រោងចក្រសហគ្រាសជាច្រើននៅក្នុងប្រទេសថៃ បានប្រើប្រាស់មាត្រាទី ៧៥ នៃច្បាប់ស្តីពី ការងារ ដោយអនុញ្ញាតឲ្យមាន ការផ្អាកដំណើរការបណ្តោះអាសន្ន ក្នុងអំឡុងពេលមានបញ្ហាហិរញ្ញវត្ថុ ក៏ប៉ុន្តែពួកគេត្រូវបើកប្រាក់បៀវត្សរ៍បុគ្គលិក ចំនួន ៧៥% នៃប្រាក់បៀវត្សរ៍ធម្មតា ក្នុងពេលផ្អាកដំណើរការនេះ។
លោក ធូសាផន អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម បានបញ្ជាក់ថា កម្មករជាង ១,៧លាននាក់ ត្រូវទទួលបាននូវសំណង ក្រោមមាត្រាទី ៧៥នេះ ក៏ប៉ុន្តែបើសិនជា រោងចក្រទាំងអស់នោះ បិទលែងដំណើរការជាអចិន្ត្រៃយ៍តែម្តង ហើយការងាររបស់ពួកគេ ក៏ត្រូវបាត់បង់ដូចគ្នាដែរ។
លោកបន្តថា នៅក្នុងត្រីមាសទី ២ ឆ្នាំនេះចំនួនប្រជាពលរដ្ឋគ្មានការងារធ្វើ គឺមានជាង ៧សែននាក់ ដែលស្មើនឹង ២% នៃកម្លាំងពលកម្មសរុប ហើយនៅក្នុងឆមាសទី ២នេះ ទីផ្សារការងារ អាចនឹងបន្តរងគ្រោះដោយបញ្ហាជាច្រើនដែលមិនអាចប៉ាន់ស្មានបាន តួយ៉ាងគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់ អាចនឹងបន្ថែមផលលំបាកដល់ វិស័យកសិកម្ម នាពេលខាងមុខ។
ទោះយ៉ាងណា លោក ធូសាផន អះអាងថា សេដ្ឋកិច្ចថៃ អាចងើបឡើងវិញបាន អាស្រ័យទៅលើ រាជរដ្ឋាភិបាល ថាអាចជួយជំរុញសេដ្ឋកិច្ចបានដល់កម្រិតណា និងបង្កើតការងារ ដោយមានប្រសិទ្ធភាព។
គួរជម្រាបដែរថា គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២០នេះ ថៃ មានកម្លាំងពលកម្មសរុបជាង ៣៨លាននាក់ ដោយក្នុងនោះជាង ៣៧លាននាក់ គឺមានការងារធ្វើ ហើយតួលេខនេះ ធ្លាក់ចុះ ២% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំ ២០១៩៕