ក្រសួងសុខាភិបាលសាធារណៈ របស់ថៃ នៅថ្ងៃទី ១៧ ខែមីនានេះ បានប្រកាសរកឃើញករណីឆ្លង Covid-19 ថ្មីចំនួន ៣៥ ករណីបន្ថែមទៀត និងបានព្រមានដល់ពលរដ្ឋថា ការកង្វះគោលការណ៍ការពារខ្លួនឯង អាចនឹងជំរុញធ្វើឲ្យការផ្ទុះរាលដាលនៃជំងឺនេះ នឹងមិនអាចគ្រប់គ្រងបានឡើយ។
លោកវេជ្ជបណ្ឌិត Suwannachai Watanayingcharoenchai ដែលជាអគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង បានបញ្ជាក់ថា ករណីរកឃើញថ្មីនេះ គឺត្រូវបានបែងចែកជាពីរក្រុម។ ដោយក្រុមទី១ គឺក្នុងចំណោមមនុស្ស២៩នាក់ មានទំនាក់ទំនងជាមួយអ្នកជំងឺ និងកន្លែងដែលមានអ្នកជំងឺធ្លាប់បានទៅ ខណៈដែលអ្នកឆ្លង១៣ទៀត គឺជាអ្នកដែលបានទៅមើលមើលការប្រកួតប្រដាល់នៅពហុកីឡដ្ឋាន។ មាន៤ នាក់ផ្សេងទៀត គឺជាអ្នកដែលបានទៅដើរកម្សាន្ដនៅកន្លែងកម្សាន្ដនានា និង១២នាក់ទៀត គឺជាអ្នកនៅជិតស្និទ្ធជាមួយនឹងអ្នកជំងឺ Covid-19។
រីឯក្រុមទី២វិញ គឺមាន ៦ករណី ដោយមានមួយករណី គឺជាបុរសជនជាតិថៃ ដែលបានធ្វើដំណើរត្រឡប់ពីកម្ពុជាចូលទៅកាន់ប្រទេសថៃវិញ ប៉ុន្ដែ ក្នុងនោះ គេមិនបានបញ្ជាក់ពេលវេលាជាក់លាក់ទេថា តើជនជាតិថៃ ដែលត្រឡប់ពីកម្ពុជានោះ បានស្នាក់នៅកម្ពុជាប៉ុន្មានថ្ងៃ និងចាកចេញពីកម្ពុជា ត្រឡប់ទៅថៃវិញនៅថ្ងៃណានោះទេ។ មាន៤ករណីទៀត គឺ ធ្វើការជិតស្និទ្ធជាមួយនឹងជនបរទេស និងមួយករណីទៀត គឺករណី ដែលជាអ្នកស្ថិតនៅក្រោមការស៊ើបអង្កេត។
លោកវេជ្ជបណ្ឌិត Suwannachai បានមានប្រសាសន៍ថា «កាលពីសប្តាហ៍មុនចំនួនអ្នកជំងឺបានកើនឡើងយ៉ាងខ្លាំងព្រោះការតាមដានត្រូវបានពង្រីកទៅដល់ក្រុមមនុស្ស និងកន្លែងដែលគេជឿថា នឹងចម្លងជំងឺ»។
វេជ្ជបណ្ឌិតថៃរូបនេះ បានបន្ថែមទៀតថា «នេះស្របជាមួយនឹងការស៊ើបអង្កេតជំងឺ ដែលបង្ហាញថា អ្នកជំងឺថ្មីបានបង្ហាញអាកប្បកិរិយាប្រថុយប្រថាន ហើយមិនអនុវត្តតាមដំបូន្មានរបស់ក្រសួងសុខាភិបាលសាធារណៈ។ ពួកគេបានបន្តទៅទស្សនាតំបន់ហានិភ័យ និងកន្លែងដែលមានមនុស្សច្រើន ប្រមូលផ្ដុំគ្នា និងមិនបានកាត់បន្ថយសកម្មភាពសង្គម ដើម្បីរក្សា ចម្ងាយរបស់ពួកគេពីអ្នកដទៃនោះទេ ។»
បើតាមអ្នកជំនាញ អ្នកមានផ្ទុក Covid-19 គឺបានចម្លងជំងឺនេះ ទៅកាន់សមាជិកក្នុងក្រុមគ្រួសារ និងមិត្តភក្ដិ និងចម្លងដល់ក្មេង និងមនុស្សចាស់ផងដែរ។
លោកវេជ្ជបណ្ឌិត Suwannachai បានមានប្រសាសន៍ថា «ប្រសិនបើស្ថានភាពនេះនៅតែបន្តការរីករាលដាលនៅក្នុងប្រទេសនេះ នោះបញ្ហានឹងកាន់តែធំធេង និងមិនអាចគ្រប់គ្រងបាន» ។
ក្នុងចំណោមករណីឆ្លងដែលបានរកឃើញសរុប ២១២ ករណីនៅក្នុងប្រទេសថៃនេះ គឺមាន៤២ករណី ត្រូវបានព្យាបាលសះស្បើយ និងឲ្យចាកចេញពីមន្ទីរពេទ្យ។ នៅដល់ ១៦៩ ករណីទៀត គឺនៅស្នាក់ក្នុងមន្ទីរពេទ្យ រួមទាំងអ្នកជំងឺ ៣អ្នកកំពុងមានស្ថានភាពធ្ងន់ធ្ងរ ខណៈដែលករណីស្លាប់បាត់បង់ជីវិតមាន១ករណី។
អ្នកដែលស្ថិតក្រោមការស៊ើបអង្កេតអំពីការឆ្លងមេរោគ Covid-19 នៅក្នុងប្រទេសថៃ មកទល់ពេលនេះ គឺមាន ៧.៥៤៦ ករណី។
ប្រភព៖ Bangkok Post