យ៉ាងណាមិញថ្មីៗនេះ កម្ពុជា ក៏ត្រូវបានលេចឈ្មោះក្នុងបញ្ជីប្រទេសមានសក្តានុពលធនធានរ៉ែកម្រដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ ខណៈរ៉ែកម្រ គឺជាធនធានដែលមានតម្រូវការខ្ពស់នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ សម្រាប់បម្រើឱ្យឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់។ តើកម្ពុជា គួរពង្រឹងខ្លួនបែបណា ដើម្បីទាញផលប្រយោជន៍ពីវិស័យរ៉ែឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព សំដៅបម្រើផលប្រយោជន៍សេដ្ឋកិច្ចជាតិពិតប្រាកដ?
លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានចាត់ទុកសក្តានុពលនៃធនធានរ៉ែដ៏សម្បូរបែបរបស់កម្ពុជា គឺជាកម្លាំងចលករសេដ្ឋកិច្ចដ៏ធំធេង ដើម្បីបង្កើតចំណូលជាតិ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសង្គម និងពង្រឹងសមត្ថភាពវិស័យការពារជាតិរបស់កម្ពុជា។ តែយ៉ាងណាអ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ដោយសារបញ្ហាអភិបាលកិច្ច និងការគ្រប់គ្រងមានភាពធូរលុងបានធ្វើឱ្យការទាញប្រយោជន៍សេដ្ឋកិច្ចជាតិពីវិស័យនេះកន្លងមកហាក់គ្មានតម្លាភាពនៅឡើយ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីទាញប្រយោជន៍សេដ្ឋកិច្ចពីវិស័យនេះឱ្យបានជាអតិបរមាសម្រាប់រយៈពេលវែង កម្ពុជា ចាំបាច់ត្រូវលុបបំបាត់អំពើពុករលួយ និងសកម្មភាពរុករករ៉ែបែបអនាធិបតេយ្យ និងបង្កើនការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងធានាថា ការធ្វើអាជីវកម្មរ៉ែទាំងនោះមិនបំផ្លាញបរិស្ថាន ឬប៉ះពាល់ដល់សុខុមាលភាពសាធារណៈ និងជីវភាពរស់នៅរបស់ពលរដ្ឋនៅមូលដ្ឋាន។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ដែរថា រាល់ការវិនិយោគលើវិស័យរ៉ែ ពិសេសធនធានរ៉ែកម្រក ត្រូវតែមានការចុះបញ្ជីមត្រឹមត្រូវ ខណៈការវិនិយោគលើការកែច្នៃផលិតផលសម្រេចតែម្តង គឺកាន់តែទទួលបានតម្លៃបន្ថែមខ្ពស់សម្រាប់សេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ បានគូសបញ្ជាក់ថា ភាពសម្បូរបែបនៃធនធានរ៉ែរបស់កម្ពុជា គឺជាកាតាលីករដ៏សំខាន់ក្នុងការទាក់ទាញការវិនិយោគពីបរទេស។ ប៉ុន្តែអ្វីដែលជាក្តីព្រួយបារម្ភនោះ គឺការផ្តល់សិទ្ធិវិនិយោគក្នុងវិស័យនេះដោយពឹងផ្អែកលើខ្សែបណ្តាញ និងគ្មានតម្លាភាព ដែលធ្វើឱ្យប្រជាជនកម្ពុជាមិនអាចទទួលបានផ្លែផ្កាពីសម្បត្តិធម្មជាតិរបស់ខ្លួនដោយពិតប្រាកដ។ បើតាមអ្នកជំនាញរូបនេះ រាជរដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើវិស័យនេះ ដើម្បីផ្តល់ប្រយោជន៍សេដ្ឋកិច្ចជារួមសម្រាប់ប្រទេសជាតិ ចៀសវាងធ្លាក់ទៅលើតែមនុស្សមួយក្រុមតូច។ ក្រៅពីការពង្រឹងតម្លាភាព និងការអនុវត្តច្បាប់ អ្នកជំនាញរូបនេះយល់ឃើញថា ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យនេះក៏ជាកត្តាសំខាន់ផងដែរសម្រាប់ជំរុញការអភិវឌ្ឍវិស័យធនធានរ៉ែរបស់កម្ពុជាឱ្យកាន់តែរីកចម្រើន។
គួរជម្រាបថា ថ្មីៗនេះសារព័ត៌មាន Nikkei Asia បានចុះផ្សាយថា កម្ពុជា ត្រូវបានលេចឈ្មោះក្នុងបញ្ជីប្រទេសមានសក្តានុពលធនធានរ៉ែកម្រដ៏សំខាន់មួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបង្ហាញឱ្យឃើញថា កម្ពុជា មានសក្តានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនអន្តរជាតិធំៗ ប្រសិនបើរដ្ឋាភិបាលរៀបចំការរុករកដោយមានការចាត់តាំង និងមានតម្លាភាព។ យ៉ាងណាមិញ នៅក្នុងដំណើរទស្សនកិច្ចរបស់ក្រុមធុរកិច្ចអាម៉េរិកនៅកម្ពុជា កាលពីពេលកន្លងទៅនេះ សហរដ្ឋអាម៉េរិក ក៏បានបង្ហាញចំណាប់អារម្មណ៍ និងកំពុងស្វែងរកឱកាសវិនិយោគលើយុទ្ធសាស្ត្រធនធានរ៉ែកម្រនៅកម្ពុជា ផងដែរ។ ស្របពេលវិស័យរ៉ែនៅកម្ពុជា កំពុងទទួលបានកាចាប់អារម្មណ៍ខ្ពស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកក្កដា កន្លងទៅនេះ ក៏បានអនុម័តគម្រោងវិនិយោគលើអាជីវកម្មរ៉ែមាស និងសាងសង់រោងចក្រកែច្នៃនៅខេត្តក្រចេះ និងកំពង់ធំតម្លៃ៣១លានដុល្លារ និងគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃរ៉ែលោហៈមិនមែនជាដែក តម្លៃ១៥លានដុល្លារនៅខេត្តកោះកុង ផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ