ទេសចរណ៍វៀតណាម

ក្រុមហ៊ុនធំមួយរបស់ថៃ Central Group នឹងសង់សណ្ឋាគារថ្មីបន្ថែមចំនួន ២០ នៅវៀតណាម


ក្រុមហ៊ុនថៃ ដ៏ធំមួយ គឺ Central Group បានបង្ហាញពីផែនការរបស់ខ្លួន នឹងសាងសង់សណ្ឋាគារថ្មីចំនួន ២០ កន្លែងទៀត នៅក្នុងប្រទេសវៀតណាម ក្នុងរយៈពេល៥ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃវិស័យទេសចរណ៍ ដែលកំពុងកើនឡើងយ៉ាងគំហុកនៃប្រទេសនេះ។
ឆ្នេរសមុទ្រ​នៃប្រទេសវៀតណាម (រូបភាព៖ https://www.booking.com)
ដោយ

តាមការ​​ចុះផ្សាយ​ដោយសារព័ត៌មាន​ក្នុងស្រុក​វៀតណាម Vietnam Express បាន​ឲ្យដឹងថា សណ្ឋាគារ និងរីស៊ត Centara ដែលស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន Central Group បាន​កំណត់​យក​គោលដៅ​សំខាន់ៗ​ដែលមាន​សក្ដានុពល​ក្នុងការ​បើក​នូវ​សណ្ឋាគារ​ថ្មីៗ​បន្ថែមរបស់ខ្លួន ដូចជា នៅ ទីក្រុង​ហូជីមិញ ហានូយ ហៃផុង និង​តំបន់​ដែលមានកំណើន​​លូតលាស់​​ខ្លាំង​​ផ្សេងទៀត ដូចជា​ ដាណាង ភូកុក (កោះត្រល់) ញ៉ាត្រាំង ខេមរាញ់ និង​ហូយអាន ជាដើម។

បន្ថែមពីនេះទៀត ក្រុមហ៊ុន​ថៃនេះ ក៏សំឡឹងឃើញ​សក្ដានុពល​ខ្លាំង នៃតំបន់​ឆ្នេរ​សមុទ្រ​ភាគខាងត្បូង​របស់វៀតណាម​ផងដែរ ដូចជា វង់តៅ ហូត្រាំ និង​ម៉ុយនេ ជាដើម។ 

ត្រូវបាន​ស្រង់​សម្ដី ដោយ​សារព័ត៌មាន​ Vietnam Express លោក ធីរ៉ាយុទ្ធ ជីរ៉ាធីវាត់ នាយកប្រតិបត្តិ​ សណ្ឋាគារ និងរីស៊ត Centara បាន បញ្ជាក់ថា «វិស័យ​ឧស្សាហកម្ម​ទេសចរណ៍​វៀតណាម ទទួលបាន​ការ​រីក​លូតលាស់​ខ្លាំង​នៅឆ្នាំ២០១៨ ហើយ​យើងរំពឹងថា ការរីកចម្រើននេះ នឹងបន្ដ​ទៅច្រើន​ឆ្នាំ​ទៅមុខទៀត។»

ទេសចរ​អន្តរជាតិ​ដែលបាន​មកទស្សនាវៀតណាម បានកើនឡើងដល់ ១៥,៥លាននាក់​នៅឆ្នាំ២០១៨ ក្នុងនោះ មានភាគច្រើន​មកពី​តំបន់អាស៊ី។ ដោយឡែក នៅពាក់កណ្ដាល​ឆ្នាំ ២០១៩នេះដែរ វៀតណាម ទទួលបាន​ទេសចរ​បរទេស​ប្រមាណ ៨,៥លាន​នាក់ កើនឡើង ៧,៥ ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។ នេះបើតាម​តួលេខ​ពី​រដ្ឋបាល​ទេស​ចរណ៍ជាតិ វៀតណាម។ 

និន្នាការ​វិជ្ជមាន​នៃវិស័យ​ទេសចរណ៍ បាន​ធ្វើឲ្យតម្រូវការ​បន្ទប់សណ្ឋាគារ​ និង​រីស៊ត​ថ្មីៗ មានការ​កើនឡើង​យ៉ាងខ្លាំងផងដែរ។ តួយ៉ាង តួលេខ​ថ្មីៗនេះ ពី​ស្ថាប័ន​វិភាគ​ឧស្សាហកម្មទេសចរណ៍​វៀតណាម STR Global បាន​បង្ហាញឲ្យដឹងថា មាន បន្ទប់សណ្ឋាគារថ្មី ប្រមាណ ២៣.០០០ បន្ទប់​កំពុង​ស្ថិត​នៅក្នុង​ការសាងសង់​នៅវៀតណាម។

ក្រុមហ៊ុន​សណ្ឋាគារ Centara របស់ថៃ បានឲ្យដឹងថា ការផ្ដោត​​ប្រតិបត្តិការ​លើ​ទីផ្សារវៀតណាម នឹង​ជា​ផ្នែកសំខាន់​មួយ​សម្រាប់​យុទ្ធសាស្ត្រ​កំណើន​សកល​របស់​ពួកគេ ដែល​រួម​បញ្ចូលទាំង​គោលដៅ​រួម នៃការ​បង្កើត​ចំនួន​សណ្ឋាគារ​សរុប​ឲ្យកើនឡើង​២ដង នៅឆ្នាំ២០២២ផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេស៊ីលីដា រៀបចំជំនួប រវាងភាគហ៊ុនិក ជាមួយម្ចាស់​សាជីវកម្ម ជាង ១០០​មកពី ប្រទេសជប៉ុន

ព័ត៌មាន
ធនាគារដ៏ធំនិងឈានមុខគេនៅកម្ពុជា ធនាគារអេស៊ីលីដា ភីអិលស៊ី បានរៀបចំវេទិការពិភាក្សាគ្នារវាងពាណិជ្ជករ និងភាគទុនិករបស់អេស៊ីលីដាក៏ដូចជា…

អង្គការមូលនិធិអេស៊ីលីដា-ចារឌីន គ្រោង​សាងសង់ សាលារៀននៅតាមតំបន់ដាច់ស្រយាលនៅទូទាំងប្រទេស

ព័ត៌មាន
អគារសិក្សាថ្មីរបស់សាលាបឋមសិក្សាគោកសង្កែ ស្ថិតនៅភូមិគោកសង្កែ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យត្រូវបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ដោយអង្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ