សេដ្ឋកិច្ច​ក្នុងតំបន់

ប្រទេសតំបន់អាស៊ីអាគ្នេយ៍ជា «កូនក្រមុំដ៏ស្រស់សោភា» ក្នុងក្រសែភ្នែកវិនិយោគិនចិន និងអាមេរិក


គិតមកទល់ពេលនេះ ជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិក នៅតែមិនទាន់បានដោះស្រាយនៅឡើយទេ ទោះបីជា កន្លងមកមានការចរចាគ្នាខ្លះៗទៅហើយក្ដី។ សម្ពាធនៃជម្លោះពាណិជ្ជកម្មនេះ បានធ្វើឲ្យវិនិយោគិនធំៗទាំងចិន និងអាមេរិក កំពុងចាត់ទុកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺជាកូនក្រមុំដ៏ស្រស់សោភា ចូលមកចងស្ពានមានមេត្រី បោះទុនវិនិយោគ តាំងមូលដ្ឋានផលិត និងសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គត់។
វៀតណាម កំពុងក្លាយជាមូលដ្ឋានផលិតរបស់ចិន ដើម្បីនាំចេញទៅអាមេរិក (http://tapchitaichinh.vn)

សារព័ត៌មាន CCTV របស់ចិន បាន​ឲ្យដឹងថា វិនិយោគិន​​ធំៗ​​កាន់តែ​ច្រើន​ឡើងៗ បាន​សម្លឹង​​ឃើញ​ប្រទេស​​នៅ​តំបន់​អាស៊ីអាគ្នេយ៍ សម្រាប់​​ធ្វើជាទីតាំង​ផលិត និង​​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ ដោយមាន​ការ​ចំណាយ​ថ្លៃដើម​ទាប និងអាចទាញ​ផល​ចំណេញ​បានកាន់​តែប្រសើរ​ពីការ​វិនិយោគ ខណៈជម្លោះពាណិជ្ជកម្ម​​រវាង​​មហា​អំណាច​ចិន និអាមេរិក នៅតែ​មិនទាន់​បានដោះ​ស្រាយ​​នៅឡើយ។

តាមការ​ស្ទាប​ស្ទង់​​របស់ វេទិកា​រ​ហិរញ្ញ​វត្ថុ​អាស៊ី (Asian Financial Forum) បានឲ្យដឹងថា ប្រទេស​នៅតំបន់​អាស៊ី​អាគ្នេយ៍ កំពុង​​ទទួល​បាន​​ការវិនិយោគ​​ពីក្រៅ​ប្រទេស​​កាន់តែ​ច្រើន​ឡើងៗ ហើយក៏​កំពុង​ក្លាយជា​តំបន់​​ទីតាំងផលិត​​ដ៏ល្អ​បំផុត​​​សម្រាប់​នាំចេញទៅចិន និងអាមេរិក។

ប្រភពព័ត៌មាន​ចិនដដែល​បាន​បញ្ជាក់ទៀតថា មាន​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន បាន​​ផ្លាស់ប្ដូរ​​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ និងការ​ផលិត​​របស់ខ្លួន​​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍ ពិសេស គឺប្រទេស​​ឥណ្ឌូ​នេស៊ី និងវៀត​ណាម ដែល​បាន​​បង្កើត​​នូវឱកាស​​ជាច្រើន​​សម្រាប់​​ប្រជាជន​​នៅក្នុង​តំបន់នោះ។ 

អ្នកសេដ្ឋកិច្ច​​ឥណ្ឌូនេស៊ី​មួយរូប បាននិយាយថា ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍ គឺមាន​​សេដ្ឋកិច្ច​រឹងមាំ​ ដូចដែល​បាន​​ដឹងហើយ នៅឆ្នាំ២០១៩ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បាន​រំពឹង​ លើ​​កំណើន​​សេដ្ឋកិច្ច​​ខ្លាំងក្លា​នៃប្រទេស ៥នៅ​អាស៊ាន​នេះ។

ដោយឡែក នៅប្រទេស​សាំងហ្គាពួរ​វិញ អ្នកជំនាញ​រៀបចំគោល​នយោបាយ និងធុរជន​ជាច្រើន​​ក៏បានជួប​ពិភាក្សាគ្នា​​ជុំវិញ​នឹង​រឿង​ ជម្លោះពាណិជ្ជកម្ម​​រវាង​ចិន និងអាមេរិក​នេះដែរ ដោយពួកគេ​ខ្លះ នៅតែមាន​សុទិដ្ឋិនិយម​ថា ការព្រមព្រៀង​គ្នា​​លើការ​ដោះស្រាយ​​ជម្លោះ​នេះ អាចនឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ដើមខែមីនា​ខាងមុខ។ 

លោក George Yeo អតីត​​រដ្ឋមន្ត្រី​​ក្រសួង​ការបរទេស​​សិង្ហបុរី​​បាននិយាយថា ទំនាក់ទំនង​​រវាង​អាមេរិក និងចិន គឺជាផ្នែក​មួយ​សំខាន់​ណាស់ ​នៃទំនាក់​ទំនង​ទ្វេភាគី​នៅក្នុង​ពិភពលោក ហើយ​សាំង​ហ្គារពួរ ក៏ដូចជា ប្រទេស​​អាស៊ាន​​ផ្សេង​ទៀតដែរ គឺកំពុង​​យកចិត្ដទុក​ដាក់យ៉ាង​ខ្លាំង។

លោកបន្ថែមថា បើវា​ជា​ សន្តិភាព​ត្រជាក់ នោះសេដ្ឋកិច្ច​សកល​​នឹង​ត្រូវ​បាន​​ប៉ះទង្គិច។​ ប៉ះទង្គិច​​ត្រង់ថា​ សេដ្ឋកិច្ច​សកល​​កំពុង​​តែដល់​ពេលវេលា​មួយ​ ដែលនឹង​ត្រូវដាំ​ក្បាលចុះ។ ប៉ុន្ដែ បើវា​​ជាសង្គ្រាម​ត្រជាក់​វិញ នោះប្រទេស​​នៅ​អាស៊ាន​ អាចនឹង​ត្រូវជ្រើស​រើ​ស​យក​ខាង​ណាមួយ ដែល​វា​ជា​ការលំបាក​ណាស់​ក្នុងការ​សម្រេចចិត្ត​នេះ។ 

ជាយុទ្ធសាស្ត្រ​ឈ្នះឈ្នះ លោក Yeo បាន​​បញ្ជាក់ថា ប្រទេស​អាស៊ាន​​មិនត្រូវ​​​ឈរ​ឱបដៃ​មើល​រឿង​ហេតុដែលកើត​ឡើង​នោះទេ ប៉ុន្ដែ​​ត្រូវខំ​ធ្វើឲ្យ​ខ្លាំង ដើម្បី​​ទាញ​ប្រយោជន៍​ពីប្រទេស​មហាអំណាច​ទាំងពីរ​នេះ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឱនភាពពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៨ កើនលើសឆ្នាំ ២០១៧ មួយពាន់លានដុល្លារអាមេរិក

ព័ត៌មាន
ឱនភាពពាណិជ្ជកម្មរបស់កម្ពុជា នៅឆ្នាំ ២០១៨ កន្លងទៅនេះ ត្រូវបានរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា បង្ហាញឲ្យដឹងថា មានជាង ៥.២០០លានដុល្លារអាម…

ស្ថាប័នស្រាវជ្រាវបរទេស ព្យាករគម្រោងផ្លូវធំៗគាំទ្រដោយចិន នឹងជំរុញកំណើនវិស័យសំណង់កម្ពុជា

ព័ត៌មាន
ស្ថាប័នស្រាវជ្រាវបរទេសមួយ ដែលមានឈ្មោះថា Fitch Solutions Macro Research បានព្យាករនៅថ្ងៃចន្ទនេះថា កំណើនទីផ្សារសំណង់របស់កម្ពុជានឹងកើនឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ