
សារព័ត៌មាន វីអេនអ៊ិចប្រេស បានចុះផ្សាយថា ដើម្បីសង្រ្គោះកំណើនសេដ្ឋកិច្ចកុំឱ្យធ្លាក់មកនៅកម្រិត ១,៨% ដូចជាការប៉ាន់ប្រមាណជាថ្មីរបស់ IMF រាជរដ្ឋាភិបាលថៃ គ្រោងនឹងចាក់បញ្ចូលសាច់ប្រាក់១៥ពាន់លានដុល្លារ ទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ដើម្បីជំរុញការប្រើប្រាស់ ការវិនិយោគ និងការផ្តល់ប្រាក់កម្ចីអត្រាការប្រាក់ទាបសម្រាប់អាជីវកម្ម។
តាមការព្យាករណ៍របស់ IMF ប្រទេសថៃ នៅតែជាប្រទេសអាស៊ានតែមួយគត់ ដែលមានការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុបត្រូវបានកាត់បន្ថយមកនៅក្រោម ២% នៅឆ្នាំ២០២៥ ហើយ សម្រាប់ឆ្នាំ២០២៦ ស្ថាប័នដដែលនេះ រំពឹងថានឹងធ្លាក់ចុះបន្ថែមទៀតមកត្រឹម ១,៦%។
ពាក់ព័ន្ធនឹងស្ថានភាពនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ភីឆ័យ ជនញ៉ាវ៉ារ៉ា (Pichai Chunhavajira) បាននិយាយថា លោកចាត់ទុកការព្យាករណ៍របស់ IMF ជាការវាយតម្លៃបឋម។ លោកបានទទួលស្គាល់ថា គោលនយោបាយពន្ធគយបដិការរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ អាចមានផលប៉ះពាល់ខ្លះៗ ប៉ុន្តែលោកបានបញ្ជាក់ថា រដ្ឋាភិបាលកំពុងតាមដានការវិវត្តយ៉ាងដិតដល់ និងត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តវិធានការជំរុញសេដ្ឋកិច្ច ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃ GDP និងរក្សាកំណើននៅកម្រិតដូចអ្វីដែលបានព្យាករណ៍ពីមុន។
លោកបានបន្ថែមថា គ្រប់យន្តការនៃសេដ្ឋកិច្ចនៅតែបន្តស្ថិតក្រោមការពិនិត្យដោយមានជម្រើសជាច្រើនត្រូវបានពិចារណា។ ការពិគ្រោះយោបល់កំពុងបន្តជាមួយភ្នាក់ងារសំខាន់ៗ រួមមានក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ និងធនាគារថៃ។
ដោយឡែក តាមសារព័ត៌មានបាងកកប៉ុស្តិ៍ បានឲ្យដឹងថា មកដល់ពេលនេះ សហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ថៃ ដោយកាលពីឆ្នាំទៅ សហរដ្ឋអាម៉េរិក មានចំណែកទីផ្សារនាំចេញដល់ទៅជាង ១៨%នៃទំនិញថៃ ស្មើនឹងទឹកប្រាក់សរុប ជិត៥៥ពាន់លានដុល្លារ ប៉ុន្ដែថៃ មានអតិរេកពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាម៉េរិកដល់ទៅ ៤៥,៦ពាន់លានដុល្លារ ដូច្នេះថៃ ត្រូវជាប់ពន្ធគយបដិការ ៣៦%៕
ដោយៈ សរ សុជាតិ