ខណៈដែលប្រទេសជាច្រើននៅតំបន់អឺរ៉ុប និងអាស៊ី បានប្រកាសបិទខ្ទប់ និងបិទជើងហោះហើរជាបណ្ដើរៗជាមួយប្រទេសដែលមានហានិភ័យឆ្លងមេរោគបំប្លែងថ្មី ប្រទេសថៃឯណោះវិញ នៅតែបន្តផែនការទៅមុខបើកប្រទេស ទទួលអ្នកដំណើរដែលមកពីប្រទេស និងដែនដីចំនួន ៦៣ ដដែល ប៉ុន្ដែ ថៃក៏បានដាក់ការរឹតត្បិតលើការធ្វើដំណើរពីប្រទេសតំបន់អាហ្វ្រិកមួយចំនួនផងដែរ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃ លោក ភីផាត រ៉ាតឆាកីតប្រាកាន បាននិយាយថា គ្មាននរណាម្នាក់ចង់បិទព្រំដែនទៀតទេ ព្រោះវាពិតជាលំបាកណាស់ក្នុងការបើកប្រទេសឡើងវិញនេះ។
ទោះយ៉ាងណា ផែនការដែលប្រទេសថៃ គ្រោងនឹងធ្វើតេស្តរហ័ស ជំនួសការធ្វើតេស្ត PCR ចាប់ពីថ្ងៃទី ១៦ខែ ធ្នូតទៅនោះ ក៏នឹងត្រូវបានពន្យារពេលរហូតដល់មានភាពច្បាស់លាស់បន្ថែមទៀតអំពី មេរោគបំប្លែងថ្មីផងដែរ ដើម្បីការពារករណីឆ្លងដែលអាចកើតមានលើសពី ២ម៉ឺនករណី ក្នុងមួយថ្ងៃ ដូចពេលមុនបើកដំណើរការប្រទេស។ ទន្ទឹមនេះ ថៃក៏ត្រូវតែពន្លឿនផែនការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋខ្លួន ដើម្បីអាចជួយការពារពីរលកឆ្លងថ្មីដែលអាចកើតមាន។សូមជម្រាបថា អ្នកដំណើរអន្តរជាតិដែលបានធ្វើដំណើរមកកាន់ប្រទេសថៃ ចាប់តាំងពីថ្ងៃដំបូងនៃការបើកឡើងវិញ មានចំនួនជាង ១០ម៉ឺននាក់ ដែលតួលេខនេះបានបង្ហាញថា យុទ្ធសាស្ត្រ គ្មានការធ្វើចត្តាឡីស័ក គឺជាវិធីដ៏ត្រឹមត្រូវ ដើម្បីទាក់ទាញភ្ញៀវទេសចរឡើងវិញ។ ក្រៅតែពីយុទ្ធសាស្រ្ត គ្មានការធ្វើចត្តាឡីស័ក ដើម្បីទាក់ទាញទេសចរហើយ ក្រសួងទេសចរណ៍ថៃ នឹងពិភាក្សាជាមួយ គណៈរដ្ឋមន្ត្រីថៃ ដាក់សំណើរទៅមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ អំពីការអនុញ្ញាតឱ្យមានការលក់គ្រឿងស្រវឹង នៅក្នុងតំបន់ពណ៌ខៀវ រហូតដល់ពាក់កណ្តាលអធ្រាត្រក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំផងដែរ។
សូមជម្រាបថា ប្រទេសថៃ បានកត់ត្រាភ្ញៀវទេសចរចំនួន ២០ម៉ឺននាក់ ក្នុងរយៈពេល ១១ ខែដំបូង ឆ្នាំ២០២១ ហើយក្រសួងទេសចរណ៍ថៃ រំពឹងថា នឹងមានភ្ញៀវទេសចរពី ៣០ម៉ឺន ទៅ ៤០ម៉ឺននាក់ នឹងមកលេងប្រទេសថៃនៅចុងឆ្នាំផងដែរ។ ថ្មីៗនេះដែរ ទីផ្សារអឺរ៉ុបដែលបានកក់សំបុត្រយន្តហោះហើរក្នុងខែធ្នូ ចាប់ផ្ដើមមានសភាពយឺត ដោយសារការព្រួយបារម្ភអំពីការបិទខ្ទប់ប្រទេស ដែល បណ្តាលមកពីការរីករាលដាលនៃមេរោគបំប្លែងថ្មីអូមីក្រុង។ ប៉ុន្តែប្រសិនបើគ្មានការគំរាមកំហែងពីមេរោគបំប្លែងថ្មីនេះទេ ចំនួននៃការមកដល់របស់ទេសចរអន្តរជាតិនៅប្រទេសថៃក្នុងឆ្នាំនេះនឹងឈានដល់ ៥០ម៉ឺននាក់ឯណោះ៕អត្ថបទ ស៊ើង និមល់