ក្រោយបញ្ចប់កិច្ចប្រជុំ APEC នៅឆ្នាំ២០២១ ប្រទេសថៃដែលជាអ្នកបន្តវេនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC នៅឆ្នាំ២០២២ នឹងជ្រើសរើសប្រធានបទទាក់ទងនឹង “ការបើកទូលាយ តភ្ជាប់ តុល្យភាព” សម្រាប់កិច្ចប្រជុំកំពូល APEC នៅឆ្នាំក្រោយនេះ។ លេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការបរទេសប្រទេសថៃ បានឱ្យដឹងថា ប្រធានបទនេះប្រកាន់យកនូវសេដ្ឋកិច្ចបៃតង (BCG) ជាគោលការណ៍ណែនាំដ៏ទូលំទូលាយ។ ពោលការធ្វើជាម្ចាស់ផ្ទះរបស់ប្រទេសថៃ នឹងផ្តោតលើការគូសវាសផែនទីនាពេលអនាគត ក្រោយវិបត្តិកូវីដ១៩ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ដោយនឹងឆ្ពោះទៅមុខ គេចចេញពីវិបត្តិសុខភាព និងវិបត្តិសេដ្ឋកិច្ច ហើយជំរុញកំណើនរយៈពេលវែងដែលមានភាពធន់ រួមបញ្ចូលទាំងតុល្យភាព និងចីរភាព។
សូមជម្រាបថា វិស័យពាណិជ្ជកម្ម និងការវិនិយោគគឺជា គោលដៅស្នូលរបស់ APEC ដូច្នេះការគូសវាសផែនទីប្រកបដោយនិរន្តរភាពដើម្បីជំរុញការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ច ដែលទាមទារឱ្យមានវិធីសាស្ត្រក្នុងការគិតគូឡើងវិញចំពោះសសរស្តម្ភមួយចំនួន ដើម្បីជាជន្ទល់របស់សេដ្ឋកិច្ច។ ជាក់ស្ដែង ប្រទេសថៃក៏បានស្នើឱ្យចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញ ដើម្បីសម្រេចបាននូវពាណិជ្ជកម្មសេរីនៃអាស៊ីប៉ាស៊ីហ្វិក (FTAAP) បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ត្រូវគ្រប់គ្រងបាន នៅក្នុងពេលខាងមុខនេះ។
កិច្ចពិភាក្សានេះ នឹងដោះស្រាយបញ្ហាដូចជាការធ្វើឱ្យខ្សែចង្វាក់ផ្គត់ផ្គង់មានភាពធន់ជាងមុន និងប្រកបដោយចីរភាពនៃបញ្ហាដែលទាក់ទងនឹងពាណិជ្ជកម្ម ដែលកំពុងកើតមានដូចជាការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចឌីជីថល។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬ ហៅកាត់ថា APEC មានសមាជិកចូលរួមចំនួន ២១ ប្រទេស និងដែនដី ដោយទំហំ GDP របស់សមាជិកទាំង២១នេះ មានដល់ទៅពាក់កណ្ដាលនៃ GDP ពិភពលោក និងមានប្រជាជនសរុបជាង២ពាន់៧រយលាននាក់៕