ប្រធានសកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានគូសបញ្ជាក់ថា ការព្យាករនេះ គឺផ្អែកទៅលើ កត្តាជាច្រើន រួមមានការបិទទ្វារប្រទេស មិនទទួលជនបរទេស យ៉ាងហោចណាស់ ៦ខែ, គម្រោងថវិកាជាតិជិត ១៣ពាន់លានដុល្លារអាមេរិក សម្រាប់ស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញមិនត្រូវបានបែងចែកក្នុងឆ្នាំនេះ និងងកត្តាចុងក្រោយគឺ ជំនួញពាណិជ្ជកម្មសកល ធ្លាក់ចុះខ្លាំងជាងការរំពឹងទុក។
បន្ថែមលើនេះ ការនាំចេញទំនិញរបស់ថៃក្នុងឆ្នាំនេះ អាចនឹងធ្លាក់ចុះ ១០% ខណៈការវិនិយោគធ្លាក់ចុះ ៨% ហើយភ្ញៀវទេសចរអន្តរជាតិថយចុះ ៨២% មកនៅត្រឹម ៧លាននាក់។
បញ្ហាដ៏ធំសម្បើមនេះ បានធ្វើឲ្យសេដ្ឋកិច្ចថៃខាតបង់ជាង ៦៧ពាន់លានដុល្លារអាមេរិក គិតត្រឹមដំណាច់ខែ កក្កដានេះ ដែលតួលេខនេះ ខ្ពស់ជាងការខាតបង់សេដ្ឋកិច្ច កំឡុងពេលវិបត្តិទឹកជំនន់ កាលពីឆ្នាំ ២០១១ ដែលខាតត្រឹមតែ ៤៥ពាន់លានដុល្លារអាមេរិក។
ការខាតបង់នេះ ភាគច្រើនគឺដោយសារតែរាជរដ្ឋាភិបាលថៃ ដាក់វិធានការចាក់សោរទីក្រុងយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាល់ការរីករាលដាលនៃមេរោគកូវីដ-១៩ ព្រោះវាបានធ្វើឲ្យ សកម្មភាពសេដ្ឋកិច្ចសកលជាប់គាំង ខណៈវិធានការបិទទីក្រុង និងការបាត់បង់ការងារ ក៏បានធ្វើឲ្យអំណាចទិញរបស់ប្រជាពលរដ្ឋបន្តធ្លាក់ចុះយ៉ាងគំហុក។
លើសពីនេះ ថៃ នឹងជួបប្រទះនូវហានិភ័យកាន់តែខ្ពស់ ចំពោះបញ្ហាគ្រោះរាំងស្ងួត ដែលប៉ះពាល់ដល់ការធ្វើស្រែចម្ការទាំងអស់ ពោលគឺបើតាមការព្យាករ គ្រោះរាំងស្ងួត នឹងធ្វើឲ្យសេដ្ឋកិច្ចថៃខាតបង់ជាង ២,៤ពាន់លានដុល្លារអាមេរិក ភាគច្រើនមកពីការដាំដុះ អំពៅ ស្រូវខុសរដូវ និងដំឡូងមី។
ជាចុងក្រោយ សកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានប៉ាន់ប្រមាណថា ទិន្នផលអំពៅ នឹងថយចុះពី ១៣២លានតោនកាលពីឆ្នាំមុន មកនៅត្រឹម ៧៥លានតោនក្នុងឆ្នាំ ២០២០នេះ ហើយស្រូវខុសរដូវថយពី ៧លានតោនមកនៅត្រឹម ២,៥លានតោនក្នុងឆ្នាំនេះ ខណៈដំឡូងមី ថយចុះបន្តិចបន្តួចពី ៣១លានតោន មកនៅត្រឹម ២៨លានតោន៕