ប្រទេសថៃ

ថៃកំណត់តម្លៃលើទំនិញ និងសេវាកម្មចំនួន ៥១ ប្រភេទ ដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុក


រដ្ឋាភិបាលថៃកាលពីថ្ងៃទី១៦មិថុនា បានយល់ព្រមរក្សាការគ្រប់គ្រងតម្លៃលើទំនិញរបស់ខ្លួន និងតម្លៃលើផ្នែកសេវាកម្មសរុបទាំងអស់ចំនួន ៥១ ប្រភេទ ស្របពេលដែលអាជ្ញាធរ ក៏បានដាក់ចេញនូវវិធានការតឹងរ៉ឹងលើទីផ្សារគ្រាប់ពោត ក្នុងខេត្តចំនួនបីបន្ថែមទៀតផងដែរ ដោយវិធានការទាំងអស់នេះ គឺដើម្បីធ្វើយ៉ាងណារក្សាស្ថិរភាពតម្លៃទំនិញក្នុងស្រុក កុំឲ្យឡើងថ្លៃខ្ពស់ នៅគ្រាដែលពិភពលោកទាំងមូលកំពុងប្រឈមនឹងបញ្ហាអតិផរណា។ នេះបើតាមការណ៍ចុះផ្សាយដោយសារព័ត៌មាន Bangkok Post។
ថៃរក្សាតម្លៃលើទំនិញ ៥១ មុខ!

នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការកណ្តាល​ស្តីពីតម្លៃទំនិញ និងសេវាកម្ម ដែលរៀបចំដោយរដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្មថៃ លោក ជូរិន ឡាកសាណាវិសិត (Jurin Laksanawisit) បានសម្រេចកំណត់បញ្ជីត្រួតពិនិត្យ​តម្លៃសម្រាប់ទំនិញចំនួន ៥១ ប្រភេទ ដែល ៤៦ ជាប្រភេទផលិតផលម្ហូបអាហារ​នានា និង ៥ប្រភេទទៀត ជាប្រភេទសេវាកម្ម។ បញ្ជី​ឈ្មោះទំនិញនេះ ​​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ត្រូវ​ស្នើ​សុំ​ការសម្រេច​របស់គណៈរដ្ឋមន្ត្រីថៃ​ជាមុខសិន​ ទើបដាក់ឲ្យប្រើប្រាស់។

គួរជម្រាបថា បញ្ជីត្រួតពិនិត្យតម្លៃទំនិញ និងសេវាកម្ម​នេះ គ្របដណ្តប់លើមុខទំនិញសំខាន់ៗសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដូចជាម្ហូបអាហារ ផលិតផលប្រើប្រាស់ ផលិតផលដែលទាក់ទងនឹងវិស័យកសិកម្ម (ជី ថ្នាំសម្លាប់សត្វល្អិត ចំណីសត្វ ត្រាក់ទ័រ និងម៉ាស៊ីនច្រូតស្រូវ) សម្ភារសំណង់ ក្រដាស ប្រេង និងថ្នាំពេទ្យផ្សេងៗទៀត។

លើសពីនេះ អាហារដែលបានចុះបញ្ជីរួមមាន ខ្ទឹមស ស្រូវ អង្ករ ពោត ស៊ុត ដំឡូងមី ម្សៅស្រូវសាលី ទឹកដោះគោស្រស់ ស្ករ បន្លែ/ប្រេងសត្វ និងសាច់ជ្រូកជាដើម។ ចំណែកឯ ផ្នែកសេវាកម្ម ដែលស្ថិត​នៅក្រោមការត្រួតពិនិត្យតម្លៃនេះ មានដូចជា សិទ្ធិក្នុងការចែកចាយតន្ត្រីដែលបានរក្សាសិទ្ធិសម្រាប់គោលបំណងពាណិជ្ជកម្ម សេវាកម្មពាណិជ្ជកម្ម និងសេវាកម្មដឹកជញ្ជូនសម្រាប់អាជីវកម្មអនឡាញ សេវាកម្មកសិកម្ម សេវាវេជ្ជសាស្រ្ត និងសេវាកម្មផ្សេងទៀតនៅក្នុងកន្លែងថែទាំសុខភាព និងសេវាបង់ប្រាក់ផងដែរ។

យោងតាមលោក Jurin ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃនិយាយថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនេះ ក៏នឹងមានការ​រឹតបន្តឹងការគ្រប់គ្រង់តម្លៃ​នៃការនាំចូលផលិតផលគ្រាប់ពោតពីប្រទេសខាងក្រៅផងដែរ ដើម្បីទប់ស្កាត់ផលប៉ះពាល់​ជាអវិជ្ជមាន​លើតម្លៃពោតក្នុងស្រុកថៃ។

យ៉ាងណាមិញ លោក Jurin បានបន្ថែមថា ក្រសួងពាណិជ្ជកម្មក៏សន្យា​នឹងពិចារណាដោយប្រុងប្រយ័ត្នដែរនូវសំណើ​របស់អ្នកផលិត ដើម្បីបង្កើន​តម្លៃ​ផលិតផល​របស់ពួកគេ ប៉ុន្តែលោកទទូចថា ក្រសួងមិនទាន់អនុញ្ញាតឱ្យ​អ្នកផលិត​មី​កញ្ចប់​ ដំឡើងតម្លៃរបស់ពួកគេនៅឡើយទេ ព្រោះខ្លាចថា​ការដំឡើងថ្លៃពេកអាចនឹងប៉ះពាល់ដល់អ្នកដែលមានចំណូលទាប ដែលភាគច្រើននោះ គឺពឹងផ្អែកលើការបរិភោគមីកញ្ចប់។

បន្ថែមពីលើនេះទៅទៀត ចំពេលមានការកើនឡើងតម្លៃប្រេងលើពិភពលោក ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ថ្លៃដើមផលិតកម្ម​របស់ក្រុមហ៊ុន​ក្នុងប្រទេសថៃ។​ ទោះបីជាបែបនេះក្តី ក្រសួងពាណិជ្ជកម្មបានប្តេជ្ញានឹងរក្សាតម្លៃទំនិញ​ប្រើប្រាស់ឱ្យ​បាន​យូរតាមដែលអាចធ្វើទៅបាន ដើម្បីធានាឱ្យមាន​ផលប៉ះពាល់តិចតួចបំផុតដល់អ្នកប្រើប្រាស់​ក្នុងប្រទេសថៃ៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WTO បានអនុម័តកិច្ចព្រមព្រៀងមួយចំនួនហើយ ក្រោយឆ្លងកាត់កិច្ចប្រជុំដ៏ចម្រូងចម្រាសអស់៥ថ្ងៃ

ព័ត៌មាន
នៅទីបំផុត កិច្ចប្រជុំដ៏ចម្រូងចម្រាសរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលប្រទេសជាសមាជិកទាំង ១៦៤ ប្រទេស បានឈានដល់ការអនុម័តយល់ព្រមលើកិច្ចព្រមព្រ…

តើការកើនឡើងតម្លៃប្រេងឥន្ធនៈ កំពុងរុញឲ្យតម្លៃទំនិញនៅកម្ពុជាឡើងថ្លៃកម្រិតណាដែរ?

ព័ត៌មាន
ការកើនឡើងតម្លៃប្រេងឥន្ធនៈសកលយ៉ាងគំហុកបាននិងកំពុងបង្កជាក្តីបារម្ភដល់ប្រទេសជាច្រើនលើពិភពលោករួមទាំងកម្ពុជា ដ្បិតបញ្ហានេះបានជំរុញឲ្យមានការកើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ