មន្ត្រីពាណិជ្ជកម្មរបស់ថៃ នៅតែបន្តបញ្ចុះបញ្ចូលសហភាពអឺរ៉ុបឲ្យវិលទៅរកតុចរចាឡើងវិញ ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងភាគីទាំងពីរ ខណៈដែលកិច្ចចរចានេះ ត្រូវបានផ្អាកតាំងតែពីឆ្នាំ២០១៤ ដោយសារតែមានរដ្ឋប្រហារយោធាក្នុងប្រទេសថៃរួចមក។ ប៉ុន្ដែ ក្រោយពីមានការបោះឆ្នោត និងបង្កើតរដ្ឋាភិបាលថ្មីរួចមក ប្រទេសថៃ បានចាប់ផ្ដើមរំកិលខ្លួនខិតទៅរកតុចរចាជាមួយអឺរ៉ុបកាន់តែស្និទស្នាលជាងមុន។ យ៉ាងណាមិញ ភាគីទាំងពីរ បានកំណត់យកនៅថ្ងៃទី ១៤ មិថុនានេះ ដើម្បីធ្វើការពិភាក្សានិងចរចាលើបញ្ហាទាំងនេះ ជាមួយគ្នា ខណៈដែលថៃ រំពឹងផ្លែផ្កាខ្ពស់ពីកិច្ចចរចានេះ។
កាសែតបាងកកប៉ុស្ដិ៍ ដែលបានស្រង់សម្ដីរបស់លោកស្រី អូរ៉ាម៉ុន ស៊ុបថាវីធំ អគ្គនាយិកានៃនាយកដ្ឋានចរចាពាណិជ្ជកម្មថៃ បានឲ្យដឹងថា លោកស្រីនឹងធ្វើជាអ្នកចរចាដោយផ្ទាល់នៅក្នុងកិច្ចពិភាក្សាជាមួយនឹងលោក Peter Berz នាយកស្ដីទីពាណិជ្ជកម្មអឺរ៉ុបជាមួយអាស៊ី និងអាមេរិក ឡាទីន នៅឯគណៈកម្មការអឺរ៉ុប ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែមិថុនា នៅទីក្រុង ប្រុស៊ែល។
តាមការបញ្ជាក់របស់លោកស្រី អូរ៉ាម៉ុន កិច្ចពិភាក្សាគ្នានេះ នឹងលើកឡើងអំពី ផលប៉ះពាល់នៃ Brexit ស្ថានភាពសេដ្ឋកិច្ចពិភពលោក កំណែប្រែនៃអង្គការពាណិជ្ជកម្មពិភពលោក ព្រមទាំងឈានទៅដល់ការចរចាគ្នាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងថៃ និងអឺរ៉ុបផងដែរ។
សហភាពអឺរ៉ុប ត្រូវបានគេដឹងថា គឺជាដៃគូពាណិជ្ជកម្មធំទី៣ របស់ប្រទេសថៃ។ ទំហំពាណិជ្ជកម្មរវាងថៃ និងសហភាពអឺរ៉ុប កាលពីឆ្នាំ ២០១៨ សម្រេចបានកំណើនជាង ៦ភាគរយ ជាមួយនឹងទំហំទឹកប្រាក់ ជាង ៤៧ ពាន់លានដុល្លារអាមេរិក ស្មើនឹងជាង ៩% នៃទំហំពាណិជ្ជកម្មសរុបរបស់ថៃ។ ក្នុងនោះ ថៃបាននាំចេញទៅអឺរ៉ុប មាន ២៥ពាន់លានដុល្លារអាមេរិក កើន ជាង ៥% ធៀបនឹងឆ្នាំមុន ខណៈនាំចូលពីអឺរ៉ុបមកវិញ មានជាង ២២ពាន់លានដុល្លារ កើនប្រមាណ ៨%។
ក្រសួងពាណិជ្ជកម្មថៃ បានប៉ាន់ប្រមាណកាលពីពេលមុននេះថា ផលប៉ះពាល់នៃ Brexit ទៅលើការនាំចេញរបស់ថៃ ទៅកាន់អង់គ្លេស និងសមាជិកផ្សេងទៀត នៃសហភាពអឺរ៉ុប គឺស្ថិតនៅស្ថានភាពមិនច្បាស់លាស់នៅឡើយ។
ក្នុងរយៈពេលខ្លី ការនាំចេញរបស់ថៃ ទំនងជាមិនទាន់ប្រឈមនឹងបញ្ហាធំដុំនោះទេ ប៉ុន្ដែ សម្រាប់រយៈពេលវែង ផលប៉ះពាល់គឺជៀសមិនផុតនោះទេ ដូច្នេះរាជរដ្ឋាភិបាលថៃត្រូវតែមានកិច្ចចរចារពាណិជ្ជកម្មទ្វេភាគីជាមួយនឹងភាគីទាំងពីរ ទាំងសហភាពអឺរ៉ុប និងអង់គ្លេសផងដែរ ដើម្បីទប់ស្កាត់ឥទ្ធិពលនៃ Brexit នេះមកលើសេដ្ឋកិច្ចថៃ៕