 
      លោកស្រី អូរ៉ាមុន ស៊ុប ថាវី ទុំ ប្រធាននាយកដ្ឋានកិច្ចចរចាពាណិជ្ជកម្មថៃ បានបញ្ជាក់ថា ថៃ ចង់ធ្វើការកែប្រែកិច្ចព្រមព្រៀង ស្របទៅតាមការផ្លាស់ប្តូរនៃស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ហើយការងារជាចម្បង គឺផ្តោតទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន ជាមួយនឹងបណ្តាប្រទេសសេដ្ឋកិច្ចយក្សៗ ដូចជាចិន ឥណ្ឌា និងកូរ៉េខាងត្បូង ដោយមានការចូលរួមពី ប្រទេសអូស្រ្តាលី និងញ៉ូហ្សែឡែន។
លោកស្រី ពន្យល់ថា សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន នឹងផ្តោតទៅលើ ការបើកទីផ្សារបន្ថែម សម្រាប់មុខទំនិញទាំងអស់ជាង ៥០០មុខ រួមមានទាំង អង្ករ ស្ករ ពោត កៅស៊ូ និងត្នោត ដើម្បីឲ្យទទួលបាននូវការលើកលែងពន្ធ ០% និងមួយចំនួនទៀត ថយចុះពីកម្រិតពន្ធ ៥០%។
ដោយឡែក សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ឥណ្ឌា នឹងជជែកគ្នាទៅលើ ការបន្ធូរបន្ថយពន្ធ សម្រាប់ទំនិញជាច្រើនមុខទៀត ដូចជា ដូងប្រេង កៅស៊ូ គ្រឿងបង្គុំរថយន្ត និងគីមីឥន្ធនៈ។
យ៉ាងណា សម្រាប់ប្រទេសថៃ មាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងដៃចំនួន ១២ ជាមួយនឹង ដៃគូពាណិជ្ជកម្មចំនួន ១៧ ហើយក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០១៩នេះ ទំហំពាណិជ្ជកម្មរវាង ថៃ និងបណ្តាដៃគូពាណិជ្ជកម្ម ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺសម្រេចបាន ២៤១ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់ថៃ មាន ១១៨ពាន់លានដុល្លារអាមេរិក។
ក្នុងនោះ ដៃគូពាណិជ្ជកម្មធំជាងគេរបស់ថៃ គឺ អាស៊ាន ដែលមានទំហំទឹកប្រាក់ ៩០ពាន់លានដុល្លារអាមេរិក ហើយចិនឈរលំដាប់លេខ ២ គឺ ៦៥ពាន់លានដុល្លារ ខណៈ ជប៉ុន មានជាង ៤៧ពាន់លានដុល្លារអាមេរិក។
សូមជម្រាបដែរថា អាស៊ាន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹង អូស្រ្តាលី ញ៉ូហ្សែឡែន ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងហុងកុង ហើយសមាជិកអាស៊ានសឹងតែទាំងអស់ ជាគឺអ្នកចូលរួមក្នុងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់៕
 
              
              
             
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              