លោក កាឡូ ផូប្រេ (Karlo Pobre) នាយករងគ្រប់គ្រងរបស់ក្រុមហ៊ុនអចលនទ្រព្យ ខូលលៀ(Colliers) បាននិយាយថា បើតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យនៃធនាគារលំនៅឋានរបស់រដ្ឋាភិបាលថៃ (REIC) បានបង្ហាញថា អ្នកទិញមីយ៉ាន់ម៉ាចាប់អារម្មណ៍បំផុតលើអចលនទ្រព្យនៅទីក្រុងបាងកក ទីក្រុងភូកេត និងទីក្រុងឈៀងម៉ៃ។
លោកបានបន្ថែមថា ធនាគារ REIC បានរាយការណ៍ថា អ្នកទិញពីប្រទេសក្បែរខាងរបស់ថៃមួយនេះបានចំណាយប្រាក់ជាង៦២លានដុល្លារ ទៅលើអចលនទ្រព្យថៃ ក្នុងឆ្នាំ២០២៣ ដោយធ្វើឱ្យពួកគេជាប់ចំណាត់ថ្នាក់លេខ៣ក្នុងនាមជាអ្នកចំណាយដ៏កំពូលបន្ទាប់ពីអ្នកទិញមកពីប្រទេសចិន និងរុស្ស៊ី។
លោកបានបន្តថា អ្វីគួរឲ្យកត់សម្គាល់នោះ គឺថា អចលនទ្រព្យដែលទិញដោយជនជាតិមីយ៉ាន់ម៉ា មានតម្លៃជាមធ្យមជាង១៨ម៉ឺនដុល្លារ ដែលខ្ពស់ជាងអ្នកទិញជនជាតិចិន ឬរុស្ស៊ីទៅទៀត។ដូច្នេះហើយវាបានធ្វើឱ្យពួកគេក្លាយជាអតិថិជនទទួលបានការសន្យាដ៏ខ្ពស់បំផុតសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងយុគសម័យក្រោយជំងឺរាតត្បាតនេះនៅចំពេលតម្រូវការអចលនទ្រព្យថៃ ក្នុងចំណោមជនបរទេសកំពុងតែកើនឡើងយ៉ាងខ្លាំង។ អចលនទ្រព្យនៅទីក្រុងបាងកក ដែលអតិថិជនមីយ៉ាន់ម៉ា បានទិញភាគច្រើន គឺជាខុនដូប្រណិតៗមានតម្លៃចាប់ពីជិត២៨ម៉ឺនទៅជាង៥៥ម៉ឺនដុល្លារ ហើយទីតាំងពេញនិយមបំផុត គឺជាគម្រោងដែលស្ថិតនៅជិតមន្ទីរពេទ្យ សាលារៀនអន្តរជាតិ ផ្សារទំនើប និងសណ្ឋាគារជាដើម។
លោកបានបន្ថែមថា មហាសេដ្ឋីរបស់មីយ៉ាន់ម៉ាក៏ចាប់អារម្មណ៍ចំពោះផ្ទះវីឡាមានអាងហែលទឹកដ៏ប្រណិតៗនៅតំបន់ភូកេតផងដែរ ដោយធ្វើឱ្យផ្ទះមួយយូនីតដែលមានតម្លៃជាង១លានដុល្លារបានលក់អស់ភ្លាមៗទាំងនៅមុនពេលសាងសង់មិនទាន់រួចរាល់។
នៅទីក្រុងឈៀងម៉ៃវិញ អតិថិជនមីយ៉ាន់ម៉ាកំពុងទិញផ្ទះដែលមានតម្លៃពីជាង៥៥ម៉ឺនដុល្លារ ទៅជាង៨៣ម៉ឺនដុល្លារទុកសម្រាប់ការចូលនិវត្តន៍របស់ពួកគេ ឬជាផ្ទះវិស្សមកាលជាលក្ខណៈគ្រួសារដោយសារទីក្រុងនេះស្ថិតនៅមិនឆ្ងាយប៉ុន្មានពីប្រទេសមីយ៉ាន់ម៉ា និងមានសម្ភារបរិក្ខារ និងកន្លែងទេសចរណ៍ស្ទើរតែដូចទីក្រុងបាងកកផងដែរ៕
អត្ថបទ៖ សុខ ជា