វិស័យទេសចរណ៍ថៃ

សង្គ្រាមនៅអ៊ីស្រាអែល កំពុងដាក់សម្ពាធបន្ថែមដល់វិស័យទេសចរណ៍ថៃ


សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ាឡេស្ទីន ត្រូវបានអ្នកជំនាញថៃ អះអាងថា កំពុងកាត់បន្ថយទំនុកចិត្តរបស់ភ្ញៀវទេសចរបរទេសជាថ្មី បន្ទាប់ពីរងសម្ពាធពីការបាញ់ប្រហារនៅផ្សារទំនើបកណ្តាលទីបាងកក កាលពីសប្តាហ៍មុន។ អ្នកជំនាញព្រួយបារម្ភថា ការមកដល់របស់ជនបរទេសនឹងមានការធ្លាក់ចុះនៅសប្តាហ៍ក្រោយ ទោះបីជាវិស័យឯកជនហាក់សង្ឃឹមខ្ពស់ចំពោះគម្រោងលើកលែងទិដ្ឋាការអាចស្តារទីផ្សារទេសចរណ៍ឡើងវិញនៅពីរខែខាងមុខក្តី។
វិស័យទេសចរណ៍ថៃ
ដោយ

សារព័ត៌មានបាងកកប៉ុស្តិ៍ បានឲ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរបរទេស កាលពីសប្តាហ៍មុន ពោលគឺពីថ្ងៃថ្ងៃទី ២ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បានធ្លាក់ចុះមកនៅត្រឹម ជិត៥០ម៉ឺននាក់ ធ្លាក់ចុះជិត១០ភាគរយ បើធៀបនឹងសប្តាហ៍មុន ដោយសារការធ្លាក់ចំចំនួនភ្ញៀវជនជាតិចិន។ អ្នកជំនាញព្រមានថា ឥទ្ធិពលរបស់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស អាចនឹងទាញទម្លាក់ការមកដល់របស់ភ្ញៀវទេសចរបរទេសថែមទៀត។

ក្រសួងទេសចរណ៍ និងកីឡាថៃ បានអះអាងថា ភ្ញៀវទេសចរចិន ជាច្រើននាក់បាននាំគ្នាសម្រុកធ្វើដំណើរត្រឡប់ទៅស្រុកវិញ ដើម្បីឱ្យទាន់ពេលឈប់សម្រាក និងដើម្បីបញ្ចៀសការកកស្ទះមនុស្សច្រើនពេលធ្វើដំណើរ ខណៈដែលអ្នកខ្លះមានការព្រួយបារម្ភអំពីសុវត្ថិភាពបន្ទាប់ពីការបាញ់ប្រហារនៅផ្សារទំនើប ស្យាម ប៉ារ៉ាហ្គន កាលពីថ្ងៃទី៣ ខែតុលា។

ប្រភពដដែលបានបន្តថា ការព្រួយបារម្ភថ្មីៗអំពីការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស អាចនឹងបង្កើនផលប៉ះពាល់ដល់រំហូរនៃភ្ញៀវទេសចរចូល ជាពិសេសពីមជ្ឈិមបូព៌ា ដែល បណ្តាលឱ្យមានការធ្លាក់ចុះក្នុងចំណោមអ្នកមកដល់ប្រមាណ៤៨ម៉ឺន នៅសប្តាហ៍ក្រោយ។

លោក តាសាផុន ប៊ីជីលីវែល (Tassapon Bijleveld) នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍អាស៊ី ( Asia Aviation) បាននិយាយថា ស្ថិតិដឹកជញ្ជូនជាមធ្យមនៅលើផ្លូវហោះហើររបស់ចិន នៅតែខ្សោយក្នុងរង្វង់៧០ភាគរយ ដោយសារតែកត្តាអវិជ្ជមានជាច្រើន។

លោកបានបន្តថា គម្រោងគ្មានទិដ្ឋាការនៅតែត្រូវបានចាត់ទុកថា ជាវិធានការដ៏មានប្រសិទ្ធភាពមួយ ដើម្បីទាក់ទាញទីផ្សារប្រទេសចិន ប៉ុន្តែវិស័យទេសចរណ៍ថៃ មិនអាចជៀសផុតពីភាពស្រពេចស្រពិលរយៈពេលខ្លីបានទេ ដោយសារតែការថយចុះទំនុកចិត្តលើសុវត្ថិភាពភ្ញៀវទេសចរ។

លោកបាននិយាយថា ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន របស់លោកនាយករដ្ឋមន្រ្តីស្រ៊ីថា ថាវេស៊ីន នៅសប្តាហ៍ក្រោយ អាចផ្តោតលើការស្តារទំនុកចិត្តឡើងវិញក្នុងអំឡុងពេលគ្មានទិដ្ឋាការ ដែលនឹងបញ្ចប់នៅខែកុម្ភៈ ឆ្នាំក្រោយ ជាពិសេសភ្ញៀវទេសចរភាគច្រើននៅតែមានការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាព និងសេដ្ឋកិច្ចធ្លាក់ចុះ។

លោកបាននិយាយថា ផលប៉ះពាល់នៃទីផ្សារចិន គឺជាការព្រួយបារម្ភខ្លាំងចំពោះអាកាសចរណ៍ជាងសង្រ្គាមនៅក្នុងប្រទេសអ៊ីស្រាអែល ដែលមិនទាន់ប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ទាក់ទងនឹងតម្លៃប្រេងឥន្ធនៈ។ តម្លៃប្រេងឥន្ធនៈនៅសប្តាហ៍នេះ បានធ្លាក់ចុះគួរឱ្យភ្ញាក់ផ្អើលពី១២០ដុល្លារក្នុងមួយបារ៉ែល មកនៅប្រហែល១០៥ដុល្លារ ដែលទាមទារឱ្យមានការត្រួតពិនិត្យក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ដើម្បីកំណត់និន្នាការតម្លៃកាន់តែច្បាស់ក្នុងរយៈពេលវែង។

លោក ភូរុទ្ធ ថាណាឡាវផានិច (Phunut Thanalaopanich) ប្រធានផ្នែកនៃសមាគមសណ្ឋាគារថៃបាននិយាយថា ទីផ្សារចិននៅឈៀងម៉ៃ មិនមានភាពរឹងមាំទេនៅឆ្នាំនេះ។ លោកកត់សម្គាល់ឃើញថា ភាគរយនៃការកាន់កាប់សណ្ឋាគារនៅឈៀងម៉ៃ ក្នុងខែតុលា គឺមានត្រឹមតែ ៥៥ភាគរយប៉ុណ្ណោះ។

លោកបានបន្តថា ជាធម្មតាបន្ទប់សណ្ឋាគារចាប់ពីខែនេះ គឺត្រូវកក់ពេញៗតែម្តង ប៉ុន្តែរដូវវស្សាកាន់តែយូរនៅឆ្នាំនេះបានរារាំងភ្ញៀវទេសចរពីការរៀបចំផែនការធ្វើដំណើរកម្សាន្តរបស់ពួកគេ។ យ៉ាងណាក៏ដោយ ប្រតិបត្តិករទេសចរណ៍នៅតែជឿជាក់ថា គម្រោងលើកលែងទិដ្ឋាការនឹងជួយស្តារទីផ្សារចិនឡើងវិញនៅប៉ុន្មានខែខាងមុខ ប៉ុន្តែមានការព្រួយបារម្ភអំពីវិធានការត្រួតពិនិត្យ។

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីខ្លះធ្វើឱ្យតម្លៃផ្ទះជួលទីក្រុងហូជីមិញប្រទេសវៀតណាមបន្តដាំក្បាលចុះ?

ព័ត៌មាន
អ្នកជំនាញបាននិយាយថា តម្លៃផ្ទះជួលនៅកណ្តាលទីក្រុងហូជីមិញបានបន្តធ្លាក់ចុះដោយសារកំណើនសេដ្ឋកិច្ចមានភាពយឺតយ៉ាវជាងការរំពឹងទុក។ តម្លៃត្រូវបានគេ…

ថ្នាក់ដឹកនាំកម្ពុជា វៀតណាម និងប្រេស៊ីល សន្យាបង្កើនកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្ម

ព័ត៌មាន
ឯកអគ្គរដ្ឋទូតវៀតណាមប្រចំាកម្ពុជា និងរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីស បានប្ដេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ