រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក អានុទីន បានលើកឡើងថា ក្រុមហ៊ុនវ៉ាក់សាំង Pfizer នឹងបញ្ជូន ៦លានដូសទៀត ក្នុងខែតុលា ហើយនឹងបន្តបញ្ជូនរៀងរាល់សប្តាហ៍ ដើម្បីបំពេញទៅតាមការបញ្ជាទិញ ៣០លានដូស មុនដំណាច់ឆ្នាំ ២០២១នេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា វ៉ាក់សាំង Pfizer ជើងដំបូងនេះ នឹងបញ្ជូនទៅកាន់ នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងរដ្ឋបាលចំណីអាហារ និងឱសថ សម្រាប់ដំណើរការផ្ទៀងផ្ទាត់ មុននឹងធ្វើការចែកចាយទៅកាន់ គោលដៅជុំវិញប្រទេស ខណៈដំណើរការនៃការចាក់វ៉ាក់សាំង Pfizer អាចនឹងចាប់ផ្តើមនៅខែតុលានេះ។ ហើយគោលដៅសំខាន់របស់រាជរដ្ឋាភិបាលថៃ គឺប្រជាពលរដ្ឋជាង ៥ លាននាក់ ដែលមានអាយុចាប់ពី ១២ ដល់ ១៨ឆ្នាំ ដោយរដ្ឋថៃ ត្រៀមបម្រុងវ៉ាក់សាំង Pfizer ១០លានដូសសម្រាប់ពួកគេ។ ចំពោះវ៉ាក់សាំងដែលនៅសល់ គឺសម្រាប់ប្រើប្រាស់ជាសាធារណៈ គ្រប់គ្រង និងសម្រេចដោយនាយកដ្ឋានត្រួតពិនិត្យជំងឺ។
វ៉ាក់សាំង Pfizer ក៏ត្រូវបានប្រើប្រាស់សម្រាប់ការចាក់ ចម្រុះគ្នាជាមួយវ៉ាក់សាំងប្រភេទដទៃ ដែលសម្រេចដោយ អនុគណៈកម្មការទទួលថ្នាំបង្ការ ពោលគឺ អាចនឹងមានការចាក់ជាមួយនឹង Sinovac ចាក់លាយជាមួយ AstraZeneca ឬក៏ AstraZeneca ចាក់លាយជាមួយ Pfizer។
ប្រទេសចិន គ្រោងនឹងផ្តល់ជំនួយវ៉ាក់សាំង Sinovac ចំនួន ១លាន ៥សែនដូសបន្ថែមទៀត ខណៈរាជរដ្ឋាភិបាលថៃ ក៏បានបញ្ជាទិញវ៉ាក់សាំង Sinovac ចំនួន ៦លានដូស ដែលគ្រោងនឹងមកដល់ក្នុងខែតុលា ហើយចំពោះវ៉ាក់សាំង AstraZeneca រំពឹងថានឹងមានការបញ្ជាទិញ ១០លានដូសផងដែរ។
បើតាមក្រសួងសុខាភិបាលថៃ គិតចាប់តាំងពីខែមីនា មកទល់ពេលនេះ ប្រជាពលរដ្ឋថៃប្រមាណ ៤លាននាក់ នៅទូទាំងប្រទេសដែលបានចាក់វ៉ាក់សាំង Sinovac ២ដូស គឺទទួលបាន ការចាក់ដូសជម្រុញរួចរាល់ហើយ៕
អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍