កិច្ចប្រជុំកំពូល APEC ដែលប្រារព្ធចាប់ផ្ដើមឡើងនៅថ្ងៃទីក្រុងបាងកក ប្រទេសថៃនៅថ្ងៃទី ១៨-១៩វិច្ឆិកា ត្រូវបានគេរំពឹងថានឹងបន្ដនាំយកបញ្ហាក្ដៅៗដូចជា សង្គ្រាមនៅអ៊ុយក្រែន ស្ថានការកោះតៃវ៉ាន់ និងបញ្ហានៅឧបទ្វីបកូរ៉េជាដើម មកដាក់លើតុដើម្បីជជែកពិភាក្សាបន្ដទៀត បន្ទាប់ពីបញ្ហាទាំងនេះ សុទ្ធតែបានជជែកផុសផុលនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលG20រួចហើយ។
ក្នុងនោះ នាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលAPEC ថៃ បានជំរុញឱ្យក្រុមមេដឹកនាំដែលចូលរួមកិច្ចប្រជុំកំពូលនៅក្នុងទីក្រុងបាងកកនៅថ្ងៃទី ១៨-១៩វិច្ឆកា ត្រូវទុកការខ្វែងគំនិតគ្នានៅមួយឡែកសិន ហើយផ្តោតលើការដោះស្រាយបញ្ហាសេដ្ឋកិច្ចពិភពលោកជារួម ដែលកំពុងកើតមាន ដូចជាបញ្ហាអតិផរណាជាដើម។
ដោយត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) គឺមានតំណាងឲ្យប្រជាជនពិភពលោក ៣៨% នៃប្រជាជនពិភពលោកសរុប និងមានតំណាងឲ្យផលិតផលក្នុងស្រុកសរុបចំនួន ៦២% និងពាណិជ្ជកម្មចំនួន ៤៨%។
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កំពុងចូលរួមកិច្ចប្រជុំកំពូល APEC នៅប្រទេសថៃនេះដែរខណៈដែលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មិនបានចូលរួមទេ ប៉ុន្តែអនុប្រធានាធិបតីអាមេរិកគឺលោកស្រី កាម៉ាឡា ហារីស បានចូលរួមជំនួស។
ខណៈដែលប្រទេសថៃសង្ឃឹមថា នឹងធ្វើឱ្យមានវឌ្ឍនភាពលើការបង្កើតតំបន់ពាណិជ្ជកម្មសេរីនៃអាស៊ីប៉ាស៊ីហ្វិក (FTAAP) នោះ ការពិភាក្សាមួយចំនួនត្រូវបានធ្វើនៅចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជុំវិញសង្រ្គាមនៅអ៊ុយក្រែន និងចំណុចសំខាន់ៗផ្សេងទៀតដូចជាបញ្ហាតៃវ៉ាន់ និងឧបទ្វីបកូរ៉េផងដែរ។
រដ្ឋមន្ត្រីការបរទេសថៃលោក ដន ប្រាមុតវីណៃ (Don Pramudwinai) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំរបស់ប្លុក ដែលមានសមាជិក២១ប្រទេសនេះ កំពុងប្រព្រឹត្តទៅនៅក្នុង «ចំណុចសំខាន់»មួយដោយសារពិភពលោកកំពុងប្រឈមនឹងហានិភ័យជាច្រើន។
លោក ស៊ី ដែលព្រមានប្រឆាំងភាពតានតឹងនៃសង្រ្គាមត្រជាក់នៅក្នុងតំបន់ដែលជាការផ្តោតសំខាន់សម្រាប់ការប្រកួតប្រជែងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោននោះ បាននិយាយកាលពីថ្ងៃទី ១៧ វិច្ឆិកាថា អាស៊ីប៉ាស៊ីហ្វិកមិនមែនជាផ្ទះរបស់នរណាម្នាក់នោះទេ ហើយក៏មិនគួរក្លាយជាសង្វៀននៃគូប្រជែងមហាអំណាចនោះដែរ។ ជាមួយគ្នានេះ លោក ស៊ី ជីនពីង ក៏បានលើកឡើងពីការ ទប់ស្កាត់មិនឲ្យមានការកើតឡើងនូវសង្គ្រាមត្រជាក់ជាថ្មី នៅក្នុងយុគ្គសម័យនេះផងដែរ។
ទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតទាំង២នៅក្នុងពិភពលោកនេះមានភាពតានតឹងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លើបញ្ហាដូចជាពន្ធគយ ស្ថានការណ៍តៃវ៉ាន់ កម្មសិទ្ធិបញ្ញា ការដកស្វ័យភាពរបស់ក្រុងហុងកុង និងជម្លោះលើសមុទ្រចិនខាងត្បូង រួមទាំងបញ្ហាផ្សេងៗទៀត៕
អត្ថបទ៖ សុខ ជា