សណ្ឋាគារតាមខេត្តទេសចរណ៍គោលដៅបានកក់បណ្ដើរៗ

ផ្ទះសំណាក់ សណ្ឋាគារតាមខេត្តទេសចរណ៍គោលដៅត្រូវបានកក់បណ្ដើរៗ ខណៈដំណើរកម្សាន្ដបុណ្យចូលឆ្នាំថ្មីខិតជិតមកដល់


ក្រោយទទួលបានដំណឹងរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឡើងវិញនៅឆ្នាំនេះ បន្ទាប់ពីខកខានរៀបចំអស់រយៈពេលពីរឆ្នាំកន្លងទៅនេះ ប្រជាពលរដ្ឋបាននាំគ្នាកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារ និងបឹងកាឡូនៅតាមខេត្តគោលដៅទេសចរណ៍ជាបណ្តើរៗហើយ ដើម្បីត្រៀមសម្រាប់ដំណើរកម្សាន្ដនៅខែក្រោយនេះ។
នេះជាសណ្ឋាគារផ្កាយ៥នៅកោះរ៉ុង (រូបភាព៖ ហ្វេសប៊ុក The Royal Sands Koh Rong Resort

ជាមួយ​គ្នា​នេះ ខាង​អាជ្ញាធរ​នៅ​តាម​ខេត្ត​គោលដៅ​មួយ​ចំនួន​ក៏​កំពុង​រៀបចំ​តុបតែង​លម្អ​តាម​ដងផ្លូវ និង​តំបន់​ទេសចរណ៍​នានា ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ថ្មី​ខាង​មុខ​នេះ​ផង​ដែរ ជាមួយនឹង​ក្ដី​រំពឹង​ខ្ពស់​ថា ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​ទេសចរណ៍​ទាំងនោះ​នឹង​មានការ​កើនឡើង​ច្រើន​។

លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​បាន​បញ្ជាក់​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា បច្ចុប្បន្ន​បន្ទប់​តាម​សណ្ឋាគារ​ផ្ទះសំណាក់ និង​បឹង​កា​ឡូ​ល្អ​ៗ​ទទួល​បានការ​កក់​ពី​អតិថិជន​ស្ទើរ​គ្រប់​បន្ទប់​ហើយ​តាំងពី​ទទួល​បាន​ដំណឹង​រាជរដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​រៀបចំ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ឡើង​វិញ​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ខកខាន​រៀបចំ​ពីរ​ឆ្នាំ​កន្លង​មកនេះ​។ លោក​អះអាង​ថា ទោះបី​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សម្រុក​ទៅ​កក់​បន្ទប់​នៅ​កំពង់សោម​ក៏​ដោយ តែ​តម្លៃ​បន្ទប់​ផ្ទះសំណាក់ សណ្ឋាគារ និង​បឹង​កា​ឡូ​នៅ​តាម​កោះ និង​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​មិន​មានការ​ឡើងថ្លៃ​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ​។

លោក តាំង សុចិត្រ​គ្រឹ​ស្នា បាន​គូសបញ្ជាក់​ថា នៅ​ឆ្នាំ​នេះ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​ពុំ​មានការ​រៀបចំ​កម្មវិធី​ធំ​ៗ​ណាមួយ ដើម្បី​អបអរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នោះ​ទេ ប៉ុន្តែ​អាច​មានការ​ប្រគុំ​តន្ត្រី​ពី​បណ្តា​ក្រុមហ៊ុន និង​វិស័យ​ឯកជន​នានា​។ ទោះបី​យ៉ាងនេះ​ក្តី ថ្នាក់ដឹកនាំ​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​រូប​នេះ​ជឿជាក់​ថា ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នឹង​មាន​កំណើន​ខ្ពស់ ប្រសិនបើ​គ្មាន​ការ​រំខាន​ណាមួយ​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​អូ​មី​ក្រុង​។ 

ជាមួយ​គ្នា​នេះ​លោក សយ ស៊ី​ណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បាន​គូសបញ្ជាក់​ថា មក​ទល់​ពេល​នេះ មាន​ភ្ញៀវ​ទេស​ជាតិ និង​អន្តរជាតិ​តិចតួច​ប៉ុណ្ណោះ បាន​មក​កក់​បន្ទប់​ផ្ទះសំណាក់ និង​សណ្ឋាគារ​នៅ​ខេត្តកំពត ហើយ​បន្ទប់​ដែល​ទទួល​បានការ​កក់​ភាគច្រើន​ជា​បន្ទប់ ដែល​មានគុណ​ភាពល្អ​និង​ស្តង់ដារ​ខ្ពស់​។ ហើយ​តម្លៃ​បន្ទប់​ទៀត​សោត​ក៏​ពុំ​មានការ​ឡើងថ្លៃ​នោះ​ដែរ ពោល​គឺ​ខេត្តកំពត​ពុំ​សូវ​ជួប​បញ្ហា​រឿង​តម្លៃ​បន្ទប់​ឡើងថ្លៃ​នោះ​ទេ ដោយសារ​ការ​ផ្គត់ផ្គង់​ធំ​ជាង​តម្រូវ​នា​ពេល​បច្ចុប្បន្ន​។

ដោយឡែក បើ​យើង​ក្រឡេក​ទៅ​មើល​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អង្គរ​ក្នុង​ខេត្តសៀមរាប​វិញ លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​នេះ​អះអាង​ថា មក​ទល់​ពេល​នេះ​ផ្ទះសំណាក់ សណ្ឋាគារ​នៅ​ខេត្តសៀមរាប​ទទួល​បានការ​កក់​បន្ទប់​តិចតួច​ប៉ុណ្ណោះ​។ ទន្ទឹម​នឹង​នេះ​លោក​បាន​បញ្ជាក់​ថា ខេត្តសៀមរាប​មិន​ខ្វះ​ផ្ទះសំណាក់ និង​សណ្ឋាគារ​សម្រាប់​ជួល​ឲ្យ​ភ្ញៀវ សម្រាប់​ថ្ងៃ​ឈប់​សម្រាក​ចូល​បុណ្យចូលឆ្នាំ​ថ្មី​ខាង​មុខ​នេះនោះ​ទេ​។

ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​នេះ​ដែរ ក្រសួងទេសចរណ៍​កាលពី​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២២ បាន​ចេញ​សារា​ចរណ៍​ណែនាំ​ស្តី​ពី​ការ​រៀបចំ​គ្រប់គ្រង​ចរន្ត​ភ្ញៀវ​ទេសចរ និង​ពង្រឹងគុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ ដើម្បី​ធានា​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ សុខភាព​សាធារណៈ វិបុលភាព និង​ភាព​ពេញចិត្ត​សម្រាប់​ភ្ញៀវ​ទេសចរ​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រៃ​ណី​ខ្មែរ​។

ក្នុង​សារា​ចរណ៍​នោះ​ដែរ​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​ជំរុញ​ឲ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​ខេត្ត​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ចូលរួម​ផ្សព្វផ្សាយ​និង​ជំរុញ​ឲ្យ​ប្រតិបត្តិ​ករ​តាម​គោលដៅ​ទេសចរណ៍​នីមួយ​ៗ​ឲ្យ​ពង្រឹងគុណភាព​ផលិតផល សេវាកម្ម​ទេសចរណ៍​និង​អនុវត្ត​ឲ្យ​បាន​ម៉ឹង​ម៉ាត់​នូវ​វិធានការ​និង​ស្តង់ដារ SOP របស់​ក្រសួងសុខាភិបាល ដើម្បី​ធានា​ថា ពិធី​បុណ្យចូលឆ្នាំ​ថ្មី​មិន​មានការ​ចម្លងជំងឺ​កូ​វី​ដ​-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ុយក្រែនចង់បានបទឈប់បាញ់ជាមួយរុស្ស៊ី ប៉ុន្ដែអាមេរិកថា រុស្ស៊ីមិនងាយបញ្ចប់សង្គ្រាមឡើយ

ព័ត៌មាន
ភាគីអ៊ុយក្រែនសង្ឃឹមថា កិច្ចចរចាសន្តិភាពទល់មុខគ្នាជុំទី៤ ជាមួយរុស្ស៊ី ដែលត្រូវផ្តើមធ្វើឡើងក្នុងថ្ងៃអង្គារសប្តាហ៍នេះ អាចនាំមកនូវបទឈប់បាញ់មួ…

រដ្ឋមន្ត្រីការបរទេសចិន៖ «អាស៊ីបដិសេធមិនធ្វើជាក្តារអុកក្នុងល្បែងនៃពួកមហាអំណាចឡើយ»

ព័ត៌មាន
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី នៅដើមសប្តាហ៍នេះ បាន ជួបជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ