លោកអាឡុងកន ផុនឡាប៊ូត (Alongkorn Ponlaboot) ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាសហករណ៍របស់ប្រទេសថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយពីកិច្ចពិភាក្សាជាមួយមន្ត្រីវៀតណាមថា «នេះជាលើកទីមួយហើយ ដែលប្រទេសថៃ និងវៀតណាមបានយល់ព្រមសហការគ្នា ក្នុងការដំឡើងតម្លៃអង្ករនៅលើទីផ្សារពិភពលោក»។
ប្រទេសថៃ និងវៀតណាមបានចាប់ផ្តើមកិច្ចចរចាពាក់ព័ន្ធនឹងការសហការគ្នាដំឡើងថ្លៃអង្ករលើទីផ្សារពិភពលោកនេះកាលពីខែឧសភាកន្លងទៅ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃមួយរូបបាននិយាយថា គោលបំណង នៃការដំឡើងថ្លៃអង្ករនេះ គឺដើម្បីជំរុញបង្កើនប្រាក់ចំណូលរបស់កសិករ ដែលកំពុងជួបការលំបាក ដ្បិតការចំណាយថ្លៃដើមខ្ពស់។
មែនទែនទៅ បើយោងតាមក្រសួងកសិកម្មសហរដ្ឋអាមេរិក ប្រទេសវៀតណាម និងថៃ គឺតំណាងឲ្យប្រមាណ ១០% នៃផលិតកម្មអង្ករនៅលើពិភពលោក និងប្រហែល ២៦% នៃការនាំចេញសាកល។
ទោះជាយ៉ាងណា គេនៅមិននទាន់ដឹងច្បាស់ទេថា តើការដំឡើងតម្លៃអង្ករនោះ មានប្រសិទ្ធភាពយ៉ាងណានោះទេ។
ក៏ប៉ុន្ដែ លោកអាឡុងកន ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម ថៃបាននិយាយថា សេចក្តីសង្ខេបនៃជុំចុងក្រោយនៃកិច្ចពិភាក្សា និងការចេញអនុសាសន៍រួមគ្នា ដើម្បីដំឡើងថ្លៃអង្ករនោះ នឹងត្រូវបង្ហាញដល់រដ្ឋមន្ត្រីកសិកម្មនៃប្រទសទាំងពីរ ដើម្បីសម្រេច។
ជុំវិញនឹងការដំឡើងថ្លៃអង្ករនេះដែរ លោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃធ្លាប់បានរិះគន់ចំពោះវិធានការនេះ ដោយលោកបាននិយាយថា ការនាំចេញអង្ករគឺជាពាណិជ្ជកម្មសេរីដែលពាក់ព័ន្ធនឹងការប្រកួតប្រជែងជាសកល ហើយមិនគួរព្យាយាមដំឡើងតម្លៃនោះទេ ខណៈឥណ្ឌាក៏ជាប្រទេសនាំចេញអង្ករធំមួយទៅកាន់ទីផ្សារសកលជាង ២០លានតោនក្នុងមួយឆ្នាំៗ បើធៀបនឹងប្រទេស ថៃ និង វៀតណាម មានការនាំចេញបានត្រឹមតែជាង ៦ លោនតោនប៉ុណ្ណោះ។
លោក Chookiat បានព្រមានថា ប្រសិនបើថៃ និងវៀតណាម រួមគ្នាដំឡើងថ្លៃអង្ករ តើនឹងមានអ្វីកើតឡើង ប្រសិនបើប្រទេសផ្សេងទៀតជ្រើសរើសទិញអង្ករពីឥណ្ឌា និង អ្នកនាំចេញអង្ករផ្សេងទៀត ដូចជាកម្ពុជា មីយ៉ាន់ម៉ា និងប៉ាគីស្ថាននោះ៕