លោក វីតតាយ៉ាកន ម៉ានីនេត្រ អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មក្នុងស្រុក បានលើកឡើងថា អគ្គនាយកដ្ឋានលោកកំពុងធ្វើការជាមួយនឹងសភាពាណិជ្ជកម្មថៃ និងអង្គភាពពាណិជ្ជកម្មពាក់ព័ន្ធផ្សេងទៀតដូចជាសមាគមផលិតចំណីអាហាររបស់ថៃ ជាដើម ដើម្បីលើកទឹកចិត្តវិស័យបសុសត្វ និងក្រុមហ៊ុនផលិតចំណីអាហារឱ្យប្រើប្រាស់ដំឡូងមីសម្រាប់ផលិតជាចំណីសត្វ។ គំនិតផ្ដួចផ្ដើមនេះ គឺដើម្បីជំរុញឱ្យការទិញដំឡូងមីស្ងួតឱ្យបានចំនួន១លានតោន ដែលស្មើនឹង២,៥លានតោននៃដំឡូងមីស្រស់។
បើតាមការអះអាងរបស់អគ្គនាយកដ្ឋានរូបនេះ ក្រុមហ៊ុនផលិតចំណីអាហារធំៗបានបង្កើនការប្រើប្រាស់ដំឡូងមីស្ងួតរបស់ពួកគេ១៥% រួចហើយ សម្រាប់ផលិតកម្មចំណីចាប់តាំងពីខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែគេបានរំពឹងថា និន្នាការនេះនឹងបន្តកើនឡើង១៥% ថែមទៀត សម្រាប់រយៈពេលពីរបីខែទៅមុខទៀត។
លោក វីតតាយ៉ាកន បានបន្តទៀតថា ក្រុមហ៊ុនផលិតករធំៗបានកែប្រែរូបមន្តរបស់ពួកគេរួចហើយ ហើយនាយកដ្ឋានរបស់លោកនឹងពិភាក្សាអំពីបញ្ហានេះបន្ថែមទៀតជាមួយនឹងតួអង្គផ្សេងទៀតនៅក្នុងវិស័យនេះ៕
អត្ថបទ៖ សុខ មង្គល