រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលោក Arkhom បានប្រាប់អ្នកយកព័ត៌មានថា សេដ្ឋកិច្ចថៃ ត្រូវគេរំពឹងថា នឹងកើនឡើងជាង ៤% នៅឆ្នាំក្រោយ ដោយសារការងើបឡើងវិញនៃវិស័យទេសចរណ៍ ខណៈដែលនៅឆ្នាំ ២០២២ ព្យាករថានឹងមានកំណើន៣,៥%។
ជាមួយគ្នានេះ សមាមាត្របំណុលសាធារណៈរបស់ប្រទេសថៃធៀបទៅនឹងផលិតផលក្នុងស្រុកសរុប (GDP) ត្រូវគេរំពឹងថា នឹងមានជាង ៦១% គិតនៅត្រឹមចុងខែកញ្ញាខាងមុខ ពោលគឺទាបជាងការព្យាករកាលពីលើកមុន ដែលថា នឹងមានកម្រិតជិត៦៣% ដោយសារផលិតផលក្នុងស្រុកសរុបមានការកើនឡើង។
លោក Arkhom ក៏បាននិយាយដែរថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារបានអនុម័តផែនការគ្រប់គ្រងបំណុលសាធារណៈ ដែលបានកែសម្រួលសម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្នដែលបញ្ចប់ត្រឹមខែកញ្ញាជាមួយការខ្ចីប្រាក់ថ្មីកើនឡើងបន្ថែមប្រមាណ ៣៨៧លានដុល្លារ នាំឲ្យបំណុលសារណៈសរុបកើនដល់ទៅ ជិត៤០ពាន់លានដុល្លារ។
លោកបានបន្ថែមថា ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលថៃ (BoT) មិនគួរមានផលប៉ះពាល់ខ្លាំងដល់បំណុលសាធារណៈ ដែលមានស្រាប់នោះទេ ព្រោះរដ្ឋាភិបាលបានរៀបចំរចនាសម្ព័ន្ធឡើងវិញជាច្រើនឱ្យទៅជាអត្រាការប្រាក់ថេរ ប៉ុន្តែការខ្ចីថ្មីអាចនឹងរងផលប៉ះពាល់។
លោកបានបន្តថា ផលប៉ះពាល់លើការប្រើប្រាស់មិនទាន់អាចវាយតម្លៃបាននៅឡើយទេ ព្រោះការបញ្ជូនអត្រាការប្រាក់តាមគោលនយោបាយទៅកាន់ស្ថាប័នហិរញ្ញវត្ថុជាធម្មតាត្រូវចំណាយពេលពី ៣ ទៅ ៦ ខែខណៈដែលធនាគារត្រូវបានស្នើសុំឱ្យជួយបន្ធូរបន្ថយផលប៉ះពាល់នៃអត្រាការប្រាក់ខ្ពស់ទៅលើអ្នកខ្ចីប្រាក់ផងដែរ។
លោក Pornchai Theeravet ប្រធានការិយាល័យគោលនយោបាយសារពើពន្ធរបស់ក្រសួងហិរញ្ញវត្ថុថៃបាននិយាយថា កំណើនសេដ្ឋកិច្ចនៅត្រីមាសទី២ ត្រូវគេរំពឹងថា នឹងខ្ពស់ជាងកំណើនប្រចាំឆ្នាំ២,២% នៅត្រីមាសទីមួយ ហើយទិន្នន័យផលិតផលក្នុងស្រុកសរុបប្រចាំត្រីមាសទី២ ជាផ្លូវការនឹងត្រូវបានចេញផ្សាយដោយទីភ្នាក់ងារផែនការរដ្ឋនៅថ្ងៃទី ១៥ខែសីហា។
លោក Pornchai បានប្រាប់សន្និសីទសារព័ត៌មានថា ឆមាសទី២គួរតែមានការងើបឡើងវិញជាបន្តទៀតដោយសារវិស័យទេសចរណ៍មានកំណើនល្អប្រសើរ បន្ទាប់ពីការបន្ធូរបន្ថយវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ហើយថា ប្រទេសធំៗផ្សេងទៀតក៏គ្រោងអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនចេញធ្វើដំណើរផងដែរ។
ប្រទេសថៃ រំពឹងនឹងទទួលបានភ្ញៀវទេសចរបរទេសចំនួន ៨ លាននាក់នៅឆ្នាំនេះ គឺបានកើនឡើងពីចំនួនជាង ៦លាននាក់ដែលបានព្យាករកាលពី៣ខែមុន ហើយកាលពីមុនការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅឆ្នាំ២០១៩ ថៃទទួលបានទេសចរបរទេសជិត ៤០ លាននាក់។
ក្រសួងហិរញ្ញវត្ថុថៃ រំពឹងថាការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃនោះនឹងកើនឡើង ៧,៧% នៅឆ្នាំនេះ ពោលគឺបានកើនឡើងពីកំណើន៦% ដែលបានព្យាករណ៍កាលពីលើកមុន។
លោកបាននិយាយថា ទោះបីជាមានអតិផរណាខ្ពស់ក៏ដោយ ការប្រើប្រាស់ឯកជនត្រូវគេរំពឹងថានឹងកើនឡើង៤,៨% នៅឆ្នាំនេះគឺ ខ្ពស់ជាងការកើនឡើង ៤,៣% ដែលបានព្យាករពីពេលមុន ហើយថា អតិផរណាគួរតែកាត់បន្ថយបន្តិចម្តងៗប្រសិនបើតម្លៃថាមពលមានស្ថិរភាព៕
អត្ថបទ៖ សុខ ជា