ក្រសួងហិរញ្ញវត្ថុអាមេរិក

ក្រសួងហិរញ្ញវត្ថុអាមេរិកបានព្រមានធនាគារហុងកុង ចំពោះការនាំចេញបច្ចេកវិទ្យាទៅរុស្ស៊ី


មន្ត្រីក្រសួងហិរញ្ញវត្ថុរបស់អាមេរិកបានព្រមានធនាគារមួយចំនួននៅទីក្រុងហុងកុងជុំវិញការនាំចេញបច្ចេកវិទ្យាទៅកាន់ប្រទេសរុស្ស៊ី។ ចំណាត់ការនេះបានកើតឡើងមិនយូរប៉ុន្មានមុនពេលរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី ជេណេត យេឡិន មកបំពេញទស្សនកិច្ចនៅក្នុងទីក្រុងប៉េកាំងនៅថ្ងៃសុក្រនេះ ដោយលោកស្រីគ្រោងនឹងពិភាក្សាពីភាពតានតឹងរវាងអាមេរិកនិងចិន ការព្រួយបារម្ភរបស់ធុរកិច្ចអាមេរិក និងទស្សនវិស័យសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរើយធើ និងសារព័ត៌មាននីកេអេស៊ា។
ក្រសួងរតនាគារអាមេរិកបានព្រមានធនាគារនៅហុងក្រុងចំពោះការនាំចេញបច្ចេកវិទ្យាទៅរុស្ស៊ីដោយល្មើសទណ្ឌកម្មអាមេរិក

មន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកមួយចំនួនបានធ្វើទស្សនកិច្ចទៅទីក្រុងហុងកុងដោយស្ងាត់ៗកាលពីខែមុន ដើម្បីជំរុញឱ្យធនាគារកណ្តាល ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនច្បាប់ ក្រុមប្រឹក្សាភិបាល និងក្រុមហ៊ុនឧស្សាហកម្មធ្វើការបន្ថែមទៀត ដើម្បីទប់ស្កាត់រំហូរបច្ចេកវិទ្យាទំនើបៗផលិតដោយអាមេរិកកុំឱ្យចេញពីទីក្រុងនេះចូលទៅក្នុងប្រទេសរុស្ស៊ី។

កិច្ចប្រជុំកាលពីពាក់កណ្តាលខែមិថុនា បានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះនៅមុនពេលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អេនថូនី ប៊្លីនខិន បានធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង។ អំឡុងទស្សនៈកិច្ចកាលនោះ លោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនតែងតែបារម្ភថា ក្រុមហ៊ុនចិនកំពុងផ្តល់បច្ចេកវិទ្យាដែលរុស្ស៊ីអាចប្រើប្រាស់នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។

មន្ត្រី៣រូបមកពីនាយកដ្ឋានហិរញ្ញប្បទានភេរវកម្មនិងឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់ក្រសួងរតនាគារនេះបានធ្វើកិច្ចប្រជុំនៅថ្ងៃទី១៥ និងទី១៦ ខែមិថុនា នៅទីក្រុងហុងកុងដោយស្នើឱ្យធនាគារ និងក្រុមនិយតករ ជួយកំណត់ប្រភេទទំនិញបច្ចេកវិទ្យាទំនើបៗរបស់អាមេរិកដែលគេបានដឹកជញ្ជូនទៅរុស្ស៊ីតាមរយៈទីក្រុងហុងកុង។ នេះបើតាមប្រភពមួយចំនួនដែលដឹងផ្ទាល់ពីរឿងនេះបានប្រាប់សារព័ត៌មាននីកេអេស៊ា។

តាមពិត ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកស្ថិរភាពទំនាក់ទំនងរវាងប្រទេសដែលមានសេដ្ឋកិច្ចកំពូលទាំង២នៅក្នុងពិភពលោក ប៉ុន្តែការព្រមានរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកក៏បានធ្វើឡើងមិនយូរប៉ុន្មានមុនពេលរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក គឺលោកស្រី យេឡិន បំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងរយៈពេល ៤ ថ្ងៃ ដោយចាប់ផ្ដើមនៅថ្ងៃសុក្រ ចុងសប្ដាហ៍នេះ។ នេះគឺជាដំណើរលើកដំបូងរបស់លោកស្រីទៅប្រទេសចិនក្នុងឋានៈជាប្រធានរតនាគារ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានចេញវិធានការរឹតត្បិតដាក់គ្នាទៅវិញទៅមកលើបញ្ហាជាច្រើន រួមទាំងការគ្រប់គ្រងការនាំចេញ សិទ្ធិមនុស្ស និងសន្តិសុខជាតិផងដែរ។

មន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកម្នាក់បាននិយាយពីថ្ងៃព្រហស្បតិ៍ថា នៅថ្ងៃសុក្រ ទី០៧ ខែកក្កដានេះ លោកស្រី យេឡិន ត្រូវជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាង (Li Qiang) នៅមហាសាលរបស់ប្រជាជនចិន។ លោកស្រីពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ច ក្ដីកង្វល់មួយចំនួនរបស់ក្រុមហ៊ុនអាមេរិក និងកិច្ចសហប្រតិបត្តិការទេភាគី និងពហុភាគី។

មន្ត្រីរូបនេះបានបន្ថែមថា សហរដ្ឋអាមេរិកមិនរំពឹងថានឹងមានការព្រមព្រៀងគ្នាលើគោលនយោបាយជាក់លាក់ណាមួយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះទេ ប៉ុន្តែសង្ឃឹមថានឹងមានកិច្ចសន្ទនាមួយប្រកបដោយភាពស្មោះត្រង់និងផលិតភាព ដែលអាចត្រួសត្រាយផ្លូវសម្រាប់កិច្ចពិភាក្សានាពេលអនាគត៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ប្រធានាធិបតីបេឡារុស្សថា លោកមានសិទ្ធិវេតូលើការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្ស

ព័ត៌មាន
ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងមានសិទ្ធិវេតូលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសា…

ក្រុមអ្នកសេដ្ឋកិច្ចហ្វីលីពិនកំពុងកាត់បន្ថយឱនភាពសារពើពន្ធ ខណៈបំណុលកំពុងកើនឡើងខ្លាំង

ព័ត៌មាន
ក្រុមអ្នកជំនាញសេដ្ឋកិច្ចហ្វីលីពិនកំពុងតែរៀបចំផែនការនិងយុទ្ធសាស្រ្តនានាដើម្បីធ្វើយ៉ាងណាកាត់បន្ថយឱនភាពសារពើពន្ធរបស់ប្រទេសដែលមានវិបត្តិកាលពីអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ