ៉ៃ (១រ៉ៃ ស្មើទំហំ១ពាន់៦រយម៉ែត្រការ៉េ) ខណៈប្រទេសឥណ្ឌាវិញផលិតបានស្រូវបាន ៨០០គីឡូក្រាមក្នុងមួយរ៉ៃ និងប្រទេសវៀតណាម៩០០ គីឡូក្រាមក្នុងមួយរ៉ៃ។
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មថៃ បាននិយាយថា ដើម្បីធ្វើឱ្យប្រសើរឡើងនូវចំណាត់ថ្នាក់របស់ប្រទេសថៃនៅក្នុងទីផ្សារនាំចេញអង្ករពិភពលោក រដ្ឋាភិបាលពិតជាត្រូវការពន្លឿនការអភិវឌ្ឍពូជស្រូវរបស់ថៃ។ ដោយប្រទេសថៃ ត្រូវអភិវឌ្ឍពូជស្រូវក្រអូបថ្មី និងផ្សព្វផ្សាយពូជស្រូវនេះឱ្យបានខ្លាំង ដើម្បីប្រកួតប្រជែងជាមួយអ្នកផលិតដទៃទៀត។
យ៉ាងណាមិញ នៅក្នុងរដូវប្រមូលផលឆ្នាំ ២០២១-២០២២ ផលិតកម្មស្រូវថៃត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២០ លានតោន កើនឡើងខ្ពស់ជាងកាលពីឆ្នាំ ២០២០-២០២១ ដែលមានតែ ១៧ លានតោនប៉ុណ្ណោះ៕
អត្ថបទ ស៊ើង និមល់