នាយករដ្ឋមន្ត្រីថៃ លោក ស្រ៊ីថា ថាវីស៊ីន បានច្រានចោលការអះអាងរបស់អ្នករិះគន់ដែលថា សំណើរបស់រដ្ឋាភិបាលក្នុងការដំឡើងកូតាកម្មសិទ្ធិដល់ជនបរទេសក្នុងការកាន់កាប់ និងអភិវឌ្ឍន៍គម្រោងខុនដូ នឹងផ្តល់ការជួលដីយូរជាងធម្មតា ឬស្មើនឹងការលក់ជាតិ។ នាយករដ្ឋមន្ត្រីថៃ អះអាងថា សំណើនេះ គឺផ្តោតលើតែការជួលរយៈពេលវែង មិនមែនលក់ដីនោះទេ ហើយវាមិនជាប់ពាក់ព័ន្ធនឹងការលក់ជាតិឡើយ។ ផ្ទុយទៅវិញសំណើនេះ គឺធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាព និងជំរុញការទាក់ទាញបរទេសឲ្យចាប់អារម្មណ៍នឹងគម្រោងវិនិយោគលើផ្នែកអភិវឌ្ឈន៍ខុនដូនៅក្នុងប្រទេសថៃ។
គណៈរដ្ឋមន្ត្រីថៃ កាលពីសប្តាហ៍មុនបានបញ្ជាឱ្យសិក្សាលើសំណើមួយ ដើម្បីដំឡើងកូតាកម្មសិទ្ធិកាន់កាប់គម្រោងខុនដូរបស់ជនបរទេសពី៤៩% ទៅ៧៥% និងពង្រីកលក្ខខណ្ឌជួលដីសម្រាប់ជនបរទេសដោយតម្លើងរយៈពេលពី៣០ទៅ៥០ឆ្នាំ រហូតដល់៩៩ឆ្នាំ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក អានុទិន ចានវីរគុល ( Anutin Charnvirakul) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃបានថ្លែងថា ជំនាញកំពុងពិចារណាលើគុណសម្បត្តិ និងគុណវិបត្តិនៃគោលនយោបាយនេះ។ លោកបានអះអាងថា សិទ្ធិរបស់ប្រជាជនថៃនឹងត្រូវបានការពារ ខណៈផលប្រយោជន៍សេដ្ឋកិច្ច ក៏ត្រូវយកចិត្តទុកដាក់។
ជាមួយគ្នានេះលោក ជូឡាភុន អាម៉នវីវាត់ (Julapun Amornvivat) អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានការពារសំណើនេះថា ប្រសិនបើរដ្ឋាភិបាលបង្កើនកូតាខុនដូសម្រាប់អ្នកទិញបរទេស និងពង្រីករយៈពេលជួលដីសម្រាប់ជនបរទេសនោះ វានឹងជួយទាក់ទាញជនបរទេសដែលមានជំនាញមករស់នៅក្នុងប្រទេសថៃកាន់តែច្រើន។
ជុំវិញបញ្ហានេះ លោក អ៊ីសារ៉ា បូនីយុង (Issara Boonyoung ) ប្រធានកិត្តិយសនៃសមាគមអាជីវកម្មលំនៅដ្ឋានបាននិយាយថា ការផ្លាស់ប្តូរនេះ នឹងលើកទឹកចិត្តឱ្យជនបរទេសកាន់តែចាប់អារម្មណ៍នឹងគម្រោងអចលនទ្រព្យនៅថៃ ហើយបានលើកឡើងថា សំណើរនេះគួរតែមានជាពិសេសនៅតំបន់ដែលបរទេសចូលចិត្ត ដូចជាទីក្រុងបាងកក ភូកេត និងប៉ាតាយ៉ា៕
ដោយៈ សរ សុជាតិ