ថៃទទួលបានភ្ញៀវទេសចរបរទេសជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ

ថៃទទួលបានភ្ញៀវទេសចរបរទេសជាង១ម៉ឺននាក់ក្នុងមួយថ្ងៃ ក្រោយអាជ្ញាធរបានបញ្ឈប់ការធ្វើតេស្ដលើអ្នកដំណើរ


ភ្ញៀវទេសចរបរទេសជាង ១ម៉ឺននាក់ក្នុងមួយថ្ងៃ បានមកដល់ប្រទេសថៃតាមរយៈអាកាសយានដ្ឋានសុវណ្ណភូមិនាសប្ដាហ៍មុននេះ បន្ទាប់ពីអាជ្ញាធរថៃបានបញ្ឈប់ការតម្រូវឱ្យអ្នកធ្វើដំណើរបង្ហាញពីលទ្ធផលតេស្តកូវីដ១៩ មុនការធ្វើដំណើរមកដល់ប្រទេសថៃ។ នេះបើយោងតាមអាកាសយានដ្ឋានថៃ (AoT) ។
ភ្ញៀវទេសចរណ៍ដើរកម្សាន្តនៅកោះភូកេតប្រទេសថៃ រូបថត៖ Xinhua

លោក គីតទីពុង គីតទីកាចន (Kittipong Kittikachorn) នាយកអាកាសយានដ្ឋានសុវណ្ណភូមិ មានប្រសាសន៍ថា ចំនួនភ្ញៀវអន្តរជាតិមកដល់តាមអាកាសយានដ្ឋានរបស់ថៃ បានកើនឡើង ៦៥% បើធៀបនឹងតួលេខកាលពីខែមុន។

ចាប់តាំងពីមានការការលុបចោលការតម្រូវការធ្វើតេស្ត កូវីដ-១៩ (Covid-19) នៅមុនការធ្វើដំណើរមកដល់ប្រទេសថៃ តាំងពីថ្ងៃទី ១ ខែមេសាមក ចំនួនភ្ញៀវទេសចរអន្តរជាតិបានកើនឡើងដល់ជាង ១ម៉ឺននាក់ ក្នុងមួយថ្ងៃ។ លោកបន្ថែមថា កាលពីខែមុន គិតជាមធ្យមតួលេខអ្នកចំណើរមានចំនួនត្រឹមតែជាង ៧ពាន់នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ចំនួនជើងហោះហើរអន្តរជាតិវិញ ក៏បានកើនឡើងដល់១៤១ ក្នុងមួយថ្ងៃ កើនឡើង ៣% ធៀបនឹងកាលពីខែមុន។ 

បើគិតជារួម ទាំងជើងហោះហើរជាតិ និងអន្តរជាតិ ក្នុងមួយថ្ងៃ អាកាសយានដ្ឋានសុវណ្ណភូមិរបស់ថៃ មានជើងហោះហើរសរុប៥៣៦ជើង ក្នុងនោះ ជើងហោះហើរក្នុងស្រុកមាន២៥៤ជើង កើនឡើង១០%។

លោក គីតទីពុង (Kittipong) បាននិយាយបន្តថា ចាប់តាំងពីថ្ងៃទី ១ ខែមេសា ចំនួនអ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានទាំងជើងហោះហើរក្នុងស្រុក និងអន្តរជាតិបានកើនឡើងដល់ជាង ៥ម៉ឺន ជាមធ្យមក្នុងមួយថ្ងៃ កើនឡើង ២៧% ធៀបនឹងខែមុន។ 

ជាមួយគ្នាដែរ អាកាសយានដ្ឋានសុវណ្ណភូមិ នឹងដាក់ពង្រាយក្រុមការងារបន្ថែមទៀត ដើម្បីស្តារសមត្ថភាពអាកាសយានដ្ឋានឡើងវិញ និង រក្សាការកើនឡើងនៃចលនាហោះហើរ និងចរាចរណ៍ ខណៈដែលអាកាសយានដ្ឋានមួយនេះ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ។

សូមបញ្ជាក់ថា ប្រទេសថៃ កំពុងចាប់ផ្ដើមបើកដកចេញនូវការដាក់កំហិតលើការធ្វើដំណើរជាបណ្ដើរៗដើម្បីឈានទៅរកការបើកប្រទេសពេញលេញឡើងវិញចាប់ពីដើមខែកក្កដាខាងមុខនេះតទៅ។ បើតាមមន្ត្រីជាន់ខ្ពស់រារដ្ឋាភិបាលថៃ ធ្លាប់បានលើកឡើងថា នៅឆ្នាំនេះ ថៃរំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ៥លាននាក់ ដោយភាគច្រើនជាមកពីអឺរ៉ុប និងអាមេរិក ហើយក្នុងករណីដែលប្រទេសចិន និងឥណ្ឌា ដកវិធានការរឹតត្បិតលើលើការធ្វើដំណើរអន្តរជាតិឡើងវិញ នោះថៃរំពឹងថា នឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិដល់ ៩លាននាក់នៅឆ្នាំនេះ៕

អត្ថបទ៖ ម៉ុន សុកែវ 

None



អត្ថបទបន្ទាប់


ទ្រព្យសម្បត្តិ និងចំនួនមហាសេដ្ឋីពិភពលោកថយចុះ ខណៈលោក Elon Musk នៅតែឈរតំណែងលេខ១

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក អ៊ីឡន ម៉ាស (Elon Musk) នៅតែរក្សាបានចំណាត់ថ្នាក់ជាកំពូលមហាសេដ្ឋីមានជាងគេបំផុតក្នុងពិភពលោកពិភពលោក ន…

កូរ៉េខាងត្បូងកំពុងស្វែងរកជំនួយផ្នែយោធាបន្ថែមពីអាមេរិក ខណៈស្ថានភាពនៅឧបទ្វីបកូរ៉េកំពុងតានតឹងខ្លាំង

នៅក្នុងកិច្ចប្រជុំរវាងគណៈប្រតិភូដែលប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូងលោក យ៉ុន ស៊ូកយែល (Yoon Suk-yeol) បានបញ្ជូនឱ្យទៅជួបទីប្រឹក្សាសន្តិសុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ