បើតាមការអះអាងពីអាជ្ញាធរថៃ យ៉ាងហោចណាស់ មានទីតាំងអាជីវកម្មលក់ដូរតាមចិញ្ចើមផ្លូវ ជាង ២០០ កន្លែងនៅក្នុងទីក្រុងបាងកក ត្រូវបានកំណត់មុខសញ្ញាដើម្បីបន្តបោសសម្អាតនៅក្នុងឆ្នាំនេះ ខណៈដែលកាលពីឆ្នាំ២០១៦កន្លងទៅ អាជ្ញាធរថៃ បានតម្រូវឲ្យអាជីវករលក់ដូរតាមចិញ្ចើមផ្លូវជាង ២ម៉ឺននាក់ ក្នុងទីតាំងគោលដៅជាង ៤៧០កន្លែងនៅក្នុងទីក្រុងបាងកក ត្រូវរើកន្លែងលក់របស់ខ្លួនចេញពីចិញ្ចើមផ្លូវ ដោយសារតែវាបានធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម។
បើតាមការបញ្ជាក់ពីអាជ្ញាធរ អ្នកដែលត្រូវបានបណ្ដេញមិនឲ្យលក់តាមចិញ្ចើផ្លូវរួចហើយ បែរជាត្រឡប់ទៅលក់វិញម្ដងទៀត នឹងត្រូវរងការផាកពិន័យពីរដ្ឋផងដែរ។
ដ្បិតតែចំណាត់ការនេះ មានការសាទរពីប្រជាជនភាគច្រើនក៏ពិតមែន ប៉ុន្ដែ ប្រជាពលរដ្ឋមួយចំនួនដែលជាអ្នកលក់ដូរតាមចិញ្ចើមផ្លូវ មិនបានពេញចិត្តនឹងចំណាត់ការនេះនោះឡើយ ដោយពួកគាត់បានអះអាងថា ពួកគាត់បានប្រកបរបរនេះ រាប់សិបឆ្នាំមកហើយ ហើយយ៉ាងហោចណាស់ក្នុងមួយថ្ងៃ គាត់រកចំណូលបានជាង ៥០០បាត ឬស្មើនឹងជាង ១៥ដុល្លារអាមេរិកដែរ។ ប៉ុន្ដែ នៅពេលដែលអាជ្ញាធរមកបណ្ដេញពួកគាត់យ៉ាងដូច្នេះ ពួកគាត់ត្រូវបាត់បង់ចំណូលសម្រាប់គ្រួសារ ណាមួយក៏មិនដឹងថា ទៅរកទីតាំងឯណាលក់ទៀតនោះដែរ។
គួរជម្រាបថា ទីក្រុងបាងកក មានបញ្ហាជាច្រើនណាស់ទាក់ទងនឹងការរស់នៅ ហើយការបណ្ដេញចេញអ្នកលក់ដូរតាមចិញ្ចើមផ្លូវនេះ ក៏មានមតិសាធារណៈជនខ្លះ បានកោតសរសើរពីស្នាដៃរបស់អាជ្ញាធរក្នុងការរំដោះទីធ្លាចិញ្ចើមផ្លូវសម្រាប់ថ្មើរជើង ឬបម្រើជាប្រយោជន៍សាធារណៈ ខណៈដែលមានមតិខ្លះទៀតលើកឡើងថា វាជាការធ្វើឲ្យបាត់បង់នូវផ្នែកសំខាន់មួយនៃវប្បធម៌របស់ពួកគេ។
ដោយឡែក នៅកម្ពុជាយើងឯណេះវិញ ការរំដោះចិញ្ចើមផ្លូវពីក្រញាំដៃអ្នកលក់ដូរនេះ ក៏ធ្លាប់ត្រូវបានអាជ្ញាធរចុះអនុវត្តខ្លះៗដែរ ប៉ុន្ដែបើតាមមតិរបស់មហាជន ធ្លាប់បានលើកឡើងថា ការអនុវត្តគឺប្រៀបបានទៅនឹងការវែកចកលើទឹកយ៉ាងដូច្នេះដែរ ពោលគឺហាក់មិនទាន់មានប្រសិទ្ធភាពដូចការចង់បានរបស់ពលរដ្ឋនៅឡើយទេ៕