លោកជូរិន ឡាក់សាណាវីសិត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ បានអះអាង ថា ទំហំពាណិជ្ជកម្មតាមព្រំដែន និងឆ្លងកាត់ព្រំដែននៅខែមិថុនា មានភាពល្អប្រសើរ ដែលមានទំហំទឹកប្រាក់សរុបជាង ៤ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ កត្តាសំខាន់ដែលរួមចំណែកដល់កំណើនពាណិជ្ជកម្មតាមព្រំដែនទី១ កិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងវិស័យឯកជនក្នុងទម្រង់ជាគណៈកម្មការពិគ្រោះយោបល់រវាងស្ថាប័នរដ្ឋ និង ឯកជន ដែលអាចជួយដោះស្រាយបញ្ហាបានទាន់ពេលវេលា។
ទី២. គោលដៅរួមមួយត្រូវបានបង្កើតឡើង ដើម្បីពន្លឿនការបើកច្រកព្រំដែនរវាងប្រទេសថៃ និងប្រទេសជិតខាង ដើម្បីសម្រួលពាណិជ្ជកម្មតាមព្រំដែន។ ចាប់ពីខែមេសា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១ ច្រកព្រំដែនត្រូវបានបើកច្រើនជាងមុន ចាប់ពី ២៥ប៉ុស្តិ៍ដល់ ៤៤ប៉ុស្តិ៍ ដោយសារតែបញ្ហាកូវីដ១៩ ដែលបានជួយសម្រួលពាណិជ្ជកម្មតាមព្រំដែន និង ឆ្លងកាត់ព្រំដែន។
បើតាមលោក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃអះអាងថា ទឹកប្រាក់នៃការនាំចេញសរុបរបស់ថៃ នៅក្នុងខែមិថុនាឆ្នាំនេះ មានតម្លៃ ២៣ ពាន់លានដុល្លារអាមេរិក កើនឡើង ជិត ៤៤% ដែលជាកំណើនខ្ពស់បំផុត សម្រាប់រយៈពេល ១១ឆ្នាំចុងក្រោយ។
ទន្ទឹមគ្នានេះ ដើម្បីធ្វើពិពិធកម្មការនាំចេញនាពេលអនាគត ក្រសួងពាណិជ្ជកម្មថៃ បានកំពុងពន្លឿនការរៀបចំផែនការសកម្មភាពជាង ១៣០ សម្រាប់ការិយាល័យជំរុញពាណិជ្ជកម្មនៅជុំវិញពិភពលោក (Thai Trade Offices) ដែលត្រូវបានចាត់តាំងជាអង្គភាពអនុវត្តជួរមុខ សំដៅឈានទៅសម្រេចចំណូលពីការលក់មិនតិចជាង ៦០០លានដុល្លារអាមេរិកនោះទេ ក៏ដូចជាការជ្រៀតចូលទីផ្សារថ្មីៗ ដូចជាមជ្ឈឹមបូព៌ា រុស្ស៊ី អាមេរិកឡាទីន ជាដើម។
បន្ថែមលើនេះ ក្រសួងពាណិជ្ជកម្មថៃ ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាទាក់ទងការនាំចេញ ដោយសហការជាមួយវិស័យឯកជន ក្នុងទម្រង់ជាគណៈកម្មការពិគ្រោះយោបល់វិស័យសាធារណៈ និងឯកជន ដើម្បីបង្កើតកាលានុវត្តភាពថ្មីៗ សំដៅជំរុញការនាំចេញរបស់ថៃ។
តាមរបាយការណ៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានឲ្យដឹងថា ការដោះដូរទំនិញរវាងប្រទេសកម្ពុជា និងថៃ នៅ៦ខែដំបូងឆ្នាំ២០២១នេះ នៅមិនទាន់មានតួលេខវិជ្ជមាននោះទេ បើធៀបនឹង៦ខែ ឆ្នាំ២០២០ ពោលគឺនៅតែមានអត្រាធ្លាក់ចុះ១% បើទោះបីជា នៅរយៈពេលពីរ ទៅបីខែចុងក្រោយនេះ ស្ថានភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហាក់បង្ហាញពីការស្ទុះងើបឡើងវិញបន្ដិចក្ដី។ ជុំវិញទៅនឹងការធ្លាក់ចុះនៃពាណិជ្ជកម្មកម្ពុជា-ថៃនេះដែរ ធ្លាប់ត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងថា មួយផ្នែកធំ បណ្ដាលពីការរីករាលដាលនៃមេរោគកូវីដ-១៩៕