យោងតាមលោក អាត ភីសានវ៉ាននិច (Aat Pisanwanich) នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានឲ្យដឹងថា ការនាំចេញទុរេនរបស់ថៃបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ជាមួយនឹងតម្លៃកើនឡើងពី ៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២០ មកដល់ជាង ៥ ពាន់លានដុល្លារនៅឆ្នាំមុន ហើយនៅឆ្នាំនេះ តម្លៃនៃការនាំចេញទុរេនត្រូវបានគេព្យាករណ៍ថានឹងឈានដល់ជិត ៦ ពាន់លានដុល្លារ។
ក្នុងនោះដែរ សាច់ប្រាក់ចរាចរនៅក្នុងផលិតកម្ម និងខ្សែចង្វាក់ពាណិជ្ជកម្មក្នុងស្រុក ដែលគ្របដណ្តប់លើកសិករ ពាណិជ្ជករ កម្លាំងពលកម្ម ភស្តុភារកម្ម និងការវេចខ្ចប់ ដែលប៉ាន់ស្មានថា នឹងកើនឡើងដល់ ៨,៦% នៅឆ្នាំនេះ ជាមួយតម្លៃទឹកប្រាក់ជិត ២០ ពាន់លានដុល្លារអាមេរិក ខណៈកាលពីឆ្នាំមុនមានត្រឹមតែ ១៨ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
យ៉ាងណាមិញ យោងតាមលោក អាត ភីសានវ៉ាននិច ហានិភ័យសម្រាប់ផលិតផលទុរេនថៃ រួមមានការកើនឡើងនៅក្នុងតំបន់ចម្ការដែលដាំដុះក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ជាពិសេសនៅតំបន់ភាគឦសាន និងភាគខាងកើតនៃប្រទេសថៃ គឺមានការសម្រេចដាំដុះទុរេនកាន់តែច្រើនឡើង។
ក្នុងនោះ បើមើលទៅលើផ្ទៃដីដាំទុរេនវិញ គឺបានកើនឡើងពី ៩ ម៉ឺនហិកតាក្នុងឆ្នាំ ២០១១ ដល់ទៅជិត ១៥ ម៉ឺនហិកតា នៅឆ្នាំ២០២១។
លើសពីនេះទៅទៀត នៅឆ្នាំ ២០២៦ ទិន្នផលទុរេនរបស់ថៃ ត្រូវបានគេរំពឹងថានឹងនឹងកើនឡើងដល់ជិត ៣ លានតោន បើធៀបពីចំនួនប៉ាន់ស្មាន ១លាន៣សែនតោននៅឆ្នាំនេះ។
នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិថៃដដែលនេះ បាននិយាយថា ប្រសិនបើប្រទេសថៃមិនមានការគ្រប់គ្រងដោយប្រយ័ត្នប្រយែង និងមានប្រសិទ្ធភាពនោះទេ ផលប៉ះពាល់លើតម្លៃអាចនឹងកើតមានចំពោះដំណាំកសិកម្មផ្សេងទៀតផងដែរ៕
អត្ថបទ៖ ហ៊ុន គន្ធថៃ