ក្រសួងឧស្សាហកម្មថៃ បានអះអាងថា ទីតាំងរ៉ែដ៏ធំចំនួនពីរនៅក្នុងខេត្តផាង ង៉ា ( Phang Nga) ដែលជាខេត្តមួយមានទីតាំងនៅភាគខាងត្បូងប្រទេស អាចទាញសក្តានុពលរ៉ែលីចូមនៅក្នុងបរិមាណរហូតដល់ជិត១៥លានតោន។ លោកស្រី រ៉ាក្លាវ អ៊ីនថាវង្ស ស៊ូវ៉ាន់គីរី ( Radklao Inthawong Suwankiri )អ្នកនាំពាក្យរងរដ្ឋាភិបាលថៃបាននិយាយថា ក្រសួងឧស្សាហកម្មបានបញ្ជាក់ពីសមត្ថភាពនៃទីតាំងរ៉ែនេះនៅតំបន់រងគៀត និងតំបន់បាង អេទូ នៅខេត្តផាងង៉ា។ លោកស្រីបានចាត់ទុកការរកឃើញសារធាតុលីចូមនៅក្នុងបរិមាណដ៏ច្រើននៅក្នុងខេត្ត ផាង ង៉ា នឹងធ្វើឱ្យប្រទេសថៃក្លាយជាប្រទេសដែលមានធនធានលីចូមធំជាងគេទីបីបន្ទាប់ពីប្រទេសបូលីវី និងអាហ្សង់ទីន។
ជាងនេះទៅទៀត លោកស្រីបាននិយាយថា ធនធានសូដ្យូមដ៏ធំមួយក៏ត្រូវបានគេរកឃើញនៅភាគឦសាននៃប្រទេសថៃផងដែរ ខណៈដែលសូដ្យូមក៏អាចត្រូវបានប្រើក្នុងការផលិតអាគុយ សម្រាប់រថយន្តអគ្គីសនីដែលមានតម្លៃថោកផងដែរ។
អ្នកនាំពាក្យរងរូបនេះបានបន្ថែមថា ការរកឃើញធនធានដ៏ធំនៃលីចូម និងសូដ្យូមបានជំរុញការត្រៀមខ្លួនរបស់ប្រទេសថៃក្នុងការសម្រេចបាននូវគោលដៅក្នុងការក្លាយជាមជ្ឈមណ្ឌលផលិតកម្មរថយន្តអគ្គិសនីសម្រាប់អាស៊ីអាគ្នេយ៍។ យ៉ាងណាមិញលោកស្រីជឿជាក់ថា ធនធានរ៉ែលីចូមដ៏ច្រើននេះ វានឹងក្លាយជាចំណុចទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកាន់តែច្រើនឱ្យប្រើប្រាស់ប្រទេសថៃជាមូលដ្ឋានផលិតកម្មរបស់ពួកគេសម្រាប់ការនាំចេញ។
បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំៗរបស់ចិនជាច្រើនបានព្រមព្រៀងគ្នាបង្កើតរោងចក្រ នៅក្នុងប្រទេសថៃ នៅពេលនេះរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី ស្រ៊ីថា ថាវីស៊ីន កំពុងតាមចាប់ក្រុមហ៊ុន Tesla ឱ្យបង្កើតរោងចក្រនៅប្រទេសថៃផងដែរ៕
ដោយៈ សរ សុជាតិ