អគ្គនាយកនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញាថៃបាននិយាយថា នាយកដ្ឋានបានកំណត់គោលដៅដើម្បីអនុម័តការចុះបញ្ជីផលិតផលសម្គាល់ភូមិសាស្ត្រ GI ថ្មីចំនួន ២២ បន្ថែមទៀតនៅឆ្នាំនេះ ដែលក្នុងនោះ ១៩ ត្រូវបានចុះបញ្ជីរួចហើយនៅក្នុងឆមាសទី១ នៃឆ្នាំ២០២២ នេះ។ ផលិតផល GI ដែលទើបចុះបញ្ជីថ្មី រួមមាន អំពិលផ្អែម, ស្វាយ, សូត្រ, ផ្លែទទឹម និង ផលិតផលផ្សេងទៀតមកពីតំបន់ខុសៗពីគ្នា។ បច្ចុប្បន្ននេះ ថៃមានផលិតផលចុះបញ្ជីសម្គាល់ភូមិសាស្ត្រ GI ចំនួន ១៦១មុខ ដែលគ្របដណ្តប់ក្នុងខេត្តទាំង ៧៧ ទូទាំងប្រទេសថៃ។ លើសពីនេះ មានផលិតផលថៃចំនួន ៧មុខ ដែលមានការចុះបញ្ជី GI នៅបរទេសផងដែរ ដែលមានដូចជាប្រភេទ អង្ករ កាហ្វេ អំបោះសូត្រជនជាតិដើមភាគតិចជាដើម។ ផលិតផល GI មួយចំនួនរបស់ថៃដែលកំពុងត្រូវបានពិចារណានៅក្នុងទីផ្សារបរទេសរួមមាននៅក្នុង ប្រទេសចិន ប្រទេសជប៉ុន វៀតណាម និង ប្រទេសឥណ្ឌូនេស៊ី។
គួរបញ្ចាក់ថា GI គឺជាវិញ្ញាបនបត្រមួយដែលប្រើដើម្បីកំណត់អត្តសញ្ញាណផលិតផល ដែលមានប្រភពនៅក្នុងទឹកដីនៃប្រទេស តំបន់ ឬ ទីតាំងជាក់លាក់ណាមួយ ដែលមានលក្ខណៈ និង គុណភាពល្អ ដែលអាចបង្កើនតម្លៃបន្ថែមនៅក្នុងទីផ្សារនៅក្នុងប្រទេសអភិវឌ្ឍន៍។
យោងតាមអគ្គនាយកនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញាថៃកាលពីខែមុន អាជ្ញាធរថៃក៏បានដាក់ពាក្យស្នើសុំ GI នៅអឺរ៉ុបសម្រាប់ស្រាក្រហម Khao Yai ដើម្បីបង្កើនការនាំចេញស្រាផងដែរ។ ស្រាក្រហម Khao Yai ត្រូវបានផលិតនៅក្នុងប្រទេសថៃពី ៣ សែនដប ទៅ ៥ សែនដប ជារៀងរាល់ឆ្នាំ។ ក្នុងនោះ មានតែក្រុមហ៊ុន GranMonte ប៉ុណ្ណោះដែលនាំចេញផលិតផលរបស់ខ្លួនជាចម្បងទៅកាន់ប្រទេសស៊ុយអែត បារាំង ជប៉ុន តៃវ៉ាន់ និងសិង្ហបុរី ។
គួរជម្រាបថា អគ្គនាយកនៃនាយកដ្ឋានកម្មសិទ្ធិបញ្ញាថៃបានអះអាងថា ការចុះបញ្ជី GI ជោគជ័យនៅបរទេសនឹងជួយការពារផលិតផលថៃនៅក្នុងទីផ្សារក្រៅប្រទេស និង ធ្វើឱ្យផលិតផលថៃកាន់តែទាក់ទាញដល់អ្នកទិញ៕