នៅក្រោមច្បាប់ថ្មីនេះ ប្រជាជនថៃអាចដាំដើមកញ្ឆានៅតាមផ្ទះបាន បន្ទាប់ពីបានពួកគេជូនដំណឹងដល់អាជ្ញាធរក្នុងតំបន់របស់ពួកគេរស់នៅ ប៉ុន្តែកញ្ឆាទាំងនោះមិនអាចប្រើប្រាស់ក្នុងគោលបំណងធ្វើពាណិជ្ជកម្ម ដោយគ្មានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីអាជ្ញាធរបានឡើយ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោកអានូទីន ចាន់វីរៈគុល (Anutin Charnvirakul)។
ច្បាប់ថ្មីនេះ ត្រូវឆ្លងកាត់ការចុះផ្សាយនៅលើព្រឹត្តិបត្ររាជកិច្ចរបស់ថៃ (Royal Gazette)ជាមុនសិន ហើយនៅពេល ១២០ ថ្ងៃក្រោយ ទើបគេអាចអនុវត្តច្បាប់នេះ ក៏ដូចជាអាចដាំដំណាំកញ្ឆានៅផ្ទះបានស្របច្បាប់។ សូមជម្រាបថា ច្បាប់ដែលអនុម័តដោយរដ្ឋាភិបាលជាទូទៅចូលជាធរមាន បន្ទាប់ពីការបោះពុម្ភផ្សាយព្រឹត្តិបត្ររាជកិច្ចជាមុនសិន។
ទន្ទឹមនេះ ក្រសួងសុខាភិបាលក៏នឹងបង្ហាញជូនសភានូវសេចក្តីព្រាងច្បាប់ដាច់ដោយឡែកមួយផ្សេងទៀតនៅសប្តាហ៍នេះផងដែរ ដែលនឹងផ្តល់ព័ត៌មានលម្អិតស្តីពីការប្រើប្រាស់កញ្ឆាស្របច្បាប់ រួមទាំងការផលិត និងការប្រើប្រាស់ធ្វើពាណិជ្ជកម្ម រួមទាំងការណែនាំស្តីពីការប្រើប្រាស់សម្រាប់កម្សាន្តផងដែរ។
ទោះយ៉ាងណា ប្រធាននិយ័តករចំណីអាហារ និងឱសថថៃ លោក ផៃសាល ដាងឃុម (Paisal Dankhum) លើកឡើងថា ការដាំដុះកញ្ឆានៅក្នុងស្រុកគួរតែត្រូវបានប្រើប្រាស់ក្នុងគោលបំណងដូចជា ថ្នាំឱសថបុរាណ។
ទោះយ៉ាងណា នៅក្នុងច្បាប់ថ្មីនេះ ក្នុងករណី ដែលពលរដ្ឋថៃណាដាំដំណាំកញ្ឆា មិនបានជូនដំណឹងដល់រដ្ឋាភិបាល នោះនឹងត្រូវដាក់ទណ្ឌកម្ម ជាមួយនឹងការផាកពិន័យចាប់ពីជាង ៦០០ដុល្លារ រហូតដល់ជិត ១ម៉ឺនដុល្លារ ឬជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ហើយក៏អាចជាប់ទាំងការបង់ប្រាក់ បូករួមទាំងជាប់ពន្ធនាគារក្នុងពេលតែមួយផងដែរ បើសិនជារកឃើញមានការលក់កញ្ឆាដោយគ្មានអាជ្ញាប័ណ្ណ។
ច្បាប់ថ្មីនេះ គឺជាជំហានចុងក្រោយបង្អស់នៅក្នុងផែនការរបស់ប្រទេសថៃក្នុងការលើកកម្ពស់ដំណាំកញ្ឆាជាដំណាំដែលផ្ដល់នូវប្រាក់ចំណូល ខណៈប្រហែលមួយភាគបីនៃកម្លាំងពលកម្មនៅក្នុងប្រទេសថៃ គឺនៅក្នុងវិស័យកសិកម្ម។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៨ ប្រទេសថៃបានក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេ ដែលចាត់ទុកដំណាំកញ្ឆាជាដំណាំស្របច្បាប់ សម្រាប់ការប្រើប្រាស់ និងស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ ប៉ុន្ដែ កន្លងមកថៃមិនបានអនុញ្ញាតឲ្យពលរដ្ឋទូទៅមានការដាំដុះនោះទេ៕
អត្ថបទ ស៊ើង និមល់