ការបើកដំណើរការកោះភូកេតឡើងវិញចាប់ពីដើមខែក្រោយនេះ គឺធ្វើឡើងនៅចំពេលដែលប្រទេសថៃ សម្រេចបើកប្រទេសចំនួន ១២០ថ្ងៃ ពោលគឺទៅរហូតដល់ខែតុលា ដែលវាគឺជាក្ដីរំពឹងមួយ ដែលនឹងជំរុញឲ្យមានការធ្វើដំណើរក្នុងស្រុកថៃ កាន់តែច្រើនឡើង បើទោះបីជាមេរោគឆ្លងកូវីដ-១៩នៅក្នុងប្រទេសនេះ នៅតែមានតួលេខឆ្លងខ្ពស់ប្រចាំថ្ងៃក៏ដោយ។
ជាមួយគ្នានេះ អាជ្ញាធរខេត្តភូកេត បាននិយាយកាលពីចុងសប្ដាហ៍មុននេះថា អាជ្ញាធរទេសចរណ៍ថៃ បានព្យាករទុករួចហើយថា នឹងមានភ្ញៀវទេសចរបរទេសប្រមាណជិត១៣ម៉ឺននាក់ ព្រមជាមួយនឹងទេសចរជនជាតិថៃ ៥០ម៉ឺននាក់ទៀត នឹងចូលមកកម្សាន្ដនៅកោះភូកេត នៅចន្លោះខែកក្កដា ដែលកញ្ញា។
តើភ្ញៀវទេសចរបរទេសចូលមកលេងកម្សាន្ដនៅខេត្តភូកេត
នឹងតម្រូវគោរពតាមលក្ខខណ្ឌអ្វីខ្លះ?
ចាប់ពីថ្ងៃទី ១ ខែកក្កដាតទៅ សម្រាប់ភ្ញៀវទេសចរបរទេស ដែលទៅលេងកម្សាន្ដនៅកោះភូកេត មិនមានការតម្រូវឲ្យធ្វើចត្តាឡីស័កនោះទេ តែវាសម្រាប់ទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួច ដែលស្ថិតក្រោមគម្រោងគំរូទេសចរណ៍ពិសេសរបស់ថៃ ដែលមានឈ្មោះថា «Phuket Tourism Sanbox» តែប៉ុណ្ណោះ។
គំរូទេសចរពិសេសមួយនេះ ក៏ត្រូវបានប្រទេសថៃយកមកប្រើប្រាស់ដំបូងសម្រាប់កោះភូកេត ហើយក៏អាចនឹងប្រើប្រាស់លើខេត្តដទៃទៀត ដើម្បីស្ដារវិស័យទេសចរណ៍ទូទាំងប្រទេសឡើងវិញផងដែរ បើសិនជាគំរូទេសចរណ៍មួយនេះទទួលបានជោគជ័យ។
បើទោះបីជា ភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចត្រូវបានអនុញ្ញាតឲ្យមកកម្សាន្ដនៅខេត្តភូកេតដោយមិនចាំបាច់ធ្វើចត្តាឡីស័កក៏ដោយ ប៉ុន្ដែ ភ្ញៀវទេសចរទាំងនោះ ត្រូវតែស្នាក់នៅ និងកម្សាន្ដនៅក្នុងខេត្តភូកេតនេះរយៈបាន១៤ថ្ងៃ ទើបអាចបន្ដដំណើរកម្សាន្ដនៅក្នុងទិសដៅទេសចរណ៍នៃខេត្តផ្សេងៗទៀតក្នុងប្រទេសថៃបាន។
ជាមួយគ្នានេះ មិនមែនភ្ញៀវទេសចរបរទេសគ្រប់ប្រទេសសុទ្ធតែអាចធ្វើដំណើរទៅកាន់ខេត្តភូកេតរបស់ថៃបាននោះទេ ទេសចរអន្តរជាតិដែលអាចធ្វើដំណើរទៅកម្សាន្ដបាន ទាល់តែជាអ្នកមកពីប្រទេសដែលមានស្ថានភាពកូវីដ-១៩ស្ថិតក្រោមការគ្រប់គ្រងបាន ឬមានចំនួនករណីឆ្លងសមស្រប ឬមានចំនួនទាបជាដើម។ បន្ថែមពីនេះ ពួកគេត្រូវតែបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស យ៉ាងតិច ១៤ថ្ងៃ នៅមុនធ្វើដំណើរមកកាន់ប្រទេសថៃ ហើយវ៉ាក់សាំងដែលពួកគេចាក់នោះ ត្រូវតែមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
លើសពីនេះទៀត ភ្ញៀវទេសចរបរទេស ក៏ត្រូវមានលិខិតបញ្ជាក់សុខភាពថា គ្មានឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេល៧២ម៉ោងនៃការមកដល់ប្រទេសថៃផងដែរ។ ការធ្វើតេស្ដរកកូវីដ-១៩ ត្រូវតែធ្វើឲ្យបានរួចរាល់នៅថ្ងៃមកដល់ប្រទេសថៃ ហើយអាជ្ញាធរថៃ នឹងធ្វើតេស្ដលើទេសចរបរទេសទាំងនោះ នៅថ្ងៃទី ៦ និងថ្ងៃទី១២ នៃអំឡុងពេលថ្ងៃស្នាក់នៅ និងកម្សាន្ដនៅខេត្តភូកេត១៤ថ្ងៃរបស់ពួកគេ ហើយបន្ទាប់ពីនោះ ពួកគេអាចបន្ដធ្វើដំណើរកម្សាន្ដទៅកាន់ខេត្តផ្សេងៗទៀតបាន ដោយគ្រាន់តែបង្ហាញពីលទ្ធផលតេស្ដអវិជ្ជមានកូវីដ-១៩របស់ពួកគេទៅកាន់អាជ្ញាធរ។
បើតាមអាជ្ញាធរទេសចរណ៍ថៃ នឹងមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៥ នឹងបើកជើងហោះហើរទទួលភ្ញៀវទេសចរបរទេសចូលមកក្នុងប្រទេសថៃអំឡុងពេលបើកខេត្តភូកេតនេះ ដោយភាគច្រើនគឺមកពីអឺរ៉ុប។
សូមបញ្ជាក់ថា អំឡុងពេលបើកកោះភូកេតសម្រាប់ភ្ញៀវទេសចរនេះដែរ ថៃក៏បានសម្រុកចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋក្នុងខេត្តនេះយ៉ាងសម្បើមណាស់ដែរ ពោលគឺមកទល់ពេលនេះ ពលរដ្ឋនៅក្នុងខេត្តភូកេត ដែលទទួលបានវ៉ាក់សាំងយ៉ាងហោចណាស់ចំនួនមួយដូសមានប្រមាណ ៧៥%ហើយ នៃចំនួនប្រជាជនសរុបជាង៤៦ម៉ឺននាក់នៅក្នុងខេត្តនេះ៕