![លោក អ៊ួន បឋម ហៅ សាយ](https://cdn.cambonomist.com/media/images/sy.2e16d0ba.fill-960x540.jpg)
ការជ្រើសតាំងនេះបានផ្តល់ឱកាសមួយដែលជួយឱ្យលោក អ៊ួន បឋម ហៅ សាយ ឆ្លងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីចូលរួមជាមួយនឹងបេក្ខជន និងបេក្ខនារី ៩នាក់ផ្សេងទៀត សម្រាប់ការទទួលបានឱកាសក្លាយជាជ័យលាភីជាមួយនឹងប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។
លោក សាយ ដែលជាតារាចម្រៀងមានឈ្មោះបោះសំឡេងមួយរូបនៅកម្ពុជា និងក្រុមការងាររបស់លោក បានបង្កើតយុទ្ធនាការមួយឈ្មោះថា “រត់ដើម្បីសប្បុរសធម៌ជាមួយ សាយ” ដែលក្នុងយុទ្ធនាការនេះលោកបានរត់ក្នុងរយៈចម្ងាយផ្លូវ ២.៤០៨ គីឡូម៉ែត្រនៅជុំវិញ ២១ខេត្តក្រុងក្នុងរយៈពេល ៩៧ថ្ងៃ ដើម្បីរៃអង្គាសប្រាក់សម្រាប់បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ។
លោក សាយ បានថ្លែងថា៖ “គោលបំណងនៃការរត់នេះ ទី១ គឺជាការគម្រប់ខួប ៣០ឆ្នាំរបស់ខ្ញុំផ្ទាល់ដែលខ្ញុំចង់ធ្វើអំពើល្អអ្វីមួយតបស្នងសងគុណទៅដល់ប្រទេសជាតិខ្លួនឯងវិញក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ”។
យុទ្ធនាការដែលបានបញ្ចប់កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នេះ ប្រមូលមទឹកប្រាក់បានចំនួន ៥០០.០០០ ដុល្លារ។
លោកបានបន្ថែមថា៖ “ប្រាក់រៃអង្គាសបានទាំងអស់នេះ អាចជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជាបានជាងមួយម៉ឺនករណី ដែលបានទទួលសេវាសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ”។
![លោក អ៊ួន បឋម ហៅ សាយ](https://cdn.cambonomist.com/media/images/sy_jmyqnkrtphsngdt_2.2e16d0ba.fill-960x540.jpg)
![លោក អ៊ួន បឋម ហៅ សាយ](https://cdn.cambonomist.com/media/images/sy_nngkrmrtjmygn.2e16d0ba.fill-960x540.jpg)
អ្នកនាង ស៊ិនកេត អរុណ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈប្រចាំប្រទេសកម្ពុជារបស់មន្ទីរពេទ្យកុមារអង្គរ បានបង្ហាញការកោតសរសើរចំពោះការលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ព្រមទាំងពេលវេលា និងធនធានថវិកាផ្ទាល់ខ្លួនរបស់លោក សាយ ក៍ដូចជាការបរិច្ចាគប្រាក់តាមរយៈ “យុទ្ធនាការ១ដុល្លារសម្រាប់កុមារកម្ពុជា” របស់ពលរដ្ឋកម្ពុជា ដែលអ្នកនាងបានចាត់ទុកថា នេះគឺជាទង្វើមួយដើម្បីជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជានៅទូទាំងប្រទេស។
អ្នកនាងបានថ្លែងថា៖ “វាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ឬអាចថាជាព្រឹត្តិការណ៍ដ៏ធំមួយដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាយើង។ តាមរយៈព្រឹត្តិការណ៍នេះ យុទ្ធនាការ ១ដុល្លារសម្រាប់កុមារកម្ពុជា បានធ្វើឱ្យមន្ទីរពេទ្យកុមារអង្គរកាន់តែត្រូវបានគេស្គាល់ជាសាធារណៈនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស និងបង្ហាញឱ្យឃើញពីទឹកចិត្តដ៏សប្បុរសធម៌របស់ប្រជាជនកម្ពុជាក្នុងការចួលរួមជួយសង្គ្រោះអាយុជីវិតរបស់កុមារ ក៏ដូចជាជួយអភិវឌ្ឍសង្គមជាតិផងដែរ”។
យុទ្ធនាការ “រត់ដើម្បីសប្បុរសធម៌ជាមួយ សាយ” ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈជន ដែលថ្លែងអំណរគុណដល់លោក សាយ ចំពោះទឹកចិត្តលះបង់ដ៏អស្ចារ្យរបស់លោក។ ក្នុងចំណោមសាធារណជនទាំងនោះ ក៏មាន ឌីជេ ណាណា ផងដែរ ដែលបានជ្រើសតាំងលោកសម្រាប់ពានរង្វាន់ពលរដ្ឋគំរូ Smart នេះ។
ឌីជេ ណាណា បានថ្លែងថា៖ “ខ្ញុំសរសើរគាត់ខ្លាំង មិនមែនតែទៅលើទឹកចិត្តគាត់ទេ ព្រោះការដែលគាត់មានចិត្តល្អនៅសុខៗទៅរត់ ធ្វើបាបខ្លួនឯងដើម្បីប្រមូលលុយ ដើម្បីឲ្យកុមារ ហើយនេះជារឿងមួយ ហើយរឿងមួយទៀតគឺគាត់ធ្វើបានមែន”។
![លោក អ៊ួន បឋម ហៅ សាយ](https://cdn.cambonomist.com/media/images/sy_jmyqnkrtphsngdt_1.2e16d0ba.fill-960x540.jpg)
លោក សាយ បានថ្លែងទៀតថា បើសិនជាលោកក្លាយជាជ័យលាភី ហើយទទួលបានទឹកប្រាក់ ១ម៉ឺនដុល្លារនេះ លោកនឹងប្រើប្រាស់ទឹកប្រាក់នេះសម្រាប់គម្រោងដែលមានស្រាប់របស់លោក ដូចជាគម្រោង Let's Do It With SAI ដែលផ្តោតលើការងារជួយសង្គម និងជំរុញទឹកចិត្តយុវជនឱ្យចូលរួមក្នុងការងារសង្គមជាដើម។
អំពើល្អទាំងនេះហើយដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។
ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យាពេល ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ។
ដើម្បីចូលមើលវីដេអូអំពីលោក សាយ សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/57hPBKTz7d/
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
![លោក អ៊ួន បឋម ហៅ សាយ](https://cdn.cambonomist.com/media/images/sy_ddlprkbspprsjn.2e16d0ba.fill-960x540.jpg)