សហរដ្ឋអាមេរិកធានារក្សាការពារអអធិបតេយ្យភាពប្រទេសនៅអាស៊ីកណ្តាល

តើអាមេរិកបោះដៃជួយអ្វីខ្លះដល់ប្រទេសតំបន់អាស៊ីកណ្ដាល ដើម្បីកាត់បន្ថយការពឹងផ្អែកលើរុស្ស៊ី?


រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃអង្គារ ២៨ កុម្ភៈ បានសន្យាថា សហរដ្ឋអាមេរិកនឹងជួយធានាគាំទ្រសម្រាប់ប្រទេសនៅអាស៊ីកណ្តាល ដែលកំពុងតែរង្គោះរង្គើ និងជួយកាត់បន្ថយការពឹងផ្អែករបស់ពួកគេលើប្រទេសរុស្ស៊ី ស្របពេលដែលប្រទេសទាំងប្រាំនៅតំបន់នោះកំពុងមានការព្រួយបារម្ភណាស់ដែរ ពីមេរៀនសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ដែលខ្លួននិងអ៊ុយក្រែនសុទ្ធសឹងជាអតីតរដ្ឋសមាជិកនៃសហភាពសូវៀតដូចគ្នា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
តើអាមេរិកបោះដៃជួយអ្វីខ្លះដល់ប្រទេសតំបន់អាស៊ីកណ្ដាល ដើម្បីកាត់បន្ថយការពឹងផ្អែកលើរុស្ស៊ី?

ប៉ុន្មានថ្ងៃបន្ទាប់ពីខួបមួយឆ្នាំការលុកលុយរបស់រុស្ស៊ី អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក គឺលោក អាន់តូនី ប្លីងខេន បានជួបប្រជុំរួមគ្នាជាមួយសមភាគីមកពីប្រទេសអាស៊ីកណ្តាលទាំងប្រាំ ជាកន្លែង ដែលគេស្គាល់ថា ជាដែនអំណាចឥទ្ធិពលផ្ដាច់មុខរបស់រុស្ស៊ី និងចិនតាំងពីយូរយារណាស់មកហើយ។

នៅឯកិច្ចប្រជុំនៅទីក្រុង Astana ដែលជារដ្ឋធានីដ៏ត្រជាក់របស់ប្រទេសកាហ្សាក់ស្ថាន លោក Blinken បានប្រកាសផ្តល់ជំនួយមូលនិធិថ្មីចំនួន ២៥ លានដុល្លារបន្ថែមទៀតពីលើ ២៥ លានដុល្លារអាមេរិកដែលបានប្រកាសកាលពីខែកញ្ញាកន្លងទៅ ដើម្បីជួយអាស៊ីកណ្តាលធ្វើពិពិធកម្មពាណិជ្ជកម្មពីប្រទេសរុស្ស៊ី។ ទឹកប្រាក់ទាំងនេះ នឹងរួមបញ្ចូលការអប់រំភាសាអង់គ្លេស ការអភិវឌ្ឍប្រព័ន្ធទូទាត់តាមអេឡិចត្រូនិក និងការបណ្តុះបណ្តាលសម្រាប់ពលករចំណាកស្រុកជាដើម។

ដោយបានជួបជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងប្រាំ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តូមិននីស្ថាន និងអ៊ូសបេគីស្ថាន លោក ប្លីនខេន បាននិយាយថា សហរដ្ឋអាមេរិកសន្យាថា នឹងជួយគាំទ្រ «អធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដី» របស់ប្រទេសទាំងប្រាំ ដោយលោកបានសង្កត់ធ្ងន់ថា គេមិនត្រូវមើលស្រាលពីចេតនារបស់រុស្ស៊ីនាពេលអនាគតនោះទេ។

យ៉ាងណាមិញ រុស្ស៊ីបានបដិសេធដំណើរទស្សនកិច្ចរបស់លោក ប្លីនខេន ដោយតាមរយៈអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងម៉ូស្គូជាមួយអាស៊ីកណ្តាលគឺជា «អាទិភាពកំពូលនៃគោលនយោបាយការបរទេសរបស់រុស្ស៊ី»។

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថានលោក Mukhtar Tileuberdi បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ប្លីនខេន វិញថា រដ្ឋាភិបាលរបស់លោកនឹងធ្វើការដើម្បីការពារការគេចវេសពីទណ្ឌកម្មដែលប្រទេសលោកខាងលិចទម្លាក់មកលើរុស្ស៊ី ប៉ុន្តែលោកបានសង្កត់ធ្ងន់ច្បាស់ៗថា ខ្លួនក៏មិនស្វែងរកការប្រឆាំងនឹងរុស្ស៊ីជាសម្ព័ន្ធមិត្តរបស់កាហ្សាក់ស្ថានដែរ។

លោករដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថានដដែលនេះ បានបន្ថែមថា ប្រទេសរបស់លោកកំពុងព្យាយាមរក្សាជំហរនៅកណ្តាល និងតុល្យភាព» ដោយអំពាវនាវរដ្ឋដទៃទៀតនៅអាស៊ីកណ្តាលមានកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមកជាមួយគ្រប់ប្រទេសទាំងអស់ មិនថាតែអាមេរិក រុស្ស៊ី និងប្រទេសចិននោះទេ៕




អត្ថបទបន្ទាប់


អ៊ីតាលីបោះឆ្នោតប្រឆាំនឹងផែនការរបស់សហភាពអឺរ៉ុបក្នុងការហាមឃាត់ប្រើប្រាស់រថយន្ដប្រាស់ប្រេងឥន្ធនៈ

ព័ត៌មាន
ប្រទេសអ៊ីតាលីមានបំណងនឹងបោះឆ្នោតប្រឆាំងនឹងផែនការរបស់សហភាពអឺរ៉ុបក្នុងការបិទខ្ទប់មិនឲ្យមានការលក់រថយន្ដដែលប្រើប្រាស់ប្រេងឥន្ធនៈឲ្យបាននៅក្នុងរ…

កំណើនសេដ្ឋកិច្ចឥណ្ឌានៅតែនាំមុខចិន បើទោះជាមានថមថយមកនៅត្រឹម ៤,៤% កាលពីត្រីមាសចុងក្រោយនេះក្ដី

ព័ត៌មាន
តួលេខផ្លូវការបានបង្ហាញនៅថ្ងៃទី ០១ខែមីនានេះថា អត្រាកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាបានថមថយមកនៅត្រឹម ៤,៤% នៅក្នុងត្រីមាសទី៣នៃឆ្នាំសារពើពន្ធបច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ