ប្រទេសថៃហាក់មិនសូវមានក្ដីសង្ឃឹមខ្ពស់ ចំពោះភ្ញៀវទេសចរចិន ក៏ដោយសារតែ បច្ចុប្បន្នថៃនៅតែបន្ដមានករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃរាប់ពាន់នាក់ដដែល ខណៈដែលប្រទេសចិនវិញ នៅមួយរយៈពេលចុងក្រោយនេះ ក៏ចាប់ផ្ដើមមានការរឹតដ្បិតការធ្វើដំណើរជាងមុនផងដែរ ក្រោយមានការផ្ទុះកម្រើកករណីឆ្លងរាលដាលកូវីដ-១៩ជាថ្មី នៅក្នុងខេត្តមួយចំនួន។ នេះបើតាមការអះអាងពីអ្នកជំនាញទេសចរថៃ។
Story: សមាគមភ្នាក់ងារធ្វើដំណើរថៃ បានអះអាងនៅក្នុងសារព័ត៌មានបាងកកប៉ុស្ដិ៍នាពេលថ្មីៗនេះថា ក្រៅតែពីបញ្ហាឆ្លងរីករាលដាលកូវីដ-១៩ដែលកំពុងកើតមានក្នុងប្រទេសថៃ និងចិនហើយនោះ បញ្ហាការទូតវ៉ាក់សាំង ដែលកំពុងប្រជែងគ្នាយ៉ាងសកម្មរវាងចិន និអាមេរិក ក៏អាចជាផ្នែកមួយប៉ះពាល់ទៅដល់ស្ថានភាពទេសចរណ៍របស់ប្រទេសថៃផងដែរ។
ប្រធានសមាគមភ្នាក់ងារធ្វើដំណើរថៃ លោក ស៊ីសឌីវ៉ាច ឈីវ៉ារ៉ាត់ថាណាផន (Sisdivachr Cheewarattanaporn) បានលើកឡើងថា ក្រៅតែពីការបន្ដរាលដាលនៃរលកឆ្លងទី៣នៅក្នុងប្រទេសថៃហើយនោះ គម្រោងបើកទទួលភ្ញៀវទេសចរឡើងវិញរបស់ថៃក៏កំពុងប្រឈមនឹងបញ្ហាមួយទៀត ដោយសារតែខេត្តភាគខាងត្បូងនៃប្រទេសចិន គឺខេត្តគ័ងចូវ បានដាក់ការរឹតបន្ដឹងលើការធ្វើដំណើរយ៉ាងតឹងរឹង ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ដែលថ្មីៗនេះកំពុងត្រូវបានរកឃើញជាបន្ដបន្ទាប់នៅក្នុងប្រទេសចិន។
ប្រធានសមាគមភ្នាក់ងារធ្វើដំណើរថៃរូបនេះ បានបន្ថែមថា តាមការសន្និដ្ឋានរដ្ឋាភិបាលចិននឹងផ្ដល់អាទិភាពលើវិធានការសុវត្ថិភាព ដោយនឹងបន្ថែមរយៈពេលនៃធ្វើចត្តាឡីស័ករហូតដល់២១ថ្ងៃ សម្រាប់អ្នកដែលត្រឡប់ពីក្រៅប្រទេសចូលទៅក្នុងប្រទេសចិនវិញ។ ហើយបើមានវិធានការបែបនេះមែន ចង់ឬមិនចង់ វាអាចនឹងធ្វើឲ្យទេសចរចិនស្ទាក់ស្ទើរក្នុងការចេញធ្វើដំណើរកម្សាន្ដក្រៅប្រទេសជាក់ជាមិនខាន បើទោះបីជាកោះភូកេតរបស់ថៃ បើកឲ្យភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួចឲ្យចូលមកកម្សាន្ដ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កដោយក៏ដោយ។
ប្រទេសជាច្រើននៅតំបន់អាស៊ីកំពុងជាប់គាំង ជាមួយនឹងការរាតត្បាតនៃមេរោគ ហើយពួកគេមានជំនឿចិត្តតិចតួចប៉ុណ្ណោះនៅក្នុងវិស័យទេសចរណ៍ ហើយប្រទេសទាំងនេះ ហាក់រង់ចាំមើលរហូតដល់ត្រីមាសទី៤ឆ្នាំនេះ ទើបសម្រេចគិតគូឡើងវិញសម្រាប់ការធ្វើដំណើរអន្តរជាតិនេះ។
បើទោះបីជា ថៃមានក្ដីសង្ឃឹមតិចចំពោះការទទួលភ្ញៀវទេសចរក៏ដោយ ប៉ុន្ដែ គ្រោងការណ៍បើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញនេះ គឺថៃនៅតែជំនះបន្ដធ្វើឲ្យខាងតែបាន បើទោះបីជានៅដំណាក់កាលដំបូងនេះ មិនមានលទ្ធផលផ្លែផ្កាជាដុំកំភួនក្ដី ប៉ុន្ដែយ៉ាងហោចណាស់ វាក៏ជាការសាកល្បងដើម្បីជីវិតរស់សម្រាប់វិស័យទេសចរណ៍ដែរ។ នេះបើតាមការគូសបញ្ជាក់របស់ប្រធានសមាគមភ្នាក់ងារធ្វើដំណើរថៃ។
អ្នកជំនាញទេសចររូបនេះ បានសង្កត់ធ្ងន់ទៀតថា កត្តាមួយផ្សេងទៀត ដែលត្រូវប្រយ័ត្នគឺ ការប្រជែងគ្នាផ្នែកនយោបាយកាទូតវ៉ាក់សាំងពីសំណាក់ប្រទេសមហាអំណាចអាមេរិក និងចិន ដោយប្រទេសទាំងពីរនេះ កំពុងប្រើប្រាស់ឥទ្ធពលនេះ ដើម្បីទាញយកប្រយោជន៍ពីប្រទេសតំបន់អាស៊ីអាគ្នេយ៍។ ការប្រជែងគ្នារវាងមហាអំណាចទាំងពីរនេះ ក៏អាចនឹងជះឥទ្ធិពលមកលើទំនាក់ទំនងអន្តរជាតិ និងគោលនយោបាយផ្លាស់ប្ដូរការធ្វើដំណើរនៅពេលអនាគតផងដែរ៕