
គ្រោះរញ្ជួយដីដ៏សាហាវនៅមីយ៉ាន់ម៉ា ត្រូវបានគេព្យាករណ៍ថា នឹងប៉ះពាល់ដល់ការមកដល់របស់ភ្ញៀវទេសចរបរទេសមកកាន់ប្រទេសថៃ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ សមាគមសណ្ឋាគារថៃ បាននិយាយថា ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះពី១០% ទៅ១៥% ឬច្រើនជាងនេះក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ខណៈការរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានអង្រួនអគារនៅទីក្រុងបាងកក និងតំបន់ទេសចរណ៍ថៃ ផ្សេងទៀត ដែលធ្វើឱ្យអ្នកធ្វើដំណើរមានការភ័យខ្លាច។
លោក ធៀនប្រាសិទ្ធ ឆៃយ៉ាផាត្រានុន (Thienprasit Chaiyapatranun) ប្រធានសមាគមសណ្ឋាគារថៃ បាននិយាយថា ប្រហែល១០% នៃចំនួនភ្ញៀវទេសចរបរទេសបានសម្រេចចិត្តចាកចេញពីថៃ ភ្លាមៗបន្ទាប់ពីការរញ្ជួយដី។ ទោះជាយ៉ាងណា ភ្ញៀវទេសចរមួយចំនួនក្រោយមកបានត្រឡប់ទៅសណ្ឋាគាររបស់ពួកគេវិញដោយសារពួកគេគ្មានជម្រើសអ្វីផ្សេង។ លោកបានបន្តថា ផលប៉ះពាល់រយៈពេលខ្លីត្រូវបានគេរំពឹងទុកសម្រាប់ឧស្សាហកម្មទេសចរណ៍ថៃ គឺការព្រួយបារម្ភពីសុវត្ថិភាព។
ក្រោយរងរលកនៃការរញ្ជួយតាំងពីទីក្រុងមេនដាឡេ ប្រទេសមីយ៉ាន់ម៉ា ដល់ទីក្រុងបាងកក អាជ្ញាធរថៃបានប្រកាសធានាសុវត្ថិភាពដល់អ្នកទេសចរបរទេស។ លោក សារ៉ាវង្ស ធៀនថុង (Sorawong Thienthong) រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា បាននិយាយ ថា រដ្ឋាភិបាលបានបញ្ជាឱ្យធ្វើសវនកម្មសុវត្ថិភាពនៃសណ្ឋាគារ និងតំបន់ទេសចរណ៍សំខាន់ៗ។
គិតត្រឹមថ្ងៃទី៣១ ខែមីនា ប្រទេសថៃ មានមនុស្សសរុបចំនួន១៨នាក់ បានស្លាប់ ក្នុងនោះមានកម្មករចំនួន ១១នាក់ ហើយ៣៣នាក់ទៀតរងរបួស។ ក្រៅពីនោះនៅមានមនុស្សរាប់សិបនាក់ទៀតអាចនឹងនៅជាប់នៅក្រោមអគារដែលរលំបាក់បែក។
ទោះបីមិនមានសំណង់អគារច្រើនបានបាក់រលំក៏ដោយ តែមកទល់ពេលនេះ លោក ឆេតឆាត ស៊ីទ្ធីភុន (Chadchart Sittipunt ) អភិបាលទីក្រុងបាងកក បានជំរុញឲ្យម្ចាស់អគារសរុបជាង១ម៉ឺនកន្លែងឲ្យត្រួតពិនិត្យគុណភាពសំណង់អគាររបស់ពួកគេ ស្របពេលដែលលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានប្រកាសដាក់ពង្រាយវិស្វកររហូតដល់ទៅ៤ពាន់នាក់ ឲ្យដើរត្រួតពិនិត្យសំណង់អគារទាំងនោះ៕
ដោយៈ សរ សុជាតិ