![វិស័យពាណិជ្ជកម្ម](https://cdn.cambonomist.com/media/images/tvphkchmymls_aoychhndl30padasda.2e16d0ba.fill-960x540.jpg)
ថៃ និងម៉ាឡេស៊ី ដែលជាប្រទេសភូមិផងរបងជាមួយគ្នាកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចេញសក្ដានុពលផ្នែកពាណិជ្ជកម្ម និងការវិនិយោគឆ្លងដែនឱ្យបានពេញលេញ ដោយមានគោលបំណងបង្កើតច្រករបៀងសេដ្ឋកិច្ចដ៏រីកចម្រើនមួយនៅតាមបណ្តោយព្រំដែនរួមនៃប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចគោលដៅពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់៣០ពាន់លានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០២៧ ប្រទេសទាំងពីរចាំបាច់ត្រូវពង្រឹងទំនាក់ទំនង កែសម្រួលបទបញ្ញត្តិ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនានា។
នាយករដ្ឋមន្ត្រីថៃ វ័យ៣៨ឆ្នាំរូបនេះ បានកត់សម្គាល់ថា ម៉ាឡេស៊ី ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ប្រទេសថៃ នៅក្នុងតំបន់អាស៊ាន ដែលទំហំពាណិជ្ជកម្មជាមធ្យមឈានដល់ជាង២៤,៧ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣។
លោកស្រីបានគូសបញ្ជាក់ថា ដោយពាណិជ្ជកម្មឆ្លងដែននាពេលបច្ចុប្បន្នមានចំណែកគ្របដណ្ដប់ជាង៣០%នៃទំហំពាណិជ្ជកម្មទ្វេភាគីសរុប សកម្មភាពសេដ្ឋកិច្ចនៅតាមព្រំដែនថៃ-ម៉ាឡេស៊ី គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ហើយលោកស្រីជឿថា ប្រទេសទាំងពីនឹងអាចជំរុញពាណិជ្ជកម្មឆ្លងដែន និងការវិនិយោគបានកាន់តែច្រើនដើម្បីសម្រេចគោលដៅពាណិជ្ជកម្មទ្វេភាគីក្នុងទំហំ៣០ពាន់លានដុល្លារអាម៉េរិកនៅឆ្នាំ២០២៧។
ប្រទេសថៃ នៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសម៉ាឡេស៊ី ដោយថៃ ជាដៃគូពាណិជ្ជកម្មធំបំផុតទី៦របស់ខ្លួននៅទូទាំងពិភពលោក និងធំបំផុតទី២នៅអាស៊ាន ក្នុងឆ្នាំ២០២៣ ដោយពាណិជ្ជកម្មទ្វេភាគីបានឈានដល់ជាង២៤,៧ពាន់លានដុល្លារអាម៉េរិក។ នៅចន្លោះខែមករា ដល់ខែតុលា ឆ្នាំ២០២៤ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានឈានដល់ជាង២០,៧ពាន់លានដុល្លារអាម៉េរិក។
លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា ដែលបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេសថៃ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានអះអាងថា ប្រទេសថៃ និងម៉ាឡេស៊ី កំពុងផ្ដោតអាទិភាពសំខាន់លើការធ្វើសមាហរណកម្មតំបន់សេដ្ឋកិច្ចព្រំដែនពិសេស (SBEZs) ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគឆ្លងដែន៕
ដោយ: តែម សុខុម