
រោងចក្រវារីអគ្គិសនីដើរដោយចរន្តទឹកបូម ដែលផលិតអគ្គិសនីដោយការបង្ហូរទឹកទម្លាក់ចេញពីអាងទឹកដែលបានបូមស្តុកទុក កំពុងមានការរីកចម្រើនទូទាំងអាស៊ីអាគ្នេយ៍ ជាពិសេសនៅប្រទេសថៃ ឥណ្ឌូនេស៊ី និងវៀតណាម ហើយគេរំពឹងថា រោងចក្របែបនេះនឹងកើនឡើង៨ដងនៅត្រឹមឆ្នាំ២០៣៣។
យ៉ាងណាមិញអាជ្ញាធរផលិតអគ្គិសនីថៃ (EGAT) គ្រោងបោះទុនវិនិយោគជិត៣ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រវារីអគ្គិសនីដើរដោយចរន្តទឹកបូមថ្មីចំនួន៣ ដែលជាផ្នែកមួយនៃផែនការរយៈពេលវែងដល់ឆ្នាំ២០៣៧។
អាងស្តុកទឹក ផ្លូវទឹក និងម៉ាស៊ីនភ្លើងថ្មីនឹងត្រូវបានសាងសង់ឡើងនៅជុំវិញទំនប់ទឹកដ៏ធំមួយនៅកណ្តាលប្រទេសថៃ ដោយបច្ចុប្បន្នកំពុងរង់ចាំការយល់ព្រមពីរដ្ឋាភិបាល។ ប្រតិបត្តិការនៅទីនោះគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០៣៤។ ទន្ទឹមនេះ ថៃ ក៏កំពុងសិក្សាពីការសាងសង់ប្រព័ន្ធថ្មីៗបន្ថែមទៀតនៅភាគខាងលិច និងខាងត្បូងប្រទេសនេះដោយគ្រោងនឹងបញ្ចប់ការសិក្សានៅឆ្នាំ២០៣៧ ផងដែរ។
ចំណែកនៅប្រទេសឥណ្ឌូនេស៊ី ឯណោះវិញ ក្រុមហ៊ុនថាមពលរដ្ឋ PLN គ្រោងចាប់ផ្តើមដំណើរការរោងចក្រវារីអគ្គិសនីដើរដោយចរន្តទឹកបូមលើកដំបូងរបស់ខ្លួននៅឆ្នាំ២០២៨ ដោយគម្រោង ដែលមានការចូលរួមពីក្រុមហ៊ុនសំណង់ជប៉ុន Nippon Koei ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃ៨៥០លានដុល្លារ។ នៅក្នុងផែនការរយៈពេលវែងរបស់ខ្លួន ក្រុមហ៊ុន PLN គ្រោងសាងសង់រោងចក្របែបនេះចំនួនបីបន្ថែមទៀតនៅលើកោះជ្វា។
ដោយឡែកនៅប្រទេសវៀតណាម ឯណោះវិញ ក្រុមហ៊ុនថាមពលរដ្ឋមួយកំពុងដំណើរការសាងសង់រោងចក្របូមទឹកមួយ ដើម្បីផលិតថាមពលវារីអគ្គិសនីនៅភាគខាងត្បូងនៃប្រទេស ប៉ុន្តែគ្មានរបាយការណ៍ពីទុនវិនិយោគ ឬការចាប់ផ្ដើមដំណើរការរោងចក្រនេះនោះទេ៕
ដោយ៖ សុខ មង្កល