ប្រទេសថៃដែលត្រូវបានចាត់ថ្នាក់ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងសន្ទស្សន៍ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ទទួលបានពិន្ទុទាបបំផុតក្នុងសេវាកម្មទេសចរណ៍ និងហេដ្ឋារចនាសម្ពន្ធដោយបានធ្លាក់ចំណាត់ថ្នាក់ពី៣៦មកនៅលេខរៀងទី៤៧។ មានប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ បានចំណាត់ថ្នាក់ល្អជាងប្រទេសថៃរួមមានសិង្ហបុរីជាប់ចំណាត់ថ្នាក់ទី១៣ ឥណ្ឌូនេស៊ីជាប់ចំណាត់ថ្នាក់ទី២២ និងប្រទេសម៉ាឡេស៊ីជាប់ចំណាក់ថ្នាក់ទី៣៥។
នេះគឺជាការធ្លាក់ចំណាត់ថ្នាក់ដ៏ច្រើនបំផុតរហូតដល់ជាង១០លេខសម្រាប់ប្រទេសថៃ ខណៈដែលប្រទេសនេះបានធ្លាក់ចុះផងដែរកាលពីឆ្នាំ២០២១ ប៉ុន្តែពេលនោះ គឺបានធ្លាក់ចុះតែមួយលេខប៉ុណ្ណោះ គឺធ្លាក់ចុះពីលេខ៣៥មកនៅលេខ៣៦ ដោយសារតែរងផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ-១៩។
លោក ស៊ីសឌីវ៉ាច ឆេវ៉ារ៉ាត់តាណាផន (Sisdivachr Cheewarattanaporn) ប្រធានសមាគមភ្នាក់ងារទេសចរណ៍ថៃ (Atta) បាននិយាយថា សន្ទស្សន៍នេះបានបង្ហាញថា ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ក្រោយជំងឺរាតត្បាតកូវីដ-១៩ គឺពឹងអាស្រ័យតែលើអ្វីដែលមានស្រាប់ប៉ុណ្ណោះដោយគ្មានអ្វីដែលបានរីកចម្រើនថ្មីទៀតនោះទេ។
អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា តាំងពីរដ្ឋាភិបាលមុនមកម្ល៉េះ លោកបានខកចិត្តជាខ្លាំងចំពោះការមិនដាក់ចេញផែនការមេសម្រាប់អភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍។ ចំណែករដ្ឋាភិបាលបច្ចុប្បន្នវិញបានផ្តួចផ្តើមគំនិតដ៏ល្អមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរដូចជាគម្រោងគ្មានទិដ្ឋាការជាដើម ប៉ុន្តែទាក់ទងនឹងការរៀបចំផែនការកែលម្អហេដ្ឋារចនាសម្ពន្ធ និងសេវាកម្ម លោកនៅតែមិនទាន់ឃើញមានភាពខុសប្លែកគ្នាពីរដ្ឋាភិបាលមុនឡើយ៕
អត្ថបទ៖ សុខ មង្គល