បញ្ហា Covid-19 នៅប្រទេសថៃ

បើបញ្ហា Covid-19 ត្រូវបានគ្រប់គ្រង នៅខែក្រោយ ថៃរំពឹងទទួលបានភ្ញៀវទេសចរ ៣៧លាននាក់ សម្រាប់ឆ្នាំ២០២០


ក្រសួងទេសចរណ៍ និងកីឡាថៃ រំពឹងទទួលបានទេសចរបរទេសប្រមាណ៣៧លាននាក់នៅឆ្នាំនេះ ប្រសិនបើបញ្ហា Covid-19 ដែលកំពុងវាយប្រហារពិភពលោកនោះ អាចនឹងត្រូវគ្រប់គ្រងបាននៅក្នុងខែក្រោយនេះ។ ប៉ុន្ដែ បើវានៅតែអូសបន្លាយទៀតនោះ មិនមែនបញ្ហាសុខភាពសាធារណៈត្រូវជួបញ្ហាធ្ងន់ធ្ងរទេ វិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចថៃ ក៏អាចនឹងត្រូវជួបវិបត្តិកាន់តែធំផងដែរ។
បើបញ្ហា Covid-19 ត្រូវបានគ្រប់គ្រង នៅខែក្រោយ ថៃរំពឹងទទួលបានភ្ញៀវទេសចរ ៣៧លាននាក់ សម្រាប់ឆ្នាំ២០២០ (រូបថត៖ AFP)
ដោយ

លោក ភីផាត រ័ត្ន​ចាក់គីត ប្រាកាន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ និង​កីឡា​ថៃ បាន​ឲ្យដឹង​នៅក្នុង​កាសែត​បាងកកប៉ុស្ដ៍ កាលពីពេល​ថ្មីៗនេះថា ក្រសួងទេសចរណ៍ និងកីឡាថៃ រំពឹង​ចំនួន​ភ្ញៀវទេសចរ​បរទេស​នៅឆ្នាំនេះ ថានឹងមាន ៣៦លាន ៩សែននាក់ បើសិន​ករណី​ដែល បញ្ហា Covid-19 ត្រូវបាន​ធូរស្រាល និងអាចគ្រប់គ្រងបាន។ ប៉ុន្ដែ បើ​ការរីករាលដាល​នៅតែបន្ដ លោក ភីផាត បញ្ជាក់ថា វានឹង​អាច​ធ្វើឲ្យមាន​បញ្ហា​កាន់តែធំ និងមានក្ដីព្រួយបារម្ភ​កាន់តែខ្លាំង មិនមែនតែ​នៅក្នុង​វិស័យ​សុខភាព​សាធារណៈ​ប៉ុណ្ណោះទេ ប៉ុន្ដែ​វាក៏នឹង​ធ្វើឲ្យមានការ​ខាតបង់​ធ្ងន់ធ្ងរ​ដល់​ចំណូល​ពីវិស័យ​ទេសចរណ៍​ផងដែរ ខណៈដែល​សេដ្ឋកិច្ចថៃ គឺពឹងផ្អែកខ្លាំង​លើវិស័យទេសចរណ៍ ដែលវិស័យនេះ បាន​ចូលរួមចំណែក​ក្នុង​ ​ផលិតផល​ក្នុងស្រុក​​សរុប​រហូតដល់ទៅ ២០%។

លោក ភីផាត បន្ថែមទៀតថា ក្នុងករណី​មេរោគនេះ នឹងត្រូវ​ឈប់បន្ដរីករាលដាល នៅក្នុងខែ​មេសា ឆ្នាំនេះ ប្រទេសថៃ រំពឹងទទួលបាន​ភ្ញៀវទេសចរច្រើន​បំផុត គឺមាន​រហូតដល់ ៣៦លាន ៩សែននាក់ ដែលអាចនឹង​ផ្ដល់ប្រាក់ចំណូល​ប្រមាណ ១,៧៨ ទ្រីលានបាត ឬស្មើនឹង​ប្រមាណ ៥៦ ពាន់លាន​ដុល្លារអាមេរិក ពោលគឺ ចំនួននេះ មានការធ្លាក់ចុះ​ប្រហែល​ជាង ៣ពាន់លាន​ដុល្លារអាមេរិក ធៀបនឹង​ឆ្នាំ២០១៩ ដែលធ្លាប់ទទួលបាន​ភ្ញៀវទេសចរ​ ៣៩លាន ៨សែននាក់។

វិស័យទេសចរណ៍ថៃ បាន​រងផលប៉ះពាល់ មិនធ្លាប់មាន​តាំងតែ ប្រទេសចិន បាន​សម្រេច បិទទីក្រុង​ វ៉ូហាន ដែលជាកន្លែង​ផ្ទុះឡើង​នៃមេរោគ Covid-19 ដំបូងគេ ហើយវា​បាន​បណ្ដាល​ឲ្យ​ចំនួន​ទេសចរ​ជនជាតិចិន​ដែលបាន​ធ្វើដំណើរ​ទៅកាន់​ប្រទេសថៃ មានការ​ថយចុះ​ពីចំនួន ៣លាន​៨សែននាក់ កាលពីខែ​មករា មកនៅត្រឹម ២លាននាក់​ប៉ុណ្ណោះ នៅខែ​កុម្ភៈ​ឆ្នាំនេះ ហើយមកទល់ពេលនេះ​ចំនួន​ទេសចរ​បរទេស​​នៅតែ​បង្ហាញការធ្លាក់ចុះដដែល។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និងកីឡាថៃ គូសបញ្ជាក់ថា កាលណា​បញ្ហា​មេរោគ Covid-19 អូសបន្លាយកាន់តែវែង នោះផលប៉ះពាល់​មកលើ​ប្រទេសថៃ នឹងមាន​កាន់តែធំដែរ។

ប្រធានសមាគម​សណ្ឋាគារ​ថៃ លោកស្រី ស៊ូប៉ាវណ្ណ តានំ គៀតទីភូម បានបញ្ជាក់​ដែរថា ភ្ញៀវ​ទេសចរ​ដែលមកស្នាក់នៅក្នុងសណ្ឋាគារ​ គឺមានតែប្រមាណ ១០% ប៉ុណ្ណោះនាពេល​បច្ចុប្បន្ននេះ ពោលគឺ ចំនួន​បន្ទប់ដែលនៅសល់ គឺមានរហូតដល់ទៅ ៩០%ឯណោះ។

លោកស្រី ស៊ូប៉ាវណ្ណ បន្ថែមថា បើកាលណា​ការរីករាលដាល​នៃ Covid-19 នេះ នៅតែ​បន្ដឥតល្ហែរយ៉ាងដូច្នេះ នឹងមានសណ្ឋាគារ​ជាច្រើន នឹងត្រូវបង្ខំចិត្ត​បិទទ្វារ។

សូមបញ្ជាក់ថា គិតមកទល់ ថ្ងៃទី ១៦ ខែមីនានេះ ចំនួន​ករណី​ឆ្លង​មេរោគ​ Covid-19 នៅប្រទេសថៃ កើនឡើងដល់ ១១៤ ករណី និងមាន​អ្នកស្លាប់​ចំនួន ០១ នាក់ និង អ្នកដែលត្រូវបាន​ព្យាបាល​ធូរស្បើយ​ពីជំងឺនេះ មានចំនួន ៣៥ នាក់៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេស៖ Covid-19 ធ្វើឲ្យព្រឹត្តិការណ៍ និងសន្និសីទផ្លូវការជាច្រើននៅក្រៅប្រទេស ត្រូវលុបចោល និងពន្យារពេល

ព័ត៌មាន
Covid-19 បានធ្វើឲ្យពិភពលោកមានការព្រួយបារម្ភពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារចំនួនអ្នកឆ្លងថ្មី និងអ្នកស្លាប់ដោយសារមេរោគនេះមានការកើនឡើង មិនមានថមថ…

វៀតណាម ឃាត់ខ្លួនបុរសម្នាក់ ព្យាយាមនាំចេញម៉ាស់ ៣ម៉ឺនម៉ាស់ ទៅប្រទេសឡាវ ខណៈរដ្ឋាភិបាលបិទការនាំចេញម៉ាស់

ព័ត៌មាន
បុរសជនជាតិវៀតណាម ត្រូវបានអាជ្ញាធរប្រទេសនេះចាប់ខ្លួនភ្លាមៗ បន្ទាប់ពីបុរសនោះ បានព្យាយាមយកម៉ាស់ ៣ម៉ឺនម៉ាស់ចេញពីវៀតណាម ដើម្បីទៅលក់បន្តនៅប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ