សម្ដេចតេជោ ហ៊ុន សែន

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសចម្រុះពណ៌ ដូច្នេះមិនចាំបាច់រើសរវាងចិនប្រឆាំងអាមេរិកឡើយ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់អំពីជំហរការបរទេសរបស់កម្ពុជាជាថ្មីម្ដងទៀតថា កម្ពុជា មិនបានជ្រើសរើសចិន ដើម្បីប្រឆាំងនឹងអាមេរិក ឬជ្រើសរើសប្រទេសណាមួយ ដើម្បីប្រឆាំងប្រទេសណាមួយនោះឡើយ ដ្បិតកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយការបរទេសចម្រុះពណ៌។ ការលើកឡើងចំៗរបស់សម្តេចតេជោ យ៉ាងដូច្នេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹង ការលើកឡើងរបស់អ្នកវិភាគមួយចំនួន ដែលថា កម្ពុជាមាននយោបាយរណបចិន ប្រឆាំងនឹងសហរដ្ឋអាមេរិក។
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា ប្រមាណជាង២ពាន់នាក់ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ រូបភាព៖ SPM Page

ការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន អំពី​ជំហរ​នយោបាយ​ការ​បរទេស​កម្ពុជា​យ៉ាង​ម៉ឺងម៉ាត់​បែប​នេះ បាន​ធ្វើ​ឡើង​ខណៈ​ដែល​សម្តេច​កំពុង​មាន​វត្ត​មាននៅ​ក្នុង​ទីក្រុង​វ៉ា​ស៊ិ​ន​តោន​ឌី​ស៊ី សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អា​មេ​រិ​ក​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី ១៣ ខែឧសភា​នេះ​។

ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក និង​កា​ណា​ដា​ប្រមាណ​ជាង ២​ពាន់​នាក់ នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២២ មុន​ពេល​ចាប់ផ្ដើម​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អា​មេ​រិ​ក សម្ដេច​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា កម្ពុជា ឈរ​លើ​គោលការណ៍ ៣​យ៉ាង រួម​មាន​៖ ទី​១.​បម្រើ​ដល់​សន្តិភាព និង​ការ​អភិវឌ្ឍន៍​,​ទី​២.​មិន​ប្រឆាំង​នឹង​ប្រទេស​ណាមួយ និង​ទី​៣ ត្រូវ​គោរព​ឯកភាព​របស់​អាស៊ាន​។ សម្ដេច​ក៏​បាន​គូសបញ្ជាក់​ដែរ​ថា កម្ពុជា ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការ​បរទេស​ចម្រុះ​ពណ៌ ដូច្នេះ កម្ពុជា មិន​ចាំបាច់​ជ្រើសរើស​ចិន ដើម្បី​ប្រឆាំង​នឹង​អា​មេ​រិ​ក ឬ​ជ្រើសរើស​ប្រទេស​ណាមួយ ដើម្បី​ប្រឆាំង​ប្រទេស​ណា​ទៀត​នោះ​ឡើយ​។

យ៉ាងណា​ក៏​ដោយ នៅ​មុន​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អា​មេ​រិ​ក មក​ដល់ ក្រៅពី​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​អា​មេ​រិ​ក និង​កា​ណា​ដា សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ ឯកឧត្តម ផា​ម មិ​ញ​ជី​ញ នាយក​រដ្ឋមន្ត្រី​វៀតណាម ផង​ដែរ​។ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់​ថា នៅ​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​ថ្នាក់ដឹកនាំ ប្រទេស​កម្ពុជា និង​វៀតណាម នេះ គឺ​ផ្ដោត​សំខាន់​លើ​ទំនាក់​ទំនាក់​ការទូត និង​ទំនាក់ទំនង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ​។ បើ​តាម​សម្ដេច​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ទំនាក់ទំនង​រវាង​កម្ពុជា និង​វៀតណាម កាន់តែ​មាន​ភាព​ជិត​ស្និ​ទ​ជាមួយ​គ្នា​។ ជាក់ស្ដែង ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​វៀតណាម នៅ​ឆ្នាំ​២០២១ មាន​ទំហំ​ទឹកប្រាក់ ៩​ពាន់​៥​រយ​លាន​ដុល្លារ​។ ដោយឡែក នៅ​រយៈពេល ៤​ខែ ក្នុង​ឆ្នាំ​២០២២ ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី សរុប ៤​ពាន់​លាន​ដុល្លារ ខណៈ​ទំនិញ​ដែល​កម្ពុជា នាំ​ទៅ​វៀតណាម ច្រើន​ជាង​ទំនិញ​វៀតណាម​ចូល​មក​កម្ពុជា​ទៅ​ទៀត​។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២២ សម្ដេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ចាក​ចេញពី​កម្ពុជា ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​-​អា​មេ​រិ​ក នៅ​ទីក្រុង​វ៉ា​ស៊ិ​ន​តោន សហរដ្ឋអាមេរិក ដោយ​កិច្ចប្រជុំ​នេះ ប្រារព្ធ​ធ្វើ​ឡើង​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២-១៣ ខែឧសភា ឆ្នាំ​២០២២៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការសិក្សារបស់ក្រុមហ៊ុន Visa លើកំណើននៃការទូទាត់តាមរយៈឌីជីថល ខណៈពេលដែលប្រជាជនកម្ពុជាងាកចេញពីការប្រើប្រាស់សាច់ប្រាក់សុទ្ធ

ព័ត៌មាន
នៅថ្ងៃនេះក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បានចេញផ្សាយការសិក្សាចុងក្រោយរប…

បញ្ហាពាក់ព័ន្ធនឹងចិននិងភូមា ស្ថិតក្នុងចំណោមសំណុំរឿងសំខាន់ជាងគេ ដែលលោកបៃឌិននឹងពិភាក្សាជាមួយមេដឹកនាំអាស៊ាននៅសប្ដាហ៍នេះ

ព័ត៌មាន
បញ្ហាពាក់ព័ន្ធនឹងចិន និង ភូមា ស្ថិតក្នុងចំណោមសំណុំរឿងសំខាន់ជាងគេ ដែលលោកបៃឌិននឹងពិភាក្សាជាមួយមេដឹកនាំអាស៊ាននៅថ្ងៃនេះ និង ថ្ងៃស្អែកនេះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ