ក្រុមអ្នកជំនាញបានកត់សម្គាល់ថា ប្រតិកម្មបែបខឹងខុសរឿងនេះ គ្រាន់តែជាល្បិចកលយុទ្ធសាស្ត្រ ដែលភាគីថៃ រៀបចំទុកជាមុន ដើម្បីដោះដៃប៉ុណ្ណោះ តែវាមិនមែនមានន័យថា កម្ពុជា កំពុងតែដើរចូលអន្ទាក់របស់ថៃ នោះឡើយ។
លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលាតត្រដាងថា ភាគីថៃ បានរៀបចំយុទ្ធសាស្ត្រទុច្ចរិតទុកជាមុនយ៉ាងយូរមកហើយ ព្រោះស្ថានភាពជាក់ស្ដែងពួកគេកំពុងឈរជើង និងទាញយកផលប្រយោជន៍លើទឹកដីកម្ពុជា ដោយខុសច្បាប់។ បើតាមអ្នកជំនាញរូបនេះ ដំណើរការដោះស្រាយបញ្ហាព្រំដែនគោក តែងតែជួបឧបសគ្គរារាំងជាដរាប ក៏ដោយសារតែភាគីថៃ គ្មានឆន្ទៈស្មោះត្រង់ទាល់តែសោះ ពោលគឺចូលចិត្តប្រើល្បិចវាយទឹកឱ្យល្អក់ និងជារឿយៗតែងតែយកបញ្ហាព្រំដែនជាមួយកម្ពុជា ធ្វើជាឈ្នាន់នយោបាយ ដើម្បីដោះស្រាយ និងបង្វែរដានវិបត្តិផ្ទៃក្នុងរបស់ពួកគេតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា លោកបណ្ឌិត បានសង្កត់ធ្ងន់ថា កម្ពុជា ត្រូវតែរក្សាគោលជំហរច្បាស់លាស់ ដាច់ខាតមិនត្រូវរាំទៅតាមចង្វាក់ភ្លេង ឬដើរតាមសេណារីយ៉ូ ដែលភាគីថៃ ជាអ្នកដឹកនាំរឿងនោះឡើយ។ នៅក្នុងកាលៈទេសៈនេះ កម្ពុជា ត្រូវតែវាយបកតាមយន្តការច្បាប់ និងការទូតឱ្យកាន់តែមុតស្រួច ដោយលាតត្រដាងពីសកម្មភាពឈ្លានពាន និងចរិតមិនគោរពច្បាប់អន្តរជាតិរបស់ថៃ ទៅកាន់មជ្ឈដ្ឋានពិភពលោក ព្រមទាំងត្រូវបន្តធ្វើទំនើបកម្មវិស័យការពារជាតិ និងពង្រឹងភាពធន់ នៃសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ស្រដៀងគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម ហាក់មើលធ្លុះពីល្បិចកលនេះ និងបានកត់សម្គាល់ថា ភាគីថៃ តែងតែរកលេសរយពាន់ជំពូកម្ដងហើយម្ដងទៀត និងមិនដែលចង់ដោះស្រាយបញ្ហាព្រំដែនគោកជាមួយកម្ពុជា ឱ្យបានដាច់ស្រឡះនោះទេ ព្រោះដរាបណាព្រំដែនមិនទាន់ច្បាស់លាស់ ពួកគេនៅតែអាចបន្តឈរជើងក្រអឺតក្រទមលើទឹកដីកម្ពុជា។ អ្នកជំនាញរូបនេះបានផ្តល់ជាយោបល់ថា កម្ពុជា ត្រូវតែបន្តចាប់ដៃសហការជាមួយស្ថានទូតបរទេសនានា និងកៀរគរសហគមន៍អន្តរជាតិ ឱ្យចុះមកពិនិត្យតាមដានស្ថានការណ៍ជាក់ស្តែងនៅតាមព្រំដែន ដើម្បីប្រមូលភស្តុតាងឱ្យបានរឹងមាំសម្រាប់យកទៅតវ៉ា និងដាក់សម្ពាធលើភាគីថៃ នៅលើរាល់យន្តការអន្តរជាតិ។ លោកបណ្ឌិត បានបន្ថែមថា ការដែលកម្ពុជា ដេញជើងថៃ យកវិវាទព្រំដែនសមុទ្រទៅដោះស្រាយតាមយន្តការ UNCLOS នោះ គឺជាសញ្ញាណឆ្លាតវៃ មិនមែនជាការធ្លាក់ចូលអន្ទាក់ល្បិចកលរបស់ថៃ ដូចដែលពួកគេខំប្រឹងឃោសនានោះឡើយ។
គួររំលឹកថា កត្តាដែលជំរុញឱ្យកម្ពុជា សម្រេចចិត្តអូសទាញយកយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS មកប្រើប្រាស់នេះ គឺដោយសារតែភាគីថៃ ខ្លួនឯង ជាអ្នកលេងចរិតក្មេងខូច ដើរប្រកាសលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) ដោយឯកតោភាគីទាំងបំពានកាលពីពេលកន្លងទៅ។ ប៉ុន្តែនៅពេលដែលកម្ពុជា ប្រើធម៌ក្តៅ វាយបកតាមផ្លូវច្បាប់អន្តរជាតិ ដែលខ្លួនមានប្រៀប ភាគីថៃ បែរជាសម្តែងប្រតិកម្មឌឺដង និងរកលេសគំរាមបិទទ្វាររាល់ការចរចាផ្សេងៗទៅវិញ ដែលទង្វើនេះត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា ជាការឆ្លុះបញ្ចាំងពីចរិតនយោបាយចង់ចំណេញដាច់គេ និងខ្លាចរាលដាលដល់ការចាញ់ប្រៀបលើឆាកអន្តរជាតិតែប៉ុណ្ណោះ៕
អត្ថបទ៖ បូ ដូឡា