មជ្ឈមណ្ឌលស្រាវជ្រាវកសិកនបានប៉ាន់ប្រមាណថា ឆ្នាំ ២០២០ខាងមុខ នឹងមានការបាត់បង់ការងារ ៣ម៉ឺនកន្លែងបន្ថែមទៀត ដោយសារតែភាពមិនអំណោយផលនៃសេដ្ឋកិច្ច ដូចជាក្នុងឆ្នាំ ២០១៩នេះស្រាប់ គឺមានការបាត់បង់ការងាររហូតដល់ទៅ ១សែនកន្លែងឯណោះ។
លោកស្រី ខេវ៉ាលីន វ៉ាងពិចា យ៉ាសុក ជំនួយការនាយកគ្រប់គ្រង មជ្ឈមណ្ឌលស្រាវជ្រាវ កសិកន បានឲ្យដឹងថា ក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០១៩នេះ មានការងារ៧ម៉ឺនកន្លែង ត្រូវបានបាត់បង់ក្នុងវិស័យឧស្សាហកម្មផលិត ហើយសល់ពេល ២ខែ មុនដំណាច់ឆ្នាំនេះ អាចនឹងមានការបាត់បង់ ៣ម៉ឺនកន្លែងទៀត។
ការកាត់បន្ថយការងារនៅក្នុងវិស័យឧស្សាហកម្ម គឺដោយសារតែ ការនាំចេញទំនិញ មានការធ្លាក់ចុះ ហើយបើរាប់បញ្ចូលទាំងវិស័យកសិកម្ម និងសេវាកម្ម ចំនួនការងារដែលត្រូវបាត់បង់ អាចលើស ១សែនកន្លែងទៅទៀត។
យ៉ាងណាក៏ដោយ គណៈកម្មាធិការប្រាក់ឈ្នួលថ្នាក់ជាតិថៃបានបញ្ជាក់ថា ការកើនឡើងនៃប្រាក់ឈ្នួលអប្បបរមា ៥បាតក្នុងមួយថ្ងៃអាចនឹងប៉ះពាល់បន្តិចបន្តួចប៉ុណ្ណោះដល់ ការចំណាយផលិតកម្មរបស់ក្រុមហ៊ុននីមួយៗ ដូច្នេះហើយក្រុមហ៊ុនទាំងអស់ មិនត្រូវបានអនុញ្ញាតឲ្យ ដំឡើងថ្លៃទំនិញរបស់ពួកគេនោះទេ។
សូមបន្ថែមថា តាមការស្រាវជ្រាវរបស់ក្រុមហ៊ុនកន ហ្វឺរី បានបង្ហាញថា ការកើនឡើងនៃប្រាក់ឈ្នួល ៥% របស់ថៃ គឺទាបជាង កំណើនមធ្យមក្នុងតំបន់អាស៊ីបន្តិច ដែលមានអត្រា ៥.៣% ក៏ប៉ុន្តែ កំណើននេះ គឺអាចទទួលយកបានសម្រាប់ បុគ្គលិកនិយោជិតនៅក្នុងប្រទេសថៃ៕