ការណ៍ដែលប្រទេសថៃសម្រេចដឹកជញ្ជូនផ្លែទុរេនតាមយន្ដហោះទៅកាន់ប្រទេសទីផ្សារចិននេះ បន្ទាប់ពីមានការសម្រេចអនុញ្ញាតពីខាងភាគីចិន ខណៈដែលការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹកប្រឈមនឹងហានិភ័យកកស្ទះបណ្ដាលឲ្យខូចខាត។ នេះបើតាមការចុះផ្សាយដោយសារព័ត៍មាន Bangkok Post។
លោក Alongkorn Ponlaboot ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចសហប្រតិបត្តិការថៃបានថ្លែងថា វាជាដំណឹងល្អសម្រាប់កសិករដាំដុះផ្លែទុរេនរបស់ថៃ ក្រោយពេលដែល ថៃអាចដឹកជញ្ជូនផ្លែទុរេនតាមជើងយន្ដហោះ ទៅកាន់ទីផ្សារចិន នៅចំពេលដែលការដឹកជញ្ជូនផ្លែឈើតាមផ្លូវគោក និងផ្លូវទឹកកំពុងប្រឈមនឹងការលំបាក។
ការដឹកជញ្ជូនទុរេន គឺអាចធ្វើទៅបានបន្ទាប់ពីក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស Tianjin Air Cargo ដែលមានមូលដ្ឋាននៅក្នុងតំបន់ប៉េកាំង-ធានជីន-ហឺប៉ី របស់ប្រទេសចិន បានបើកដំណើរការសេវាកម្មដឹកជញ្ជូនដែលតភ្ជាប់ទីក្រុងណាននីង រដ្ឋធានីនៃតំបន់ស្វយ័តក្វាងស៊ី ឆ័ង ភាគខាងត្បូងប្រទេសចិន ជាមួយនឹងទីក្រុងបាងកក ប្រទេសថៃ។
លោក Alongkorn ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចសហប្រតិបត្តិការថៃបានបន្ថែមថា សេវាដឹកជញ្ជូនថ្មីនេះត្រូវបានរំពឹងថា នឹងបង្កើនការនាំចេញរវាងប្រទេសទាំងពីរ ពិសេសការនាំចេញផ្លែធុរេនតែម្ដង។
ការដឹកជញ្ជូនផ្លែឈើតាមផ្លូវអាកាសនេះ ធ្វើឡើង នៅក្រោយពេលដែលមានការសម្រេចពីសំណាក់រដ្ឋបាលគយទូទៅចិន (GACC) កាលពីថ្ងៃទី ១ ខែមេសា ដែលបានអនុញ្ញាតឱ្យមានការនាំចូលផ្លែឈើពីបរទេសចូលប្រទេសចិន។
រដ្ឋបាលគយចិ ក្រោយមកក៏បានអនុម័តឲ្យបើកព្រលានយន្តហោះអន្តរជាតិ Nanning Wuxu ដើម្បីជាច្រកសម្រាប់នាំចូលផ្លែឈើពីប្រទេសថៃទៅកាន់ទីផ្សារចិនផងដែរ។
លើសពីនេះទៅទៀត លោក Alongkorn បាននិយាយថា លោក រដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចសហប្រតិបត្តិការថៃ ក៏បានប្រាប់ភ្នាក់ងាររដ្ឋឱ្យជំរុញការនាំចេញតាមផ្លូវសមុទ្រផងដែរ ដើម្បីកាត់បន្ថយការកកស្ទះនៅតាមច្រកប៉ុស្ដិ៍ត្រួតពិនិត្យដីគោក នាអំឡុងពេលរដូវប្រមូលផលទុរេន។
គួរបញ្ជាក់ថា ការនាំចេញទុរេនប្រហែល៤០%របស់ថៃ គឺធ្វើឡើងតាមផ្លូវគោក ខណៈដែលប្រហែល៥%ទៀត នឹងឆ្លងកាត់ផ្លូវរថភ្លើងល្បឿនលឿនចិន-ឡាវ និងតាមផ្លូវអាកាសជាដើម។
ការនាំចេញទុរេនលើកទីមួយនេះ ត្រូវបានប្រមូលផលតាមស្ដង់ដារ សម្រាប់ការនាំចេញតាមផ្លូវអាកាស ដើម្បីកាត់បន្ថយហានិភ័យនៃការខូចខាតផ្លែទុរេនអំឡុងពេលនៃការផ្ទេរអំឡុងពេលដឹកជញ្ជូន។ ហើយការដឹកជញ្ជូនតាមផ្លូវអាកាស វាមិនសូវមានហានិភ័យ ក្នុងអំឡុងពេលដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវសមុទ្រនោះទេ។
មួយវិញទៀត ល្បឿននៃការដឹកជញ្ជូនទុរេន គឺអាចទៅដល់ទីផ្សារប្រទេសចិនបានឆាប់រហ័សក្នុងរយៈពេលប្រហែលតែ២ម៉ោងប៉ុណ្ណោះ ដែលវាក៏នឹងជួយធានាបាននូវភាពស្រស់របស់ទុរេន ដែលកំពុងមានតម្រូវការខ្ពស់ក្នុងចំណោមអ្នកទទួលទាននៅប្រទេសចិន៕
អត្ថបទ៖ ហ៊ុន គន្ធថៃ