ប្រទេសថៃគ្រោងនឹងអនុវត្តផែនការផ្តល់សាច់ប្រាក់សរុបមានតម្លៃ ១៤ពាន់លានដុល្លារនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ ទោះបីជារដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ស្រ៊ីថា ថាវេស៊ីន បានអះអាងថា កញ្ចប់ថវិកានេះគឺត្រូវបានកំណត់ដាក់ចេញដើម្បី ជំរុញការស្តារកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសក៏ដោយ ។
លោក ជូឡាពុន អាមនវីវ៉ាត់ (Julapun Amornvivat )អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយថា លោកនាយករដ្ឋមន្រ្តី នឹងធ្វើជាប្រធានកិច្ចប្រជុំនៃគណៈកម្មាធិការកាបូបឌីជីថលនៅថ្ងៃទី១០ ខែមេសា ខាងមុខដើម្បីបញ្ចប់ព័ត៌មានលម្អិតរួមទាំងប្រភពនៃមូលនិធិ និងបញ្ហាបច្ចេកទេសផ្សេងៗទៀត។ លោកបានឲ្យដឹងថា គណៈរដ្ឋមន្ត្រីថៃ ត្រូវបានគេរំពឹងថានឹងអនុម័តកម្មវិធីនេះនៅចុងខែមេសាខាងមុខ។
លោកបានបន្តថា លក្ខណៈពិសេសនៃការចែកចាយលុយ ១ម៉ឺនបាត ស្មើនឹង ២៧៥ ដុល្លារក្នុងម្នាក់ៗ ដល់ប្រជាពលរដ្ឋថៃចំនួនប្រមាណ ៥០លាននាក់នឹងនៅតែមានដូចដែលបានប្រកាសកន្លងមក ប៉ុន្តែវិសាលភាពនៃកម្មវិធីត្រូវបានកាត់បន្ថយពីគោលដៅដើមរបស់ខ្លួនដែលមានប្រជាពលរដ្ឋអាយុចាប់ពី ១៦ឆ្នាំឡើងសរុប ចំនួន៥៦ លាននាក់ មកនៅត្រឹម ៥០ លាននាក់វិញ។
កញ្ចប់ប្រាក់មូលនិធិនេះគឺជាចំណុចស្នូលនៃការសន្យាកាលពីពេលបោះឆ្នោតរបស់គណបក្សភឿថៃដែលកំពុងកាន់អំណាច ប៉ុន្តែត្រូវបានពន្យារពេលដោយសារការព្រួយបារម្ភ រួមទាំងពីធនាគារកណ្តាលថៃ និងគណបក្សប្រឆាំងដែលថាការទូទាត់បែបនេះអាចជំរុញអតិផរណា និងពង្រីកឱនភាពសារពើពន្ធ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីថៃ បាននិងកំពុងដុតដៃដុតជើងបំពេញតាមការសន្យា៕
ដោយៈ សរ សុជាតិ