បន្ទាប់ពីការដាក់ឱ្យដំណើរការគម្រោងនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក ជូរិន លក្ខសាណាវីសីទ (Jurin Laksanawisit) ជឿជាក់ថា វានឹងផ្តល់លទ្ធភាពឱ្យអ្នកនាំចេញខ្នាតតូចដែលចង់ពង្រីកពាណិជ្ជកម្មទៅកាន់ប្រទេសជាសមាជិក RCEP ទាំង១៥ ដើម្បីបង្កើនប្រាក់ចំណូលពីការនាំចេញ ខណៈ RCEP គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតរបស់ពិភពលោក ដែលពលរដ្ឋសរុបជិត ២ពាន់៣រយលាននាក់ តំណាងឱ្យផលិតផលក្នុងស្រុកសរុបចំនួនជាង ២៨ ទ្រីលានដុល្លារក្នុងឆ្នាំ ២០២០ ឬស្មើនឹង ជាង៣៣% នៃ GDP សរុបរបស់ពិភពលោក។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបន្ថែមទៀតថា ក្រោមគម្រោងការផ្គូផ្គងប្រាក់កម្ចីចុងក្រោយនេះ ធនាគារនាំចេញ-នាំចូល Exim Bank បានបែងចែកប្រាក់ចំនួន ៩១លានដុល្លារ ដែលថវិកានេះមិនត្រឹមតែគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមទេ តែថែមទាំងគាំទ្រដល់សហគ្រាសសហគមន៍ខ្នាតបំផុតផងដែរ។
សូមជម្រាបថា ថៃមានសហគ្រាសធុនតូច និងមធ្យម SMEs ប្រមាណ ៣លាននៅក្នុងប្រទេស ហើយ និងសហគ្រាសធុនតូចបំផុតមានជាង ៣ម៉ឺនសហគ្រាស។
យ៉ាងណាមិញ នៅក្នុងការអភិវឌ្ឍន៍ដាច់ដោយឡែកមួយ ប្រធានធនាគារ Exim Bank បាននិយាយថា ធនាគារកំពុងពន្លឿនដំណើរការរបស់ខ្លួន ដើម្បីជួយសហគ្រាសធុនតូច និងមធ្យមឱ្យក្លាយជាអ្នកនាំចេញ ដោយធនាគារផ្តល់នូវទម្រង់នៃការគាំទ្រ និងវគ្គបណ្តុះបណ្តាលផ្សេងៗ។ យុទ្ធសាស្ត្រនេះបានអនុញ្ញាតឲ្យធនាគារបន្ថែម អ្នកនាំចេញក្នុងសហគ្រាសធុនតូច និងមធ្យមថ្មីៗប្រហែល ៥០០ នាក់ក្នុងមួយឆ្នាំ ខណៈឆ្នាំនេះ ធនាគារមានគោលបំណងបង្វែរសហគ្រាសធុនតូច និងមធ្យមចំនួន ២.៥០០ ទៅជាក្រុមហ៊ុននាំចេញ។
សូមជម្រាបថា វិស័យនាំចេញ គឺជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសថៃ ហើយសហគ្រាសធុនតូច និងមធ្យមគួរតែដើរតួយ៉ាងសំខាន់ក្នុងការជំរុញវិស័យនេះ។ ជុំវិញគម្រោងនេះ អ្នកជំនាញជឿជាក់ថា ការនាំចេញរបស់ថៃនឹងកើនឡើងបន្ថែម ៥% នៅឆ្នាំនេះ៕
អត្ថបទ ស៊ើង និមល់