លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋថៃសឹងតែទាំងអស់ អាចប្រឈមនឹងបញ្ហាកាន់តែធ្ងន់ធ្ងរ បើសិនជារាជរដ្ឋាភិបាលថៃយកពន្ធពេញថ្លៃ សម្រាប់ដីធ្លី និងអគារ។ តែយ៉ាងណា រដ្ឋបានកំណត់អត្រាពន្ធថ្មី នឹងចាប់ផ្តើមប្រមូលនៅខែសីហា ដោយពុំមានការពន្យារពេលទៀតនោះទេ។
អត្រាពន្ធថ្មី គឺកំណត់ទៅតាមការប្រើប្រាស់អចលនវត្ថុទាំងអស់នោះ ដូចជាប្រភេទលំនៅដ្ឋាន ដីស្រែចំការ តំបន់ពាណិជ្ជកម្ម និងដីគ្មានការអភិវឌ្ឍជាដើម។
សម្រាប់ ដីធ្លី និងអគារ ប្រើប្រាស់សម្រាប់លំនៅដ្ឋាន ដែលមានតម្លៃក្រោម ១,៥លានដុល្លារ នឹងត្រូវបានលើកលែងពន្ធ ហើយចំពោះតម្លៃចន្លោះពី ១,៥ លានដុល្លារ ដល់ ២,៣លានដុល្លារ ត្រូវបង់ពន្ធ ០,០៣% បើសិនជាមានតម្លៃលើស ៣,១លានដុល្លារ ត្រូវបង់ពន្ធ ០,១%។
នាយករដ្ឋមន្រ្តីថៃបន្តថា ការបន្ទាបអត្រាថ្លៃពន្ធនាពេលនេះ នឹងប៉ះពាល់ដល់ការប្រមូលប្រាក់ចំណូលជាតិ ជាពិសេសគឺរដ្ឋបាលមូលដ្ឋាន ក៏ប៉ុន្តែរាជរដ្ឋាភិបាលថៃនឹងធ្វើការប៉ះប៉ូវសង នៅពេលក្រោយវិញ។
ទោះយ៉ាងណា កាលពីចុងខែមេសាកន្លងទៅ វិស័យឯកជន បានស្នើដល់រាជរដ្ឋាភិបាលថៃ ឲ្យពន្យារពេលបង់ពន្ធដីធ្លី និងអគារ រយៈពេល ១ឆ្នាំឯណោះ ដោយសារតែស្ថានភាពសេដ្ឋកិច្ចថៃ នៅតែផុយស្រួយនៅឡើយ ហើយទាំងប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម ពុំទាន់មានលទ្ធភាពបង់ពន្ធ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ នេះនៅឡើយទេ។
សូមជម្រាបថា អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានបញ្ជាក់ថា រដ្ឋបាលមូលដ្ឋាន គឺអាចនឹងបាត់បង់ចំណូលជាង ១,២ ពាន់លានដុល្លារអាមេរិក ពីការកាត់បន្ថយអត្រាពន្ធថ្មីនេះ៕