វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២

កម្ពុជានឹងទាញបានប្រយោជន៍អ្វីខ្លះ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២?


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាន សម្ដេច ហ៊ុន សែន ត្រូវបានអញ្ជើញជាកិត្តិយសចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ ដែលត្រូវធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ផ្ដើមឡើងថ្ងៃទី២២ ដល់ថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ ប្រទេសស្វី ដោយវេទិកានេះធ្វើឡើង ក្រោមមូលបទ «ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ១៩»។
វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន​ នឹងមានអញ្ជើញចូលរួម​ក្នុងកិច្ចប្រជុំ និងជំនួបជាច្រើន​ដូចជា ទិដ្ឋភាពយុទ្ធសាស្រ្តស្ដីពីអាស៊ាន,ការស្ដារសន្តិភាពនិងសណ្ដាប់ធ្នាប់ឡើងវិញ,ការរៀបចំរាត្រីកម្ពុជា «Cambodia Night» ដើម្បីបង្ហាញពីសក្ដានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់កម្ពុជាជាដើម ដោយ​កម្មវិធីនេះ មានការរៀបចំឡើងដោយ​ក្រុមហ៊ុន WorldBridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី។ តើការចូលរួមរបស់កម្ពុជា នៅក្នុងវេទិការសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២នេះ បានដើរតួនាទីសំខាន់យ៉ាងណាខ្លះ ហើយកម្ពុជានឹងចំណេអ្វីខ្លះពីការចូលរួមនេះ?

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន World Bridge Group បានគូសបញ្ជាក់ថា ការចូលរួមរបស់កម្ពុជា ក៏ដូចជា ក្រុមហ៊ុន WorldBridge ផ្ទាល់ នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសបង្កើនការទាក់ទាញបន្ថែមនូវវិនិយោគិនដែលជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ ឲ្យមកនិយោគនៅកម្ពុជា។ បើតាមអ្នកឧកញ៉ា សៀ ឫទ្ធី ការចូលរួមរបស់ក្រុមហ៊ុន WorldBridge Group ក្នុងការរៀបចំ​កម្មវិធី​រាត្រីកម្ពុជា «Cambodia Night» នៅលើទឹកដីប្រទេសស្វីស គឺជាឱកាសដ៏សំខាន់ ដើម្បីឲ្យកម្ពុជា អាចចែករំលែកនូវគោលនយោបាយ និងឱកាសវិនិយោគ ដល់បណ្ដាសមាជិកនៃវេទិកា​សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ ខណៈកម្ពុជា នឹងកាន់តែអាចទាក់ទាញវិនិយោគិនបន្ថែម តាមរយៈវេទិកានេះ។

អ្នកឧកញ៉ា សៀ ឬទ្ធី បានសង្កត់ធ្ងន់ទៀតថា កិច្ចប្រជុំនេះ មិនត្រឹមតែ​ជាការចែករំលែក និងពិភាក្សា​ក្នុងនាមកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានបង្ហាញ​ពីភាពជា​ប្រធានរបស់កម្ពុជា ក្នុងក្របខណ្ឌអាស៊ាន ពិសេសការបង្កើនទំនាក់ទំនង​កាន់តែជិតស្និទ្ធរវាងអាស៊ាន និងអឺរ៉ុប ផងដែរ។ អ្នកជំនួញដ៏ល្បីឈ្មោះបោះសំឡេង​នៅកម្ពុជា​រូបនេះ ក៏បានបន្តថា ការចូលរួមរបស់កម្ពុជា ជាបន្តបន្ទាប់ ដូចជា កិច្ចប្រជុំអាស៊ាន-អាមេរិក ដែលទើបតែបញ្ចប់ទៅថ្មីៗ និងវេទិកាសេដ្ឋកិច្ចពិភពលោក​ឆ្នាំ២០២២ ដែលកំពុងធ្វើឡើងនេះ មិនត្រឹមតែជាឱកាសសម្រាប់កម្ពុជា ក្នុងការជំរុញវិស័យនយោបាយការទូត ប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈទាក់ទាញអ្នកវិនិយោគបរទេស ផងដែរ។

បើតាមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នាឱកាសចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថាផងដែរ នៅក្នុងពិធីបិទកិច្ចពិភាក្សា​ជាមួយភាគីពាក់ព័ន្ធក្រោម​ប្រធានបទ «ទស្សនវិស័យយុទ្ធសាស្ត្រលើអាស៊ាន» និងនៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការជាមួយ ថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ក្រោមប្រធានបទ «ការស្តារសន្តិភាព និងសណ្តាប់ធ្នាប់ឡើងវិញ»។

ក្រៅពីអញ្ជើញចូលរួមក្នុងវេទិកាខាងលើ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏រំពឹងថា នឹងមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន ក៏ដូចជា ទទួលការចូលជួបសម្តែង ការគួរសមពីសំណាក់ឥស្សរជននយោបាយ និងធុរជនពិភពលោកផងដែរ។ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ មុនការចាប់ផ្ដើមវេទិកាខាងលើមួយថ្ងៃ សម្ដេច ហ៊ុន សែន ក៏ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហគមន៍អឺរ៉ុប នាទីក្រុងZurich ប្រទេសស្វីស ប្រមាណជាង២ពាន់នាក់ ផងដែរ ។

សូមបញ្ជាក់ថា វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ២០២២ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំប្រមាណជាង ២ពាន់នាក់ នៅជុំវិញពិភពលោក មកពីវិស័យនយោបាយ ធុរកិច្ច សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយជាដើម។ កិច្ចប្រជុំនេះទៀតសោត ផ្តោតសំខាន់លើកិច្ចពិភាក្សាជុំវិញមូលបទ ប្រវត្តិសាស្ត្រនៅចំណុចរបត់,គោលនយោបាយរបស់រដ្ឋាភិបាល និងយុទ្ធសាស្ត្រធុរកិច្ច ដើម្បីធ្វើឲ្យពិភពលោកកាន់តែប្រសើរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនប្រឈមនឹងសម្ពាធខ្លាំង ខណៈក្រុម G7 មានគោលដៅកាត់បន្ថយការពឹងផ្អែកលើថាមពលធ្យូងថ្ម

ព័ត៌មាន
ប្រទេសជប៉ុនកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសមាជិករបស់ខ្លួននៃបណ្តាប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឫ ហៅថា G7 ខណៈដែលទីក្រុងតូក្យូបានបដ…

តម្លៃសំបុត្រយន្តហោះទៅមកកម្ពុជា-ចិននៅតែខ្ពស់ចន្លោះពី ៧ពាន់ទៅ៨ពាន់ដុល្លារអាមេរិក

ព័ត៌មាន
ទោះបីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ លើពិភពលោកហាក់មានស្ថានភាពល្អប្រសើរ ហើយប្រទេសជាច្រើនបានបើកបន្ធូបន្ថយឲ្យមានការធ្វើដំណើរតាមផ្លូវអាកាសឡើងវ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ