បំណុលគ្រួសារនៅថៃ

បំណុលគ្រួសារនៅថៃកើនដល់ជាង៩០% នៃGDP ចំពេលមានក្ដីបារម្ភអំពីភាពជាប់គាំងផ្នែកគោលនយោបាយ


បំណុលគ្រួសារនៅក្នុងប្រទេសថៃ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ បានកើនដល់ប្រមាណ ៤៥៥ពាន់លានដុល្លារអាមេរិកហើយ ឬស្មើនឹងប្រមាណជាង ៩០% នៃទំហំផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះ ពោលគឺកើនឡើងបន្ថែមប្រមាណជាង ៣% បន្ថែមទៀត បើធៀបនឹងត្រីមាសទី៤ឆ្នាំ២០២២។ ស្ថានភាពបំណុលគ្រួសារនៅក្នុងប្រទេសថៃកំពុងហើមឡើងកាន់តែខ្លាំងនេះ ក៏កំពុងបង្កឲ្យមានក្ដីបារម្ភកាន់តែខ្លាំងដូចគ្នាដែរ ចំពោះស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះ នៅចំពេលដែល គោលនយោបាយត្រូវបានគេមើលឃើញថា អាចនឹងមានការជាប់គាំង។
ស្ថានភាពបំណុលគ្រួសារនៅថៃកំពុងហើមកាន់តែខ្លាំង
ដោយ

គិតមកទល់ពេលនេះ មានរយៈពេលជិត ២ខែហើយ តាំងពីគណបក្សគាំទ្រលិទ្ធិប្រជាធិបតេយ្យ ចលនាឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី ១៤ ខែឧសភា។ ខណៈពេលដែល ប្រទេសថៃកំពុងរង់ចាំការបង្កើតនូវរាជរដ្ឋាភិបាលថ្មី ដើម្បីដឹកនាំប្រទេសនោះ ស្ថានភាពស្មុគស្មាញនៃការកើនឡើងបំណុលគ្រួសារនៅក្នុងប្រទេសថៃក៏កំពុងវិវត្តទៅមុខកាន់តែអាក្រក់ទៅៗ នាំឲ្យការធ្វើការងាររបស់ធនាគារកណ្ដាលកាន់តែលំបាកដូចគ្នាដែរ។

បើតាមធនាគារកណ្ដាលថៃ បានប្រកាសកាលពីដើមខែកក្កដាឲ្យដឹងថា បំណុលគ្រួសារនៅក្នុងប្រទេសថៃ បានកើនដល់ប្រមាណ ៤៥៥ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៣ ឬស្មើនឹងប្រមាណ ៩០,៦% នៃទំហំ GDP ពោលគឺកើនឡើងពីប្រមាណ ៨៧% នៃ GDP កាលពីត្រីមាសទី៤ឆ្នាំ២០២២។ ការកំណត់ឡើងវិញ នៃបំណុលគ្រួសារ ដោយធនាគារកណ្ដាលថៃ ក៏បានរួមចំណែកធ្វើឲ្យមានការកើនឡើងនៃសមាមាត្រនៅក្នុងតួលេខបំណុលគ្រួសារចុងក្រោយនេះផងដែរ។

ស្របពេលដែលស្ថានភាពបំណុលគ្រួសារកើនឡើង បញ្ហាស្មុគ្រស្មាញនៅក្នុងឆាកនយោបាយថៃ កំពុងបង្កឲ្យមានក្ដីបារម្ភអំពីការជាប់គាំងលើការដាក់ចេញ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលថ្មី។ តាមការគ្រោងទុក នៅថ្ងៃទី១៣ ខែកក្កដា សភានឹងមានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដោយមានការចូលរួមបោះឆ្នោតពីសមាជិកព្រឹទ្ធសភាចំនួន២៥០នាក់ និងសមាជិកសភា ដែលទើបជាប់ឆ្នោតថ្មីចំនួន៥០០នាក់។ ទោះយ៉ាងណា តាមរយៈក្រុមចម្រុះដែលមកពីគណបក្សចំនួន ៨ ដែលរួមគ្នាជាមួយនឹងគណបក្សចលនាឆ្ពោះទៅមុខនោះ មិនប្រាកដថា នឹងអាចទទួលបានសំឡេងបោះឆ្នោតគាំទ្រ ៣៧៦សំឡេង ដើម្បីឲ្យលោក ភីតា លីមចារើនរ៉ាត់ ក្លាយជានាយករដ្ឋមន្ត្រីនោះទេ។

ករណីដែល ការបោះឆ្នោតនាយករដ្ឋមន្ត្រីកាន់តែមានភាពចម្រូងចម្រាស និងការសង្ស័យអំពីការបង្កើតរាជរដ្ឋាភិបាលថ្មី ដែលត្រូវអូសបន្លាយដល់ចុងឆ្នាំសារពើពន្ធ ពោលគឺនៅចុងខែកញ្ញានោះ រដ្ឋាភិបាលចាំផ្ទះរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា អាចនឹងបន្ដដឹកនាំរាជរដ្ឋាភិបាល ប៉ុន្ដែ ជាមួយនឹងសមត្ថភាពមានកម្រិតក្នុងការចាត់វិធានការសារពើពន្ធសំខាន់ៗ។ ប៉ុន្ដែ ករណីបើនាយករដ្ឋមន្ត្រីថ្មី មិនមែនជាលោក ភីតាវិញ ក្រុមអ្នកតវ៉ាអាចនឹងចេញធ្វើការតវ៉ាតាមដងផ្លូវជាថ្មីទៀត ដោយទុកឲ្យរដ្ឋាភិបាលគ្រប់គ្រងអ្វីៗ ត្រឹមកម្រិតដែលគេអាចធ្វើទៅបានប៉ុណ្ណោះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានជប៉ុន Nikkei។

ទេសាភិបាលរងនៃធនាគារកណ្ដាលរបស់ថៃ លោក Rondol Numnonda បាននិយាយថា មានមធ្យោបាយមួយក្នុងចំណោមធ្យោបាយដែលអាចធ្វើបាន គឺការកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយដល់អ្នកខ្ចីប្រាក់ដែលងាយរងគ្រោះ ពោលគឺជាអ្នកដែលមានជំពាក់បំណុលមកជាយូរមកហើយ។ ជាមួយគ្នានេះ លោកក៏បានបង្ហើបអំពី មធ្យោបាយ ដែលអាចកាត់អត្រាការប្រាក់គោលបន្ថែមទៀត នាពេលខាងមុខ ខណៈបច្ចុប្បន្នមាន ២%។

ប្រធានវិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍថៃ លោក Somkiat Tangkitvanich បាននិយាយថា មានកត្តាច្រើនយ៉ាងនៅពីក្រោយការកើនឡើងនៃបំណុលគ្រួសារនៅក្នុងប្រទេសថៃ រួមមាន ផលប៉ះពាល់ដែលបណ្ដាលមកពីជំងឺរាតត្បាតបានធ្វើឲ្យមានការកាត់បន្ថយប្រាក់ចំណូលរបស់ពលរដ្ឋ។ បន្ថែមពីនេះ ការកើនឡើងនៃលទ្ធភាពទទួលបានហិរញ្ញប្បទានតាមប្រព័ន្ធឌីជីល ក៏ជាកត្តាជំរុញឲ្យបំណុលគ្រួសារកើនឡើងដែរ។

ទោះយ៉ាងណា លោក Somkiat អះអាងថា ដរាបណានៅមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បញ្ហាបំណុលគ្រួសារនេះ មិនទាន់ត្រូវបានគេចាត់ចូលជាបញ្ហាភ្លាមៗនោះទេ ដោយលោកអះអាងថា មាន៣៥% នៃបំណុលទាំងនោះ គឺជាកម្ចីទិញលំនៅដ្ឋាន, ១២% ជាកម្ចីបង់រំលស់ទិញរថយន្ដ និង២៩% ជាកម្ចីទាក់ទងនឹងការប្រើប្រាស់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មី ដែលនឹងត្រូវបង្កើតឡើងនាពេលខាងមុខ មិនត្រឹមតែត្រូវប្រឈមនឹងការដោះស្រាយបញ្ហាបំណុលគ្រួសារដែលកំពុងកើនឡើងនោះទេ ប៉ុន្ដែ ក៏ត្រូវដោះស្រាយបញ្ហាបំណុលសាធារណៈដែលកំពុងកើនឡើងដូចគ្នាដែរ។ តួយ៉ាង គិតត្រឹមខែមីនាឆ្នាំ២០២៣ បំណុលសាធារណៈរបស់ប្រទេសថៃមានដល់ ៦១%នៃផលិតផលក្នុងស្រុកសរុប៕




អត្ថបទបន្ទាប់


កត្តាអ្វីខ្លះ អាចនឹងជំរុញឲ្យវិស័យអចលនទ្រព្យរបស់វៀតណាមនឹងងើបឡើងវិញនៅក្នុងឆមាសទី២?

ធនាគាររដ្ឋវៀតណាមបានបញ្ចុះអត្រាការប្រាក់គោលចំនួន៤ដង ដើម្បីកាត់បន្ថយអត្រាការប្រាក់កម្ចីរបស់ធនាគារពាណិជ្ជនានានៅក្នុងប្រទេស ដែលមានប្រជាជនប្រហែ…

ប្រធានក្រុមហ៊ុនរថយន្ត Renault ព្រមានថា ព្យុះភ្លៀងដែលបង្កឡើងពីប្រទេសចិន ជិតបោកបក់លើវិស័យរថយន្តអគ្គិសនីអឺរ៉ុបហើយ

ប្រធានក្រុមហ៊ុនផលិតរថយន្តរឺណូ (Renault) លោក ហ្សង់ ដូមីនីក សេណា (Jean-Dominique Senard) បានបញ្ចាក់កាលពីថ្ងៃទី៨ខែកក្កដាថា «ព្យុះភ្លៀងដែ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ