
អ្នកជំនាញ និងអ្នកតាមដានស្ថានការណ៍សង្គមបានស្នើដល់រដ្ឋាភិបាលគួរតែប្រកាន់គោលជំហរដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបញ្ចប់បញ្ហាជម្លោះព្រំដែនដ៏រាំរ៉ៃនេះ ក៏ដូចជាដើម្បីកុំឱ្យសារធារណជនខកចិត្ត ដែលបានរួមគ្នាគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាលយ៉ាងផុសផុល។ តែយ៉ាងណាបើតាមការបញ្ជាក់របស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជានៅតែប្រកាន់គោលជំហរយ៉ាងច្បាស់ការទាំង៣ជំហានរបស់ខ្លួនក្នុងការដោះស្រាយជម្លោះព្រំដែនដ៏រាំរ៉ៃជាមួយភាគីថៃ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា បញ្ហាប្រឈមធំមួយក្នុងការដោះស្រាយបញ្ហាតាមខ្សែរបន្ទាត់ព្រំដែនក្នុងលក្ខណៈទ្វេភាគីហាក់មានការលំបាក ដោយសារភាគីថៃតែងតែមិនគោរពលើសេចក្ដីសម្រេចរួមគ្នាដែលធ្លាប់បានចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីកន្លងទៅ។ លោកបណ្ឌិតបានបន្ថែមថា កម្ពុជាគួរតែប្រកាន់គោលជំហររបស់ខ្លួនដែលគ្រោងនឹងនាំយកសំណុំរឿងព្រំដែនទាក់ទងនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តំបន់មុំបី និងប្រាសាទតាក្របីបញ្ជូនទៅកាន់តុលាការយុតិ្តធម៌អន្តរជាតិដោយមិនមានការផ្លាស់ប្ដូរ ដើម្បីកុំឱ្យមានការប៉ះពាល់ដល់ទឹកចិត្តរបស់សាធារណៈជនកំពុងគាំទ្រយ៉ាងច្រើនផុសផុល។
លោកសាស្រ្តាចារ្យ ឯម សុវណ្ណារ៉ា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងថា កម្ពុជាមានប្រៀបជាងភាគីថៃក្នុងការយកតំបន់ទំនាស់ព្រំដែនរវាងកម្ពុជា និងថៃដាក់ប្ដឹងទៅតុលាការ ICJ ដោយសារទីតាំងនៃជម្លោះទាំងនោះស្ថិតនៅក្នុងទឹកដីនៃប្រទេសកម្ពុជា ពិសេសថៃក៏ជាសមាជិកហត្ថលេខីនៃកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ផងដែរ។ អ្នកជំនាញរូបនេះបានស្នើដល់រដ្ឋាភិបាលបន្តដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តជាតិ ដោយមិនមានការរារែក បើទោះបីមានការអង្វរពីភាគីថៃយ៉ាងណាក៏ដោយ។ លោកសាស្រ្តាចារ្យបានបន្ថែមថា ដើម្បីឱ្យកាន់តែមានប្រៀបជាងប្រទេសថៃបន្ថែមទៀតនោះរដ្ឋាភិបាលគួរតែជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋទៅរស់នៅតាមតំបន់ព្រំដែនឱ្យបានច្រើនកុះករបន្ថែមទៀត។
ជាមួយគ្នានេះលោកបណ្ឌិត ប៉ា ចាន់រឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាយល់ឃើញថា ការចេញសេចក្ដីប្រកាសរបស់រដ្ឋាភិបាលថៃថ្មីនេះ គឺចង់បង្ហាញពីគោលជំហររបស់រដ្ឋាភិបាលថៃ តែយ៉ាងណាបច្ចុប្បន្ននេះកម្ពុជាក៏កំពុងមានសកម្មភាពសាមគ្គីគ្នាពីគ្រប់មជ្ឍដ្ឋានទាំងក្នុង និងក្រៅប្រទេស។ លោកបណ្ឌិតកត់សម្គាល់ឃើញថា កន្លងមកការដោះស្រាយទំនាស់ព្រំដែនរវាងកម្ពុជា និងថៃ ហាក់ដូចជាមិនបានដោះស្រាយឱ្យបានដាច់ស្រេចនោះទេ ដែលជាហេតុអាចបង្កឱ្យមានសកម្មភាពផ្ទុះអាវុធបានគ្រប់ពេលវេលា។
ដោយឡែកឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា រដ្ឋាភិបាលបានប្រកាន់នូវគោលជំហរយ៉ាងច្បាស់លាស់ ទាំងសម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទាំងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅតែរក្សានូវគោលជំហររបស់ខ្លួនក្នុងការចរចាដោយសន្តិវិធីតាមរយៈយន្តការដែលមានស្រាប់ ហើយបន្ទាប់គឺប្រើប្រាស់យន្តការតុលាការអន្តរជាតិ និងចុងក្រោយគឺការត្រៀមលក្ខណៈកម្លាំងកងទ័ពឈរជើងតាមព្រំដែនដែលមានជម្លោះ ដើម្បីការពារអធិបតេយ្យភាពរបស់កម្ពុជាក្នុងករណីទាហានថៃចូលឈ្លានពាន។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីភាគីថៃ ឯកភាព ឬមិនឯកភាពក្ដី ក៏កម្ពុជានៅតែយកបញ្ហាព្រំដែនទាក់ទងនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តំបន់មុំបី និងប្រាសាទតាក្របីទៅកាន់តុលាការយុតិធម៌អន្តរជាតិ ដើម្បីឈានទៅបញ្ចប់បញ្ហាស្របទៅតាមច្បាប់អន្តរជាតិ។ ក្នុងន័យនេះ កម្ពុជានឹងប្ដឹងប្រទេសថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តែម្ដង។
បើតាមសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ប្រសិនបើគ្មានការដោះស្រាយតាមរយៈយន្ដការភាគីទីបីទេនោះ បញ្ហាជម្លោះតាមព្រំដែននេះ នឹងបន្ដដល់រាប់សិប ឬរាប់រយឆ្នាំទៅមុខទៀត ឬអាចបង្កជាជាម្លោះប្រដាប់អាវុធរ៉ាំរ៉ៃ ដូចនៅតំបន់ហ្គាហ្សា ដែលមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនដូច្នេះដែរ។
គួរបញ្ជាក់ថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃបានឡើងកម្ដៅខ្លាំងក្រោយពេលដែលមានហេតុការណ៍ ទាហានថៃបានចូលវាយឆ្មក់ទាហានកម្ពុជានៅតំបន់មុំបី បង្កឱ្យទាហានកម្ពុជាម្នាក់បានពលីជីវិត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ មកទល់ពេលនេះ ទាហាននៃប្រទេសទាំងពីរបានគែនកម្លាំង និងអាវុធត្រៀមនៅតំបន់ព្រំដែនជួរមុខ ក្រែងមានបញ្ហាឈ្លានពានណាមួយកើតឡើង ខណៈដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅតែបន្ដអំពាវនាវឱ្យកងទ័ពរក្សាភាពអត់ធ្មត់ខ្ពស់ និងស្វែងរកការដោះស្រាយដោយសន្ដិវិធី៕
អត្ថបទដោយ៖ ជា ម៉ារ៉ា